ដោយមានការសំណូមពរពីប្រជាពលរដ្ឋ កងពលតូចថ្មើរជើងលេខ៥១ បញ្ជូនកម្លាំង ៥០០នាក់ ចុះជួយច្រូតស្រូវពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី


ដោយមានការសំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរនៅក្នុងមូលដ្ឋាន ករណីទឹកជំនន់ទឹកភ្លៀងដែលបានហូរធ្លាក់ពីខេត្តបាត់ដំបង និងពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលបានបណ្តាលឱ្យលិចស្រូវប្រាំងរបស់ប្រជាពលរដ្ឋប្រមាណ៥០ហិតា ស្ថិតនៅភូមិក្រមុល និងភូមិចកលិច ឃុំរហាត់ទឹក ស្រុកមង្គលបូរី, លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ បានចុះត្រួតពិនិត្យស្ថានភាពដោយផ្ទាល់ និងបានចាត់តាំងកម្លាំងចំនួន ៥០០នាក់ សហការជាមួយអាជ្ញាធរមូលដ្ឋានចុះជួយច្រូតស្រូវដែលលិចទឹកជូនប្រជាពលរដ្ឋ។

នៅក្នុងប្រតិបត្តិការនោះ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជាពិសេស គឺរឿងទឹកជំនន់ដោយសារទឹកភ្លៀងនេះ ដែលអាចនឹងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងផលដំណាំខ្ទេចគ្មានសល់អ្វីឡើយបើយើងធ្វេសប្រហែស។

ប្រជាពលរដ្ឋពិតជាមានការសប្បាយរីករាយ ដោយបានឃើញកងកម្លាំងចុះជួយទាន់ពេលវេលា ដែលអាចឱ្យពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រមូលផលទុកសម្រាប់ហូបផង លក់ខ្លះបានថវិកាសម្រាប់ ធ្វើឡើងវិញពេលទឹកជំនន់ស្រកចុះ។

ឆ្លៀតក្នុងឱកាសនោះដែរប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក៏បានថ្លែងអំណរគុណជូនចំពោះ លោកមេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងមេបញ្ជាការកងពល ដែលតែងតែយកចិត្តទុកដាក់ចាត់តាំងកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗគ្រប់កាលៈទេសៈស័ក្តិសមជាកងទ័ពសម័យតេជោសន្តិភាពពិតប្រាកដមែន៕