អភិបាលរងខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅស្រុករុក្ខគិរី


នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំព្រែកជីក និង ឃុំបាសាក់ ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលកំពុងឡើងខ្លាំង ដោយមានការចូលរួមពីលោក អ៊ិន សិវណ្ណ មុនី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរស្រុករុក្ខគិរី ព្រមទាំងមន្ត្រី គ្រប់គ្រងគ្រោះមហន្តរាយខេត្តផងដែរ ។

ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះនៅប៉ែកខាងលើ ធ្វើឱ្យមានទឹកកើនឡើងនៅតំបន់មួយចំនួនក្នុងភូមិសាស្រ្តស្រុករុក្ខគិរី និង ស្រុកមួយចំនួនផ្សេងទៀត ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងលើ និងនៅតាមបណ្តោយដងស្ទឹងសង្កែ កំពុងប្រឈមនឹងការលិចលង់ បើជំនន់ទឹកភ្លៀងនៅតែបន្ត ។

នៅថ្ងៃដដែលនោះដែរ រដ្ឋបាលខេត្តបាត់ដំបង ក៏បានជូនដំណឹង ដល់បងប្អូនប្រជាពល រដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងលើ និងនៅតាមបណ្តោយដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ដែលអាចធ្វើឱ្យទឹកនៅក្នុងស្ទឹងសង្កែ ស្ទឹងមង្គលបុរី និង ស្ទឹងដូនទ្រី មានការកើនឡើង។ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ៕