ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ជិត១០០គ្រួសារ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន


នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសាខាបានដឹកនាំសមាជិកកិត្តិយសសាខា, សមាជិកគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៩៦គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១យួ ឃីតចំនួន ២ (ក្រម៉ា១ អាវ៣ មុង១ មី១៥កញ្ចប់ ទឹកស៊ីអ៊ីវ១ដប) និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ។

ឯកឧត្តម ផាន់ ចាន់ធុល បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ប្រធានកិត្តិយសសាខា បានឱ្យដឹងថា ជាក់ស្តែងកន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដែលមានលោកជំទាវរីបណ្ឌិត បាន ស្រីមុំ ជាប្រធានសាខា គឺបានជម្រុញគ្រប់សកម្មភាពការងារ មនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់ នូវគោលការណ៍គ្រឹះទាំង០៧ប្រការ របស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះ ជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយឧបទ្ទេវហេតុផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមានជីវភាពខ្វះខាត គ្រួសារជនពិកា កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសពខ្វះខាត ជាដើម។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីជាសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីត-១៩ ហើយបើមានបញ្ហាសុខភាព សូមប្រញ៉ាប់ប្រញាល់ទៅកាន់ មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលជិតបំផុត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។

សូមរំលឹកថា ដោយសារមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា កាលពីថ្ងៃទី១៩-២១ ខែកញ្ញា ឆ្នាំ២០២០ បណ្តាលឱ្យទឹកស្ទឹងប៉ៃលិន និងតាមអូរនានាក្នុងខេត្ត មានសភាពឡើងខុសប្រក្រតី ហើយបានជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ចំនួន ៩៦គ្រួសារ លិចប៉ះពាល់ផ្ទៃដីចំការ ចំនួន ៨៩ហិកតា ខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងស្លាប់ស្ត្រីម្នាក់ ដែលឆ្លងអូរព្រំដែនពេលជំនន់ទឹកភ្លៀងកំពុងឡើង (រកសពមិនទាន់ឃើញ)៕