សម្តេចតេជោ ហ៊ុន សែន៖ ការប្រកួតប្រជែងរបស់មហាអំណាច ក្លាយជាឧបសគ្គដល់ការអភិវឌ្ឍប្រទេសកំពុងអភិវឌ្ឍន៍


(ភ្នំពេញ)៖ ក្នុងវេទិកាកិច្ចប្រជុំជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវក្តីបារម្ភរបស់ខ្លួនលើបញ្ហាប្រឈមមួយចំនួនរបស់ពិភពលោកនាពេលបច្ចុប្បន្ន។ ជាពិសេសការប្រកាន់នូវនយោបាយគាំពារនិយម និងជាតិនិយមជ្រុលរបស់ប្រទេសមហាអំណាចមួយចំនួន។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ការប្រកួតប្រជែងឥទ្ធិពលរបស់ប្រទេសមហាអំណាច ក៏បានខ្លាចទៅជាការរាំងស្ទះរបស់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាផងដែរ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។ កិច្ចប្រជុំជាន់ខ្ពស់នេះ ត្រូវបានធ្វើឡើងក្រោមមូលបទ៖ «អនាគតដែលយើងទាំងអស់គ្នាចង់បាន, សហប្រជាជាតិដែលយើងត្រូវការ៖ ធានាឡើងវិញកិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម»។

ក្នុងសុន្ទរកថាគន្លឹះថ្លែងទៅកាន់វេទិកាដ៏មានសារៈសំខាន់របស់អង្គការសហប្រជាជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីបុព្វកថានៃរដ្ឋធម្មនុញ្ញរបស់អង្កការសហប្រជាជាតិតាក់តែងឡើងក្រោយសង្គ្រាមលោកលើកទី២ ដែលផ្តោតលើការប្រើប្រាស់នូវ «យន្តការអន្តរជាតិសម្រាប់ការលើកស្ទួយសេដ្ឋកិច្ច និង ការរីកចម្រើនក្នុងសង្គមសម្រាប់ប្រជាជនគ្រប់រូប»។ យន្តការនេះ គឺជាមធ្យោបាយជាសារវន្តក្នុងការធានាសុខសន្តិភាព, ការលើកកម្ពស់សិទ្ធិមនុស្ស និងធានានូវវឌ្ឍនភាពសង្គម។

សម្រាប់សម្តេចតេជោ ហ៊ុន សែន យន្តការ និងទស្សនវិស័យរបស់អង្គការសហប្រជាជាតិនេះ កំពុងរងការបំផ្លិចបំផ្លាញ និងតម្រូវឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់។ ជាក់សែ្តងយន្តការពហុភាគីនិយម កំពុងទទួលរងការវាយប្រហារយ៉ាងដំណំ ដោយសារទង្វើជាតិនិយមជ្រុល និងគាំពារនិយមរបស់ប្រទេសមហាអំណាចខ្លះលើសកលលោក។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា ការប្រកួតប្រជែងរវាងមហាអំណាច បានបង្កជាការរាំងខ្ទប់ដល់សិទ្ធិស្វ័យសម្រេចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការជ្រើសរើសយកឯករាជ្យ និង អធិបតេយ្យ ជាមាគ៌ាសម្រាប់ការអភិវឌ្ឍ ក៏ដូចជាក្នុងការជ្រើសរើសដៃគូមិត្តភាព ដើម្បីសន្តិភាព និងការអភិវឌ្ឍ។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ ខ្ញុំគិតថា នេះ គឺជាឧបសគ្គពិតប្រាកដដ៏ចម្បងមួយរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការធ្វើឲ្យសម្រេចបាននូវគោលដៅរបៀបវារៈឆ្នាំ២០៣០ បនែ្ថមពីលើបញ្ហាប្រឈមបន្ទាន់ទាំងឡាយ ដែលបង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់នៃជំងឺនេះ មកលើសង្គម និង សេដ្ឋកិច្ច។

