អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខអាជីវករផ្សារប៉ាហ៊ី (ផ្សារក្រោម) និងដោះស្រាយបញ្ហាប្រឈមមួយចំនួន


នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមដំណើរដោយ ឯកឧត្តម ចេង ញ៉ាន់, ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត, ឯកឧត្តម ស៊ុន យី អភិបាលក្រុងប៉ៃលិន និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ចើញចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវសំណូមពរនានា របស់អាជីវករដែលលក់ដូរនៅក្នុង ផ្សារប៉ាហ៊ី (ផ្សារក្រោម) ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោយពីស្ថានភាពជម្ងឺកូវីដ-១៩ នៅកម្ពុជា ហាក់មានភាពធូរស្រាលឡើងវិញ។

ក្នុងដំណើរចុះសួរសុខទុក្ខនេះ ឯកឧត្តម ផាន់ ចាន់ធុល បានពិនិត្យឃើញថា កំណើនអ្នកលក់ដូរ និងអាជីវករ មានចំនួនកាន់តែច្រើនឡើង រីឯកន្លែងលក់ដូរមានសភាពមិនទាន់សមរម្យនៅឡើយ ចំណែកស្ថានភាពផ្លូវក្នុងផ្សារ គឺតូចចង្អៀតធ្វើឲ្យកកស្ទះចរាចរណ៍រាល់ថ្ងៃ និងមានទឹកដក់ជាប្រចាំ ជាពិសេសពេលមាន ភ្លៀង ធ្លាក់ម្តងៗ ដោយសារគ្មានប្រព័ន្ធលូសម្រាប់រំដោះទឹកចេញ ហើយនេះគឺជាកង្វល់ និងសំណូមពររបស់ បងប្អូន អាជីវករ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា អាជ្ញាធរមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងកង្វល់របស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារ និងនៅទីជនបទ ក្នុងគោលបំណងសម្រួលដល់ការប្រកបរបបរទទួលទាន របស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង សម្តៅរួមចំណែកអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះឯកឧត្តម ផាន់ ចាន់ធុល បានសំណូមពរដល់បងប្អូន អាជីវករក្នុងផ្សារទាំងអស់ ចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណ្ឌភាពសាធារណៈ ដោយត្រូវដាក់ទំនិញលក់ដូរឱ្យ មានសណ្តាប់ធ្នាប់ ជាសវាងការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យកកស្ទះចរាចរណ៍ ជាពិសេសម្ចាស់ភាស៊ីផ្សារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អ។

សូមបញ្ជាក់ថា៖ ការចុះសួរសុខទុក្ខនាឱកាសនោះ លោក ផាន ចាន់ធុល អភិបាលខេត្តប៉ៃលិន បានទទួលយកនូវសំណូមពរ និងកង្វល់របស់អាជីវករ ចំពោះបញ្ហាផ្លូវក្នុងផ្សារ និងប្រព័ន្ធលូរំដោះទឹក ដោយ ឯកឧត្តម នឹងចាត់ឱ្យក្រុមការងារ និងមន្ត្រីជំនាញចុះមកសិក្សា ដើម្បីធ្វើការដោះស្រាយបញ្ហាទាំងនេះ ឱ្យបាន ឆាប់រហ័ស តាមដែលអាចធ្វើទៅបាន៕