នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បាននឹងកំពុងដឹកនាំកម្លាំងចម្រុះ ចុះអន្តរាគមន៍ជួយសង្គ្រោះ និងនាំយកស្បៀងចែកជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ខណៈដែលពេលនេះទឹកកំពុងដាក់សម្ពាធមកលើក្រុងពោធិ៍សាត់ ក៏ប៉ុន្តែស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ បានស្រកចុះជាបន្តបន្ទាប់ហើយ។
បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹង នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ ៥.៤៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ៤.៧២ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ១.៧២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ)។ ចំពោះស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅស្ទឹងក្រវាញ ចាប់ផ្តើមស្រក ១.៤ម៉ែត្រ ដោយឡែកស្ទឹងក្រុងពោធិ៍សាត់ នៅនឹងដដែល គឺ៥.៤៥ម៉ែត្រ។ លោកប្រធានមន្ទីរបន្តថា ប្រសិនបើផ្នែកខាងលើ នៃស្រុកវាលវែង និងភ្នំក្រវាញ មិនមានភ្លៀងធ្លាក់ទៀតទេ កម្ពស់ទឹកស្ទឹងក្នុងក្រុងពោធិ៍សាត់ នឹងបន្តស្រកចុះជាបន្តបន្ទាប់។ បច្ចុប្បន្នជំនន់ទឹកភ្លៀង បាននឹងកំពុងដាក់សម្ពាធមកលើក្រុងពោធិ៍សាត់ និងផ្នែកខ្លះនៅស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកកើនឡើងក្នុងកម្រិតប្រកាសអាសន្ន ក្រោយពីទទួលឥទ្ធិពលព្យុះថ្មីមួយទៀត ដែលមានឈ្មោះ នូល (NOUL) បង្កឱ្យមានជំនន់ទឹកភ្លៀង ធ្លាក់ជាបន្តបន្ទាប់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។
ក្នុងសេចក្តីជូនដំណឹងនោះ បានឱ្យដឹងទៀតថា ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹង ដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ សូមអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ៕