ការឧបត្ថម្ភប្រាក់អ្នកប៉ះពាល់ ព្រោះកូវីដ១៩ជុំទី២បញ្ចប់ក្នុងខែកញ្ញា ខណៈជុំទី៣កំពុងពិចារណា


ការឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រក្នុងកំលុងពេលនៃការរីករាតត្បាតជំងឺកូវីដ១៩រយៈពេល៤ខែ ក្នុងជុំទី១ និងទី២ នឹងត្រូវបិទបញ្ចប់ក្នុងខែកញ្ញា ឆ្នាំ២០២០នេះហើយ ដោយឡែកការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ជុំទី៣ ក្នុងខែបន្ទាប់ស្ថិតក្នុងការពិចារណា និងការវិវឌ្ឍន៍នៃស្ថានភាពជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីខែមិថុនា កន្លងទៅនេះ បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រីកម្រិត១ និងកម្រិត២ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពគ្រាដែលពួកគេបាត់បង់ចំណូលព្រោះតែការរីករាតត្បាតនៃជំងឺកូវីដ១៩។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងក្នុងសន្និសីទព័ត៌មានបង្ហាញលទ្ធផលអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់បានដំណើរការទៅដោយល្អប្រសើរក្រោមការយកចិត្តទុកដាក់របស់មន្ត្រីក្រសួង និងអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ការអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ក្នុងខែទី១ គឺខែសីហា សម្រាប់ជុំទី២ ជិតបញ្ចប់ហើយ ហើយការអនុវត្តន៍សម្រាប់ខែទី២ គឺខែកញ្ញា នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែកញ្ញា។ ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងថា នៅក្នុងខែសីហា មានប្រជាពលរដ្ឋក្រីក្រត្រូវទទួលសាច់ប្រាក់ប្រមាណជា ៦២ម៉ឺនគ្រួសារ ស្មើនឹងប្រមាណ ២លាន ៥សែន ដោយចំណាយថវិកាជាង ២៨លានដុល្លារអាមេរិក។ សម្រាប់ខែកញ្ញា ប្រជាពលរដ្ឋក្រីក្រដែលត្រូវទទួលប្រាក់ឧបត្ថម្ភអាចឡើងដល់រង្វង់ ៧០ម៉ឺនគ្រួសារ ហើយសាច់ប្រាក់ឧបត្ថម្ភអាចកើនដល់ប្រមាណ ៣១លានដុល្លារអាមេរិក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីដាក់ឱ្យដំណើរការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំទ្បុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា រហូតមកដល់ត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាជាង ៧៨លានដុល្លាររួចហើយ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ។

ទន្ទឹមនឹងការបិទបញ្ចប់សម្រាប់ការឧបត្ថម្ភសាច់ប្រាក់ក្នុងជុំទី២ នាខែកញ្ញានេះ គេនៅមិនទាន់ដឹងថា រាជរដ្ឋាភិបាលនឹងបន្តអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះសម្រាប់ជុំទី៣ នាខែតុលា និងវិច្ឆិកា ទៀតឬយ៉ាងណានោះទេ?

ឯកឧត្តម វង សូត បានថ្លែងក្នុងសន្និសីទព័ត៌មានថា សម្រាប់ជុំទី៣នេះ មិនទាន់ច្បាស់នៅឡើយទេ គឺអាស្រ័យលើការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ តែទោះជាយ៉ាងណាលោករដ្ឋមន្ត្រីសង្ឃឹមថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះនឹងនៅតែបន្តដ្បិតអីជំងឺកូវីដ១៩មិនទាន់បញ្ចប់នៅឡើយទេ។

ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ក៏មិនទាន់ហ៊ានអះអាងដែរថា កម្មវិធីនឹងត្រូវអនុវត្តន៍បន្តឬយ៉ាងណា? លោក បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទថា រាជរដ្ឋាភិបាល បាននិងកំពុងតាមដានយកចិត្តទុកដាក់លើស្ថានភាពជំងឺកូវីដ១៩។

បើតាមឯកឧត្តម ចន ណារិទ្ធ ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ នៅតែបន្តរីករាលដាល និងជះឥទ្ធិពលធ្ងន់ធ្ងរលើសង្គមនោះ រាជរដ្ឋាភិបាលអាចនឹងបន្តអនុវត្តន៍កម្មវិធីនេះបន្តទៅទៀតផងដែរ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា រាជរដ្ឋាភិបាលបានត្រៀមថវិការហូតដល់ ១២៥លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ខែ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសដែរថា ដរាបណាជំងឺកូវីដ១៩ នៅតែរាតត្បាត ហើយជះឥទ្ធិពលដល់សង្គម រាជរដ្ឋាភិបាលក៏នៅតែបន្តឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានប្រកាស អនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩។

ការឧបត្ថម្ភនេះមានរយៈពេលពីរខែសម្រាប់ជុំទីមួយនេះ គឺខែមិថុនា និងខែកក្កដា ហើយបានអនុវត្តន៍ជុំទី២ សម្រាប់ខែសីហា និងកញ្ញា។

ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានបណ្ណសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។

ការឧបត្ថម្ភសាច់ប្រាក់នេះ កំណត់ដូចខាងក្រោម៖

*ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ

* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

* «សម្រាប់បណ្ណ ក្រ-២»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

*ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ

* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល)សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។

* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

*ទី៣៖ តំបន់ជនបទ

* «សម្រាប់បណ្ណ ក្រ១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍។

* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍៕