តំណាងរាស្ត្រ ឯកឧត្តម ងួន សុជាតិ ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ


ឯកឧត្តម ងួន សុជាតិ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានថ្លែងអរគុណសន្តិភាព ដោយលោកលេីកឡេីងថា មានសន្តិភាពទើបប្រទេសមានការរីកចំរើន លើគ្រប់វិស័យ ទាំងហេឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ មន្ទីររពេទ្យ សាលារៀន ពិសេសបច្ចុប្បន្ន វិស័យអចលនៈទ្រព្រ ក៏កំពុងមានសន្ទុះខ្លាំងក្លាគួរឲ្យកត់សម្គាល់ផងដែរ។

ឯកឧត្តម ងួន សុជាតិ លេីកឡេីងបែបនេះក្នុងឱកាសចុះសាកសួរសុខទុក្ខនិងនាំជាងកាត់សំលៀកបំពាក់ មកវាស់កាត់សម្លៀកបំពាក់យកតាមទំហំខ្លួន ជូនដល់ថ្នាក់ដឹកនាំមូលដ្ឋានភូមិ ឃុំ នៅសាលាឃុំស្រែថ្មី ស្រុករលាប្អៀរ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។

ឯកឧត្តម ងួន សុជាតិ បានបន្តថា ជាក់ស្តែង សូម្បីតែនៅក្នុងឃុំស្រែថ្មី នៃស្រុករលាប្អៀរនេះ ក៏កំពុងសាងសង់អគារ ផ្ទះល្វែង ផ្ទះវីឡាកូនកាត់ ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិជ្ជាទំនើប គឺ(ស្មាតហូម) ដែលអាចធានាសុវត្ថិភាព មានប្រព័ន្ធពន្លត់អគ្គីភ័យដោយស្វ័យប្រវត្តិ មានបំពាក់កាមេរ៉ាសុវត្ថិភាព និយាយជារួម ទោះបីយើងទៅដល់ទីណា ក៏យើងអាចគ្រប់គ្រងផ្ទះរបស់យើងបាន តាមរយៈទូរស័ព្ទដៃស្មាតហ្វូនបានដែរ ហេីយសំណង់ពុំធ្លាប់មាន នៅខេត្តកំពង់ឆ្នាំងនេះ កំពុងសាងសង់ដោយក្រុមហ៊ុន សន ប៊ុនថេង និងដោយបានចុះកិច្ចព្រមព្រៀងជា មួយដៃគូបរទេស មានដូចជា ចិន និងកូរ៉េជាដើម។

ឯកឧត្តមបន្តថា សម្រាប់ ឃុំស្រែថ្មី នឹងត្រូវកសាងសួនច្បារ អមសងខាងផ្លូវជាតិលេខ៥៣ ដែលទៅថ្ងៃមុខក្នុងឃុំមួយនេះ ពិតជាមានការរីកចំរើន ព្រមជាមួយនឹងសោភ័ណភាព ទាក់ទាញភ្ញៀវបទេស និងអ្នកវិនិយោគទុនមកបន្ថែមទៀតជាពុំខានឡើយ។

ឯកឧត្តមតំណាងរាស្ត្ររូបនេះបានបញ្ជាក់ថា ដើម្បីលើកទឹកចិត្តដល់ថ្នាក់ដឹកនាំភូមិ ក្នុង១ភូមិ៣នាក់ ថ្នាក់ដឹកនាំឃុំ៣នាក់ លោកគ្រួអ្នកគ្រួ និងពេទ្យសរុប ៤៥នាក់ រួមនឹងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំស្រែថ្មីចំនួន៧នាក់ លោកបានជូនសម្លៀកបំពាក់ ម្នាក់១កំប្លេ(ខោ១អាវ១) ដែលពេលនេះ បាននាំជាងមកវាស់ ទំហំខ្លួនរួចជាស្រេច សម្រាប់កាត់តម្រូវទៅតាមទំហំរបស់ពួកគាត់ម្នាក់ៗ រីឯខោអាវ ដែលបានវាស់កាត់ជូនពួកគាត់ខាងលើនេះ គឺយកពណ៌ដូចៗគ្នា ដែលតាមការប្រមាណ ក្នុង១កំប្លេតម្លៃ ៣០ដុល្លា ។ ជាមួយគ្នានេះដើម្បីកំដរដៃពេលត្រឡប់ទៅវិញ បានជូនម្នាក់ក្រមា១និងថវិការមួយចំនួនផងដែរ។

ជាចុងក្រោយ ឯកឧត្តមបានផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំភូមិឃុំ សូមណែនាំដល់ប្រជា ពលរដ្ឋ កូនចៅគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា និងមួយវិញទៀត សូមអប់រំដល់ប្រជាពលរដ្ឋ ឲ្យបន្តការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ សូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវធ្វើអនាម័យលាងដៃនឹងសាប៊ូ អាលកុល ឬ ជែលជាប្រចាំ និងត្រូវមានគម្លាតពីគ្នា ដើម្បីការពារជំងឺកូវីដ១៩ ដែលអាចផ្ទុះឡើងជាលើកទី២ ប្រសិនបើយើងមិនប្រឹងប្រែងការពារទេនោះ៕