ADB ដំឡើងតួលេខនៃការព្យាករសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២០ ដោយសារវិស័យកសិកម្ម និងកំណើននាំចេញផលិតផលមិនមែនសម្លៀកបំពាក់


(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានដំឡើងតួលេខនៃការព្យាករសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២០ ដោយផ្អែកលើភាពប្រសើរជាងមុននៃផលិតកម្មវិស័យកសិកម្ម និងការកើនឡើងនៃការនាំចេញផលិតផលមិនមែនសំលៀកបំពាក់ ដូចជា កង់ និង គ្រឿងអេឡិចត្រូនិច។

សន្និសីទសារព័ត៌មានស្តីពី បច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook Update) សម្រាប់ឆ្នាំ២០២០ ដែលរៀបចំឡើងនៅទីស្នាក់ការរបស់ ADB ប្រចាំកម្ពុជា ធនាគារនេះបានព្យាកពីការធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាក្នុងឆ្នាំ ២០២០ ក្នុងរង្វង់ -៤.០% បើធៀបទៅនឹង -៥.៥% នៃការព្យាករកាលពីខែមិថុនាកន្លងទៅ។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា «ជំងឺរាតត្បាតបណ្ដាលពីវីរុសកូរ៉ូណា ជាបញ្ហាប្រឈមពិភពលោក ដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែជាសំណាងល្អ ប្រទេសកម្ពុជាមិនបានមានវិបត្តិផ្នែកសុខាភិបាលនោះទេ។ យើងរំពឹងថាកំណើនសេដ្ឋកិច្ចនឹងស្ទុះងើបឡើងវិញដល់ ៥.៩% នៅក្នុងឆ្នាំ ២០២១ ដោយសារកម្លាំងជំរុញ នៃគោលនយោបាយគាំទ្រ របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ជនក្រីក្រ និងការគាំទ្រផ្នែកហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម»

លោកស្រីបន្តថា វិធានការណ៍ទាំងនេះ រួមជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធ ដែលចាំបាច់ នឹងកាត់បន្ថយផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នៃកូវីដ១៩ ទៅលើគ្រួសារ និងអាជីវកម្មនានា ហើយនឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជា ងើបឡើងខ្លាំងជាងមុនក្រោមកូវីដ១៩។ ការធ្លាក់ចុះយ៉ាងខ្លាំង នៃការបញ្ជាទិញពីអឺរ៉ុប និងអាម៉េរិកខាងជើង បាននាំដល់ការបិទទ្វារនៃ រោងចក្រសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង (GTF) ប្រហែល ១ភាគ៣ ក្នុងឆមាសទី១ នៃឆ្នាំ ២០២០ ។ ប៉ុន្តែកំណើននៃការផលិតកង់ និងគ្រឿងអេឡិចត្រូនិច បានជំរុញឱ្យការនាំចេញ ផលិតផលក្រៅពីទំនិញកាត់ដេររបស់កម្ពុជាកើនឡើង ៣០.៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទីមួយនៃឆ្នាំ ២០២០។

លោកស្រីបន្តថា កំណើនសរុបនៃផលិតផលឧស្សាហកម្ម ត្រូវបានព្យាករថានឹងកើន ៥.១% ក្នុងឆ្នាំ ២០២០ ប្រសិនបើការនាំចេញនៃសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងបន្តងើបឡើង។ កូវីដ១៩ ជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍នៅកម្ពុជា។ វាត្រូវបានរំពឹងថា នឹងមាន ការបើកដំណើរការជាបណ្ដើរៗឡើងវិញ នៅឆមាសទី២ នៃឆ្នាំ ២០២០ ប៉ុន្តែវិស័យសេវាកម្មត្រូវបាន ព្យាករថានឹងធ្លាក់ចុះ ១៥.១% ក្នុងឆ្នាំ ២០២០ ។ ការមកដល់នៃទេសចរអន្តរជាតិ បានធ្លាក់ចុះ ៩៨.១% ឆ្នាំលើឆ្នាំ នៅក្នុងត្រីមាសទី ២ ដែលបានបង្ខំឱ្យអាជីវកម្មជាង ៣០០០ ត្រូវបិទទ្វារ ហើយកម្មករប្រមាណ ៤៥០០០ នាក់បាត់បង់ការងារ។ ហានិភ័យនៅតែមាន ដូចជាការបន្តធ្លាក់ចុះ នៃឧស្សាហកម្មកាត់ដេរ និងសំណង់ និងការថយចុះ នៃកសិផល ដោយសារមានភ្លៀងធ្លាក់តិច ក្នុងខែមិថុនានិងខែកក្កដា។ តម្រូវការអ្នកប្រើប្រាស់ ក៏អាចបន្ត ធ្លាក់ចុះដោយសារជំងឺរាតត្បាតនេះ។

ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងគាំទ្រដល់ការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅនឹងជំងឺរាតត្បាតនេះ និងបានផ្តល់ហិរញ្ញប្បទានសម្បទានចំនួន២៥០ លានដុល្លារ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ពង្រីកការគាំពារសង្គម និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។

ក្រោមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសសម្រាប់ឆ្នាំ ២០១៩-២០២៣ ធនាគារអភិវឌ្ឍន៍ អាស៊ីនឹងផ្តល់ជាប្រាក់កម្ចី ជំនួយឥតសំណង និងជំនួយបច្ចេកទេសចំនួន ១.៤៥ ពាន់លានដុល្លារ ដល់ប្រទេសកម្ពុជា ដើម្បីគាំទ្រការគ្រប់គ្រងវិស័យកសិកម្ម និងធនធានធម្មជាតិ ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរស់នៅទីក្រុង និងជនបទ គាំទ្រហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ ព្រមទាំងលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍជំនាញ។ គំនិតផ្តួចផ្តើមទាំងនេះមានគោលបំណង ពង្រីកវិសាលភាពនៃការទទួលបានសេវាសាធារណៈ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់គុណភាពសេវាកម្ម ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគក្នុងប្រទេស៕