ឯកឧត្តម អ៉ឹម ឈុនលឹម៖ ការយល់ខុសគ្នាលើបញ្ហា និងដំណោះស្រាយ នាំឱ្យស្រពិចស្រពិលចំពោះការអនុវត្តរដ្ឋធម្មនុញ្ញនៅកម្ពុជា


ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំសន្និសីទអបអរសាទរទិវារំលឹកខួប ២៧ឆ្នាំនៃការប្រកាសឱ្យប្រើប្រាស់ឡើងវិញនៃរដ្ឋធម្មនុញ្ញកម្ពុជា (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ឆ្នាំ២០២០)។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សន្និសីទនេះរៀបចំឡើងដើម្បីបូកសរុបវាយតម្លៃការអនុវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេល ២៧ឆ្នាំកន្លងមកនេះ ដែលផ្តោតសំខាន់ទៅលើគុណតម្លៃទំនើប និងគុណតម្លៃខ្មែរ ដូចមានចារឹកនៅក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងក្នុងគោលបំណងប្រមូលផ្តុំបញ្ញាញាណរបស់នីតិបញ្ញវន្តខ្មែរ ដើម្បីរួមគ្នាក្នុងនាមជាម្ចាស់ជោគវាសនារបស់ប្រទេសជាតិខ្លួនធ្វើការវិភាគវាយតម្លៃជាលក្ខណៈវិទ្យាសាស្ត្រ និងជាលក្ខណៈសិក្សាស្រាវជ្រាវ ដែលនីតិបញ្ញវន្តទាំងនោះភាគច្រើនសុទ្ធតែបានទទួលសញ្ញាប័ត្រជាន់ខ្ពស់ និងមាននិក្ខេបបទបណ្ឌិតពីសកលវិទ្យាល័យធំៗនៅកម្ពុជា និងពីបណ្តាប្រទេសនានា រួមមានពីបារាំង អាល្លឺម៉ង់ រុស្ស៉ី សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សិង្ហបុរី និងសុទ្ធតែបានចូលរួមប្រឡូកក្នុងកិច្ចការបម្រើរដ្ឋ ឬកិច្ចការក្នុងវិជ្ជាជីវៈជំនាញ និងបានស្គាល់នូវការលំបាក និងការងាយស្រួលនៃដំណើរជាតិ។

ថ្លែងក្នុងឱកាសបើកសន្និសីទនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានលើកឡើងថា ចាប់តាំងពីថ្ងៃប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញថ្ងៃទី២៤ កញ្ញា ១៩៩៣ រហូតមកទល់ថ្ងៃទី២៤ កញ្ញា ២០២០ ស្អែកនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានអាយុគ្រប់ ២៧ឆ្នាំគត់។ រដ្ឋធម្មនុញ្ញនេះ គឺជាសមិទ្ធផលកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរសម្តែងឡើងតាមរយៈការបោះឆ្នោតជាសាកលកាលពីឆ្នាំ១៩៩៣ ហើយរដ្ឋធម្មនុញ្ញនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃស្ថិរភាពរបបនយោបាយ ក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌ ស្ថាប័ន នៅលើខឿនប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មកដល់បច្ចុប្បន្ននេះមានសុខសន្តិភាពពេញលេញ ជារដ្ឋមានស្ថិរភាព ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ គឺជារដ្ឋធម្មនុញ្ញទី៦ ចាប់តាំងពីប្រទេសកម្ពុជា បានទទួលយកប្រព័ន្ធដឹកនាំរដ្ឋបែបទំនើបតាមបែបបស្ចិមលោក ដោយបានប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញទំនើបលើកដំបូងក្នុងឆ្នាំ១៩៤៧ ដែលមានគុណតម្លៃគ្រឹះនៃធម្មនុញ្ញនិយម រួមមាន (១) ប្រជាធិបតេយ្យ (២) សិទ្ធិមនុស្ស (៣) ការបែងចែកអំណាច និង (៤) នីតិរដ្ឋ ត្រូវបានយកមកផ្សាំជាមួយសង្គមខ្មែរចាប់តាំងពីពេលនោះមក។ ប៉ុន្តែការអនុវត្តគុណតម្លៃទាំងនោះ ពុំមានស្ថិរភាពជាប់បានយូរអង្វែងទេ អាស្រ័យដោយប្រទេសកម្ពុជាពើបប្រទះនឹងវិបត្តិនៃការដូររបបនយោបាយជាច្រើនលើកច្រើនគ្រា។

