ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា


នាព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដមអគ្គបណ្ឌិត- សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលកន្លងមកបានផ្តល់ហិរញ្ញប្បទានឥតសំណងរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ជាពិសេស ក្នុងវិស័យសុខាភិបាល, អប់រំ, កសិកម្ម, បរិស្ថាន និងអភិបាលកិច្ច ។ សហរដ្ឋអាមេរិក ក៏ដូចជាដៃគូអភិវឌ្ឍន៍ដទៃទៀតដែរ បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ជាក់ស្តែង, កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៧,៥ លានដុល្លារអាមេរិក សម្រាប់ស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ។

ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជម្រាបឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Murphy ផងដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តវិធានការអន្តរាគមន៍ សំដៅរក្សាលំនឹងសេដ្ឋកិច្ច និងសង្គម និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ។ ទន្ទឹមនេះ, រាជរដ្ឋាភិបាលកម្ពុជា នឹងប្រែក្លាយបញ្ហាប្រឈមជាមួយវិបត្តិនៃជំងឺកូវីដ-១៩នេះ ឲ្យទៅជាកាលានុវត្តភាពក្នុងការធ្វើកំណែទម្រង់ និងត្រៀមខ្លួនសម្រាប់ការបើកសេដ្ឋកិច្ចឡើងវិញ ។ ដោយឡែក, កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា និងសហរដ្ឋអាមេរិក បានដំណើរការ ទៅដោយរលូន និងប្រកបដោយវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តកញ្ចប់វិធានការកែទម្រង់មុតស្រួច សំដៅកែលម្អបរិស្ថានវិនិយោគ និងជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យមកដាក់ទុនវិនិយោគបន្ថែមទៀតក្នុងវិស័យដែលមានសក្តានុពលនៅកម្ពុជា រួមទាំងអ្នកវិនិយោគអាមេរិកផងដែរ។

នៅក្នុងឱកាសនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Murphy បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានចាត់វិធានការអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងន័យចូលរួមជួយស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ, សាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិក (DFC) នឹងផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ទាបដល់វិស័យឯកជននៅកម្ពុជា ជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីសម្រាលការលំបាកក្នុងពេលកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩ ។

ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Murphy បានលើកឡើងផងដែរថា ដោយសារបរិស្ថានវិនិយោគនៅកម្ពុជាមានភាពទាក់ទាញ មានអ្នកវិនិយោគអាមេរិកជាច្រើនកំពុងមានចំណាប់អារម្មណ៍ដាក់ទុនវិនិយោគនៅកម្ពុជា ។ ដូចនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតនឹងលើកទឹកចិត្តឲ្យអ្នកវិនិយោគអាមេរិកជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងរួមចំណែកជួយដល់ជីវភាពរបស់ប្រជាជនកម្ពុជា ។

ជាទីបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់រដ្ឋាភិបាល និងប្រជាជនអាមេរិកដែលបានរួមវិភាគទានដ៏ថ្លៃថ្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ។