គណៈកម្មការទន្លេមេគង្គ (MRC) បានចេញគោលការណ៍ណែនាំថ្មី ទាក់ទងនឹងគម្រោងទំនប់វារីអគ្គិសនីនៅតំបន់ទន្លេមេគង្គ ដើម្បីផ្សព្វផ្សាយដល់អ្នកអភិវឌ្ឍន៍គម្រោងទំនប់វារីអគ្គិសនី ទីប្រឹក្សាគម្រោង និងភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ ដទៃទៀត ដែលអាចទាញយកអត្ថប្រយោជន៍ពីគោលការណ៍បច្ចេកទេសថ្មី ដើម្បីជួយបង្កើនផលចំណេញ និងកាត់បន្ថយផលប៉ះពាល់ផ្នែកសង្គម និងបរិស្ថានពីគម្រោងទំនប់វារីអគ្គិសនីពេញមួយវដ្តនៃគម្រោង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋាន នៃគណៈកម្មការទន្លេមេគង្គ។
ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា គោលការណ៍ណែនាំកាត់បន្ថយហានិភ័យពីគម្រោងទំនប់វារីអគ្គិសនីរបស់ MRC ដែលបានចេញផ្សាយនេះ មានរួមបញ្ចូលនូវសំណុំបច្ចេកទេសចំនួន៣ ផ្នែកផ្សេងគ្នា ដែលមានកម្រាស់ ៧៣៨ ទំព័រ។ ឯកសារនេះ ជួយដោះស្រាយនូវហានិភ័យជាច្រើន ដែលគេទទួលស្គាល់ថាបានកើតមានក្នុងអំឡុងពេលអភិវឌ្ឍន៍គម្រោង តាមរយៈការវាយតម្លៃមួយលើសកម្មភាពសំខាន់ៗទាំង៥ ដែលក្នុងនោះរួមមានជលសាស្ត្រទន្លេ និងលំហូរនៅផ្នែកខាងក្រោមទន្លេ ភូមិសណ្ឋានវិទ្យា និងកំណកកករ គុណភាពទឹក ជលផល អេកូឡូស៊ីក្នុងទឹក និងជីវសាស្ត្រចម្រុះ ធនធានធម្មជាតិ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី។
លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC បានមានប្រសាសន៍ថា គោលបំណងនៃគោលការណ៍ទាំងនេះ គឺផ្តល់នូវសេចក្តីណែនាំក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យ សម្រាប់ការរៀបចំប្លង់សាង់សង់ និងប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធគម្រោងទំនប់វារីអគ្គិសនី ដើម្បីជាជំនួយដល់ការរៀបចំផែនការ និងការគ្រប់គ្រងអាងទន្លេទាំងមូល ក៏ដូចជាតម្រូវការបន្ទាន់ក្នុងការអភិវឌ្ឍគម្រោងផងដែរ។ លោកបណ្ឌិតបានបន្ដថា តាមគោលការណ៍ទាំងនេះ ក្នុងអំឡុងពេលរៀបចំផែនការ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង និងដំណើរការរៀបចំប្លង់សាងសង់ អ្នកអភិវឌ្ឍន៍គម្រោងអាចចាត់វិធានការផ្សេងៗគ្នា ដើម្បីបង្កើនអត្ថប្រយោជន៍ និងជៀសវៀងផលប៉ះពាល់អវិជ្ជមាននានា។ ជាមួយគ្នានេះ ការជ្រើសរើសទីតាំងសាងសង់គម្រោងដែលសាកសមបំផុត ការអនុវត្តវិសាលភាពគម្រោងជំនួស ដូចជាទំនប់ទឹកទាប និងការប្រើប្រាស់ប្រភពថាមពលជំនួសជាដើម។ លោកបណ្ឌិតបន្ដទៀតថា ក្នុងអំឡុងពេលសាងសង់ និងប្រតិបត្តិការ ដែលផលប៉ះពាល់មួយចំនួនមិនអាចកាត់បន្ថយបាន អ្នកអភិវឌ្ឍន៍គម្រោងក៏មានជម្រើសផ្សេងទៀតក្នុងការកាត់បន្ថយផលប៉ះពាល់។ ជម្រើសទាំងនេះ រួមមានការធ្វើឱ្យផលប៉ះពាល់អវិជ្ជមានមានតុល្យភាពតួយ៉ាងដូចជា ការផ្តល់នូវទីជម្រកត្រីពងជំនួស ឬការរក្សាទុកផ្នែកណាមួយនៃទន្លេសម្រាប់ការផ្លាស់ទីរបស់មច្ឆា។