ក្រោយការដួលរលំទៅនៃគ្រឹះធម្មនុញ្ញនិយមទំនើបឆ្នាំ១៩៤៧ ដោយរដ្ឋប្រហារឆ្នាំ១៩៧០ កម្ពុជា បានឆ្លងកាត់បទពិសោធន៍នៃការអនុវត្តរដ្ឋធម្មនុញ្ញដែលកំណត់របបនយោបាយខុសៗគ្នា។ ប៉ុន្តែពុំបានធ្វើឲ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនោះទេ ពិសេសនៅទសវត្សរ៍ឆ្នាំ១៩៧០ បាននាំកម្ពុជាឱ្យធ្លាក់ខ្លួនដ៏សែនរន្ធត់ ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយទ្រុឌទ្រោម ឱនថយ ដូចមានការចារឹកខ្លឹមសារក្នុងបុព្វកថានៃរដ្នធម្មនុញ្ញឆ្នាំ១៩៩៣។ រហូតមកដល់ការសម្រេចបានកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទើបប្រទេសកម្ពុជាកសាងបានរដ្ឋធម្មនុញ្ញមួយដោយផ្អែកលើគោលការណ៍ធំៗជាមូលដ្ឋាន ដែលមានចែងក្នុងឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

គោលការណ៍ដែលមានចែងក្នុងឧបសម្ព័ន្ធទី៥ ជាគោលការណ៍សារវន្តមានលក្ខណៈទំនើបជាគុណតម្លៃស្នូល។ ក្រៅពីគោលការណ៍ជាសារវន្តទាំងនោះ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ក៏បានចារឹកនូវគុណតម្លៃរបស់សង្គមខ្មែរ ដែលមានជាប់ពាក់ព័ន្ធនឹងកត្តាប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា របស់ខ្មែរផងដែរ។ ដូច្នេះឃើញថារដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជារដ្ឋធម្មនុញ្ញពហុនិយមដែលមានសារធាតុល្បាយ រវាងគុណតម្លៃទំនើប និងគុណតម្លៃប្រពៃណីរបស់សង្គមខ្មែរផ្ទាល់ ដែលពុំអាចកាត់ផ្តាច់បានពីកត្តាប្រវត្តិសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ ក្នុងអតីតកាលដ៏យូរលង់របស់កម្ពុជាបានឡើយ។

