សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅក្រុមហ៊ុនអាមេរិក


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បានជួបពិភាក្សាការងារមួយចំនួនពាក់ព័ន្ធការវិនិយោគ និងធ្វើធុរកិច្ចជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តាមរយៈប្រព័ន្ធវីដេអូ។

ជំនួបពិភាក្សានេះភាគីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ត្រូវបានដឹកនាំដោយឯកឧត្តម អាឡិចសាន់ដឺ ហ្វែលម៉េន (Alexzander Feldmen) ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។ កិច្ចពិភាក្សានេះ ក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍ និងគមនាគមន៍ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីវិធានការ និងចំណាត់ការរបស់កម្ពុជាមួយចំនួន ដើម្បីឆ្លើយតបនឹងវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងសភាពការណ៍កូវីដ១៩ប្រកបដោយប្រសិទ្ធភាព។ មកដល់ពេលនេះ កម្ពុជាមិនមានការឆ្លងជាសហគមន៍ ហើយក៏មិនបានឈានដល់ការបិទជាតំបន់ ឬ បិទប្រទេសទាំងមូលនោះទេ។ ជាការពិតជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈមដ៏ស្រួចស្រាល់ មួយចំនួន ជាអាទិ៍ នៅក្នុងវិស័យវាយនភណ្ឌ វិស័យទេសចរណ៍ វិស័យអាកាសចរណ៍ និង វិស័យ សេវាខ្លះទៀត។

សម្តេចតេជោ បានគូសបញ្ជាក់ថា ស្ថិតក្នុងសភាពការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចំនួន៥ជំរួចមកហើយ។ ទាំងវិធានការជួយដល់វិស័យសេដ្ឋកិច្ច និង វិស័យសង្គមកិច្ច សំដៅជួយរក្សាលំនឹងផលិតកម្ម និង អាជីវកម្ម ក៏ដូចជាធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលទទួល រងផលប៉ះពាល់ធ្ងន់ធ្ងរ។

សម្តេចតេជោ បានលើកឡើងថា ធុរកិច្ចអាម៉េរិកមួយចំនួន ដែលមានវត្តមាននៅកម្ពុជា ក៏បានទទួលនូវផលប្រយោជន៍ពីវិធានការទាំងនេះ។ ទន្ទឹមនេះ ទោះបីជាមានបញ្ហាជំងឺកូវីដក៏ដោយ តែសម្តេចមានមោទនភាពចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលនៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ បានកើនឡើងប្រមាណជិត១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ។

សម្តេចតេជោ បានជម្រាបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានថា ទោះបីជាជំងឺរាតត្បាតកូវីដ១៩ បាននិងកំពុងបង្កការលំបាកជាច្រើនដល់កិច្ចដំណើរការនៃជីវិតសង្គម និង សេដ្ឋកិច្ច ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ។

សម្តេចតេជោ បានលើកឡើងថា ដើម្បីទាក់ទាញវិនិយោគិនបន្ថែម ជាពិសេសនៅពេលជំងឺកូវីដ-១៩ មានភាពធូរស្រាលនោះ កម្ពុជាកំពុងរៀបចំកែលម្អច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង មានភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទអេឡិចត្រូនិក បង្គុំ កសិ-ឧស្សាហកម្ម គ្រឿងបន្លាស់, ឧស្សាហកម្មគាំទ្រ និង ឧស្សាហកម្មផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនផងដែរ។ សម្តេចបានបង្ហាញក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងជួយទាក់ទាញអ្នកវិនិយោគរបស់អាមេរិកចូលមកកម្ពុជា។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ ខ្ញុំសង្ឃឹមថា ច្បាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងដើរតួជាកត្តាដ៏សំខាន់មួយជួយធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ សម្រាប់ក្រុមហ៊ុនអាម៉េរិក ដែលកំពុងរកទីតាំងផលិតកម្មថ្មី នៅតំបន់អាស៊ីអាគ្នេយ៍។ បន្ថែមលើនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការ កែទម្រង់មុតស្រួចនានា សំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដែលបណ្ដាវិនិយោគិន និងធុរជន កំពុងជួបប្រទះ ក្នុង គោលបំណងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និងការបង្កើត បរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និង ការវិនិយោគនៅក្នុងប្រទេស។

សម្តេចតេជោ ក៏បានថ្លែងទៅកាន់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានដែរថា ជាទិសដៅទៅមុខ កម្ពុជានឹងដាក់ឱ្យអនុវត្តនូវវិធានការអន្តរាគមន៍សមស្រប និងទាន់ពេល គួបផ្សំនឹងការគិតគូរជាយុទ្ធសាស្ត្រ តាមរយៈការដាក់ចេញនូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបិយវត្ថុ និងវិធានការកែទម្រង់រចនាសម្ព័ន្ធ សំដៅសម្រេចឱ្យបាននូវគោលបំណងជាអាទិភាពចំនួន២ រួមមាន៖ ការរក្សាលំនឹងសេដ្ឋកិច្ច និង សង្គម និងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណឯកឧត្តម អាឡិចសាន់ដឺ ហ្វលម៉េន និង តំណាងក្រុមហ៊ុនទាំងអស់ ដែលបានមកចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃនេះ។ សម្តេចតេជោ បានកត់សម្គាល់ថា ជំនួបពិភាក្សានេះ ជាការបង្ហាញអំពីការយកចិត្តទុកដាក់ពីសំណាក់ក្រុមហ៊ុនអាម៉េរិក មកលើកម្ពុជា ក៏ដូចជាបង្ហាញអំពីឆន្ទៈ នៃការចូលរួមចំណែកក្នុងការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាទាំងមូល។

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យឯកឧត្តម អាឡិចសាន់ដឺ ហ្វលម៉េន និងតំណាងក្រុមហ៊ុនទាំងអស់ មេត្តាផ្សព្វផ្សាយបន្តអំពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងសូមជួយទាក់ទាញវិនិយោគិនអាម៉េរិក មកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជា និងចិន ទើបនឹងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាកាលពីពេលថ្មីៗនេះ ហើយរំពឹងថា នឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗខាងមុខរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ មន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា ធ្លាប់បានឱ្យដឹងថា ផលិតផលជាកសិផលរបស់កម្ពុជាជាច្រើនមុខ នឹងត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសចិនដោយមិនជាប់ពន្ធតាមរយៈកិច្ចព្រមព្រៀងនេះ។

កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា ធ្វើឱ្យផលិតផលកម្ពុជាកាន់តែច្រើននឹងមានវត្តមានលើទីផ្សាររបស់ចិន ហើយក៏ជួយទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជាផងដែរ៕