ក្រោមគំនិតផ្ដួចផ្ដើមដោយផ្ទាល់ពីសំណាក់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ បានសម្រេចឲ្យបង្កើតគណៈកម្មការរៀបចំ និងសាងសង់ដំបូលរួមជូនអាជីវករផ្សារសំរោងយ៉ោង ដែលបានរងគ្រោះអគ្គីភ័យ កាលពីពេលថ្មីៗនេះ។ នាព្រឹកថ្ងៃចន្ទ ៤ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកបាទី ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ និងសាងសង់ដំបូលរួមជូនអាជីវករផ្សារសំរោងយ៉ោង ដើម្បីធ្វើការពន្លឿនការសិក្សាគំរោង និងសាងសង់ដំបូលផ្សារ ប្រកបដោយគុណភាព សំណង់រឹងមាំ ដើម្បីឲ្យក្រុមអាជីវករឆាប់បានចូលលក់ដូរឡើងវិញ។
នៅកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមដោយ លោក លី សាវេត អភិបាលរងខេត្ត លោក ឈួ សុធា អផិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក នួន សុធា ប្រធានមន្ទីររៀបចំរៀបចំដែន នគររូបនីយកម្ម និងសំណង់ខេត្ត លោក ភួន ឈីម អភិបាលស្រុកបាទី ព្រមទាំង លោក លោកស្រី អាជ្ញាធរពាក់ជាច្រើនរូបផងដែរ ។
គួររម្លឹកដែរថា កាលពីវេលាម៉ោង ១៩នឹង១០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ មានករណីឆេះផ្សារសំរោងយ៉ោង ដែលបានធ្វើឲ្យខូចខាតតូបរបស់អាជីវករចំនួន ២៤៣តូប តូបឆេះអស់ ១៩៩តូប និងមានម្ចាស់តូបចំនួន ១៥៧ គ្រួសារ៕