ការដាក់បញ្ចូលគ្នានូវគុណតម្លៃនិងទស្សនទានធម្មនុញ្ញបែបទំនើប និងគុណតម្លៃខ្មែរនិយម ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បង្កើតឡើងនូវពហុសណ្ឋានជាទស្សនៈពហុនិយមបែបនេះ ក្នុងការអនុវត្តរមែងជួបប្រទះនូវការរអាក់រអួល និងបញ្ហាប្រឈម ជាក់ស្តែងមួយចំនួនជាពុំខាន ឧទារហណ៍ ដូចជាការកើតឡើងនូវវិបត្តិនយោបាយ ក្រោយការបោះឆ្នោតជាច្រើនលើកច្រើនសាដែលស្តែងឡើងឱ្យឃើញទាំងចំណោទ បញ្ហា ចំណោទច្បាប់ ទាំងដំណោះស្រាយសមស្រប និងចាំបាច់នានា ដើម្បីធានាដល់តម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរី និងគោលការណ៍នៃការបោះឆ្នោតពហុបក្ស ក្នុងដំណើរអនុវត្តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល២៧ឆ្នាំកន្លងមកនេះ ជារយៈពេលមួយវែងជាងរយៈពេលអនុវត្តរដ្ឋធម្មនុញ្ញមុនៗគ្រប់ជំនាន់។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានគូសបញ្ជាក់ថា ចំពោះការអនុវត្តគុណតម្លៃធម្មនុញ្ញនិយមនៅកម្ពុជានាពេលកន្លងមក មានការយល់ខុសគ្នាក្នុងចំណោមតួអង្គពាក់ព័ន្ធខ្លះ រវាងទ្រឹស្តី វិទូ និងប្រតិបត្តិករនៅលើទីលានសង្គមកម្ពុជាជាក់ស្តែងរវាងអ្នកនៅក្នុងមជ្ឈដ្ឋានជាតិ និងអ្នកនៅក្នុងមជ្ឈដ្ឋានអន្តរជាតិ ទាក់ទងអំពីដំណើរអនុវត្តប្រជាធិបតេយ្យសេរី ពហុបក្ស អំពីការលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋាន អំពីទិដ្ឋភាពនៃដំណើរប្រព្រឹត្តទៅនៃអំណាចរដ្ឋទាំងបី អំពីការអនុវត្តនីតិរដ្ឋ និងបញ្ហាមួយចំនួនទៀត ដូចជាបញ្ហាជាប់ទាក់ទងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការបកស្រាយច្បាប់។ អាស្រ័យដោយមានការយល់ផ្សេងៗពីគ្នាចំពោះបញ្ហា និងដំណោះស្រាយបញ្ហាដូចនេះ ទើបញ៉ាំងឲ្យមានការយល់ស្រពិចស្រពិលចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេល ២៧ឆ្នាំមកនេះនៃការអនុវត្តរដ្ឋធម្មនុញ្ញនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានលើកឡើងថា គេពុំគួរមើលរំលង ឬបដិសេធតថភាពនោះទេ ប៉ុន្តែគេគួរតែលើកយកបញ្ហាទាំងនេះមកពិនិត្យពិភាក្សា និងដោះស្រាយរួមគ្នាដោយឈរលើស្មារតីយុត្តិធម៌ សច្ចធម៌ និងស្មារតីវិជ្ជមានដូចគ្នា គឺបំណងចង់ធ្វើឱ្យសម្រេចនូវគោលដៅធ្វើឱ្យក្លាយទៅជាការពិតជាក់ស្តែងនូវគុណតម្លៃធម្មនុញ្ញនិយម ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែទោះក្នុងស្មារតីនេះក្តី ក៏គេគួរចងចាំថា ដើម្បីទៅដល់គោលដៅនោះ បើប្រៀបធៀបនឹងចម្ងាយផ្លូវ ឬរយៈពេលដើម្បីទៅដល់គោលដៅនោះប្រហែលជាពុំមែនចម្ងាយផ្លូវជិតពេកទេ ពិសេសចំពោះ ស្ថានភាពនៃប្រទេសកម្ពុជាដែលបានឆ្លងកាត់នូវការវិនាសអន្តរាយដ៏ធ្ងន់ធ្ងរបំផុត ស្ទើរតែបាត់បង់នូវអត្តសញ្ញាណ និងអរិយធម៌ជាតិរបស់ខ្លួនថែមទៀតផង។ ម្យ៉ាងទៀតដោយវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ឥរិយាបថសង្គម និងឥរិយាបថនយោបាយរបស់មនុស្សខ្មែរ ដែលជាវប្បធម៌ ជាទស្សនទានមានលក្ខណៈដោយឡែកពីវប្បធម៌នយោបាយរាប់សហស្សវត្សរ៍រៀងមករបស់លោកខាងលិច។

