ពោធិ៍សាត់ ៖ នៅថ្ងៃ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍ សាត់ បាននាំយកអំណោយ និងចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៨០គ្រួសារ ស្ថិតនៅលើកោះ ក្នុងភូមិដូនអី សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ដឹកនាំដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយលោក លោកស្រីមន្ត្រីរាជការខេត្ត ជាច្រើននាក់ផងដែរ។
ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា គ្រឿងឧបភោគបរិភោគ ដែលយកមកផ្តល់ជូននាពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ពិសេសមនុស្សចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ និងគ្រួសាររងគ្រោះដោយទឹកជំនន់ ឬជំនន់ទឹកភ្លៀងគ្រប់ពេលវេលា ។ ទោះបីជាអំណោយទាំងនេះមានតិចតួចក្តី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកបានមួយកម្រិត ក្នុងកាលៈទេសៈប្រទេសជាតិកំពុងទទួលរងគ្រោះដោយជំងឺរាលត្បាតកូវីដ-១៩ (Covid-19) នោះផង។
ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សាសុខភាព ការពារខ្លួនការពារជីវិតពីជំងឺកូវីដ-១៩ ត្រូវរក្សាអនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងរក្សាគម្លាតសុវត្ថិភាព តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល អំពីវិធានការការពារជីវិតពីជំងឺដ៏កាចសាហាវមួយនេះ និងមានការប្រុងប្រយ័ត្ន ចំពោះមនុស្សចាស់ និងកុមារតូច កុំឱ្យលេងទឹកនិងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារអមដំណើរ បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ចែកជូនជនចាស់ជរា គ្រួសារក្រីក្រ និងគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងទាំង៨០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម ៕