ក្នុងសុន្ទរកថាគន្លឹះនេះ សម្តេចតេជោ ហ៊ុន សែន បានទាញចំណាប់អារម្មណ៍ផងដែរ លើរបៀបវារៈនៃការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលជារឿយត្រូវបានប្រទេសអភិវឌ្ឍន៍យកមកធ្វើជាមុខព្រួញដាក់ទណ្ឌកម្មលើប្រទេសកំពុងអភិវឌ្ឍន៍។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ ជារឿយៗ ប្រទេសកំពុងអភិវឌ្ឍន៍តែងត្រូវបានបែ្រក្លាយជាមុខព្រួញនៃការដាក់ទណ្ឌកម្ម ចំពោះកិច្ចដំណើរការប្រឹងប្រែងកសាងជាតិរបស់ខ្លួន ដែលមិនបានល្អឥតខ្ចោះស្របតាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ ខណៈសមត្ថភាពប្រទេសទន់ខ្សោយទាំងនោះនៅមានការខ្វះខាត ក្នុងកិច្ចការពារសិទ្ធិមនុស្សជាមូលដ្ឋាន ដូចជាសិទ្ធិទទួលបានសន្តិភាព, សិទ្ធិរស់រានមានជីវិត, សិទ្ធិទទួលបានអាហារ, ទីជម្រក និងការងារ ជាដើម។

បើតាមសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ហានេះគឺជាមូលហេតុមួយដែលចូលរួមចំណែកក្នុងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កិច្ចប្រឹងប្រែងស្តារ និងអភិវឌ្ឍជាតិរបស់ប្រទេសក្រីក្រ។ ជាពិសេសពិសេសតាមរយៈការធ្វើនយោបាយូបនីយកម្មលើបញ្ហាសិទ្ធិមនុស្ស បម្រើឲ្យរបៀបវារៈភូមិសាស្ត្រនយោបាយរបស់ប្រទេសអភិវឌ្ឍន៍មួយចំនួន។

ក្នុងសុន្ទរកថានេះ សម្តេចតេជោ បានបង្ហាញការជឿជាក់ថា បណ្ដារដ្ឋជាសមាជិកត្រូវអនុវត្តទៅតាមបទប្បញ្ញត្តិដែលមានចែងក្នុងសេចក្ដីប្រកាសស្ដីពីការរំឮកខួបទី៧៥ នៃអង្គការសហប្រជាជាតិ ដែលបានអនុម័តក្នុងកិច្ចប្រជុំនេះ។ បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី ជោគជ័យក្នុងការអនុវត្តគោលដៅប្រកបដោយមហិច្ឆតា ដែលរដ្ឋសមាជិកទាំងអស់បានកំណត់យក នឹងត្រួសត្រាយផ្លូវសម្រាប់មនុស្សជំនាន់ក្រោយឱ្យអាចរស់នៅបាន ក្នុងវិបុលភាព និង ក្នុងសង្គមមួយដែលប្រកបដោយបរិយាប័ន្ន និងភាពសុខដុមរមនា។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា កម្ពុជាទទួលស្គាល់តួនាទីស្នូលនៃប្រព័ន្ធពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមសកលដ៏ស្មុគស្មាញដែលកំពុងជួបប្រទះនាបច្ចុប្បន្ននេះ ដូចដែលសេចក្ដីប្រកាសបានចែងយ៉ាងច្បាស់ថា បញ្ហាប្រឈមរបស់យើងមានភាពប្រទាក់ក្រឡាគ្នា និង អាចដោះស្រាយបានតែតាមរយៈប្រព័ន្ធពហុភាគីនិយម ដែលត្រូវតែបានធ្វើឲ្យប្រសើរឡើងវិញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់បន្ថែមថា តាមរយៈការគោរពធម្មនុញ្ញអង្គការសហប្រជាតិ, តម្លាភាព, សាមគ្គីភាព, កិច្ចសហប្រតិបត្តិការ និងការចូលរួមជាមួយគ្នាជាធ្លុងមួយ, សហគមន៍អន្តរជាតិពិតជានឹងអាចសម្រេចបាននូវអនាគតមួយដែលយើងទាំងអស់គ្នាចង់បាន និង អង្គការសហប្រជាជាតិមួយដែលយើងត្រូវការ៕