ឯកឧត្តម អ៉ឹម ឈុនលឹម បានលើកឡើងទៀតថា ការបន្សាំគុណតម្លៃធម្មនុញ្ញនិយមទំនើបមកក្នុងសង្គមខ្មែរ ពិតជាត្រូវការពេលវេលាសមស្របមួយដើម្បីបង្កលក្ខណៈឱ្យគ្រប់តួអង្គនៅក្នុងសង្គមមានលក្ខណៈសម្បត្តិ និង សមត្ថភាពយល់ដឹងដោយត្រឹមត្រូវនូវគុណតម្លៃទំនើប និងស្គាល់តថភាពរបស់សង្គមខ្លួនឯង ស្គាល់អ្វីជាឧត្តមប្រយោជន៍ អ្វីជាគ្រោះថ្នាក់ចំពោះប្រទេសជាតិ ស្គាល់បន្ទាត់ដែលមិនត្រូវរំលងហួស ដើម្បីរួមគ្នាធ្វើការអភិវឌ្ឍដោយសុខដុមរមនានូវគុណតម្លៃធម្មនុញ្ញនិយមទំនើបឱ្យចាក់ឫសរឹងមាំក្នុងសង្គមកម្ពុជា ទន្ទឹមនឹងចេះសម្របខ្លួនជាមួយបរិបទខ្មែរ និងថែរក្សាការពារឱ្យបានវប្បធម៌ ប្រពៃណីល្អរបស់ជាតិ។

ឯកឧត្តម អ៉ឹម ឈុនលឹម បានគូសបញ្ជាក់ថា ការវាយតម្លៃការអនុវត្តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលផ្អែកតែលើលក្ខណៈវិនិច្ឆ័យមួយជ្រុងនៃការអនុវត្តគុណតម្លៃទំនើប នឹងនាំឲ្យមានភាពអយុត្តិធម៌ ចំពោះអ្នកអនុវត្តដែលបានខិតខំសម្រេចសមិទ្ធផលធំៗជាច្រើនរបស់ជាតិ។ រីឯការវាយតម្លៃការអនុវត្តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្អែកតែលើលក្ខណៈវិនិច្ឆ័យមួយជ្រុងនៃការអនុវត្តគុណតម្លៃបែបខ្មែរ ក៏នឹងនាំដល់ចំណោទបញ្ហាគុណភាពនៃការអនុវត្តគុណតម្លៃធម្មនុញ្ញនិយមដែល ក្នុងបរិបទព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងសាកលភាវូបនីយកម្ម ទាំងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ បច្ចេកវិទ្យា នាយុគសម័យដ៏ជឿនលឿននេះ។

«ដើម្បីធ្វើការវាស់វែងដំណើរការអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជាឲ្យមានភាពយុត្តិធម៌ និងសមធម៌សមស្របសម្រាប់សង្គមខ្មែរ ចាំបាច់គេត្រូវគិតគូរថ្លឹងថ្លែងទៅតាមទស្សនទានតាមបែបបស្ចិមប្រទេសផង និងក៏ត្រូវគិតទៅដល់ចរិតលក្ខណៈប្រពៃណីរបស់ខ្មែរផងដែរ នោះទើបអាចមានសុទិដ្ឋិនិយម និងសមានចិត្តទូលំទូលាយក្នុងការវាយតម្លៃការអនុវត្តរដ្ឋធម្មនុញ្ញនៅកម្ពុជា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម។

ឯកឧត្តម អ៉ឹម ឈុនលឹម បានបញ្ជាក់ថា ការពិនិត្យពិភាក្សាក្នុងសន្និសីទនាថ្ងៃនេះ ប្រាកដជានាំឱ្យមើលឃើញនូវជំហាននៃការអភិវឌ្ឍគុណតម្លៃ «ធម្មនុញ្ញនិយមទំនើបបែបខ្មែរ» ដែលកំពុងដំណើរការទៅមុខយ៉ាងទន់ភ្លន់ រស់រវើក និងម៉ឺងម៉ាត់ ដោយសម្របខ្លួនជាបណ្តើរៗទៅនឹងទស្សនទានទំនើបនៃធម្មនុញ្ញនិយម ដោយរក្សាបានជាចាំបាច់នូវសន្តិភាព ស្ថិរភាព ក៏ដូចជារក្សាបាននូវវប្បធម៌ ប្រពៃណីល្អផូរផង់របស់ជាតិ៕