លោកបណ្ឌិតបានបន្ថែមថា “គោលការណ៍ថ្មីទាំងនេះ គឺជាការបំពេញបន្ថែមដ៏សំខាន់មួយដល់សេចក្តីណែនាំសម្រាប់ប្លង់សាងសង់បឋម របស់MRC ដែលជាសំណុំ លក្ខខណ្ឌជាក់លាក់មួយសម្រាប់ជាជំនួយដល់ការរៀបចំប្លង់សាងសង់”។ ទន្ទឹមនេះ ស្រប ពេលដែលអ្នកអភិវឌ្ឍន៍គម្រោងទំនប់ប្រើប្រាស់ឯកសារPDGនេះ សម្រាប់រៀបចំគម្រោង MRC ប្រើប្រាស់វាជាឯកសារយោងពេលធ្វើការត្រួតពិនិត្យការអនុលោមតាមបច្ចេកទេស សម្រាប់គម្រោងទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គដែលបានស្នើ ក្នុងអំឡុងពេលនៃដំណើរការប្រឹក្សាយោបល់ជាមុនរយៈពេល ៦ ខែ។ លោកបណ្ឌិតបានលើកឡើងថា កិច្ចសហប្រតិបត្តិការនៅទូទាំងតំបន់លើការរៀបចំផែនការគម្រោងទំនប់វារីអគ្គិសនី និងកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយហានិភ័យ គឺមានសារៈសំខាន់ណាស់ ដើម្បីការពារផលប៉ះពាល់ដែលមានទ្រង់ទ្រាយធំ។
សូមបញ្ជាក់ថា ក្នុងទសវត្សរ៍ចុងក្រោយនេះ ការអភិវឌ្ឍយ៉ាងខ្លាំងលើគម្រោងទំនប់វារីអគ្គិសនី បានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងសន្ធឹកសន្ធាប់ដល់ប្រទេសតាមដងទន្លេមេគង្គ។ សម្រាប់អត្ថប្រយោជន៍នេះ ត្រូវបានគេសង្កេតឃើញថាគឺជាការទទួលបានពីការដោះដូរជាមួយនឹងវិស័យសំខាន់ៗ ដូចជាសេដ្ឋកិច្ច បរិស្ថាន និងសង្គម។ គម្រោងនេះ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមនៃអតីតគម្រោងទំនប់វារីអគ្គិសនីប្រកបដោយចីរភាព (ហៅកាត់ថាISH)របស់MRC គោលការណ៍ណែនាំទាំងនេះបានឆ្លងកាត់ការប្រឹក្សាយោបល់នៅកម្រិតថ្នាក់ជាតិ និងថ្នាក់តំបន់ជាច្រើនជុំ ជាមួយនឹងអ្នកអភិវឌ្ឍន៍គម្រោង ភាគីពាក់ព័ន្ធនានា និងប្រទេសជាសមាជិករបស់ MRC រួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។
លោកបណ្ឌិត អាន ពេជ្រហត្ថដា បានគូសបញ្ជាក់ថា “ការកាត់បន្ថយហានិភ័យនៅកម្រិតអាងទន្លេ ទាមទារឱ្យមានផែនការជាប្រព័ន្ធរួមគ្នានៅកម្រិតតំបន់ ឬអាងទន្លេ ក៏ដូចជាកិច្ចសហប្រតិ បត្តិការជាបន្តបន្ទាប់ រវាងប្រទេសជាសមាជិក និងដៃគូសន្ទនាដទៃទៀត។ កិច្ចសហប្រតិបត្តិការនេះ មានសារៈសំខាន់ស្មើនឹងប្រតិបត្តិការបែបសម្របសម្រួលនៃបណ្តាញទំនប់និងជម្រើសចែករំលែកអត្ថប្រយោជន៍ផ្សេងៗទៀត”៕