រោងម៉ាស៊ីនកិនស្រូវចំនួន៤ ចុះកិច្ចសន្យាផលិតកម្មកសិកម្ម ដំណាំកសិឧស្សាហកម្ម និងស្រូវសរីរាង្គ ជាមួយសហគមន៍កសិកម្មចំនួន៥០


ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញជាសាក្សី ក្នុងពិធីចុះកិច្ចសន្យា ផលិតកម្មកសិកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងរោងម៉ាស៊ីនកិនស្រូវចំនួន៤ ជាមួយសហគមន៍កសិកម្ម ចំនួន៥០សហគមន៍។ ពិធីនេះ បានរៀបចំធ្វើឡើង នាទីស្ដីការក្រសួងកសិកម្ម។

ការរៀបចំពិធីចុះកិច្ចសន្យានាពេលនេះ គឺជាជោគជ័យដ៏ធំមិនធ្លាប់មាន ដោយមានកិច្ចសន្យា រហូតដល់ទៅចំនួន៥២កិច្ចសន្យា លើផលិតផលស្រូវសរីរាង្គ ក្នុងបរិមាណ២៤,៦៦២តោន និងដំឡូងមីសរីរាង្គ ក្នុងបរិមាណ៣០,២០៦តោន ដោយមានសហគមន៍កសិកម្មចំនួន៥០សហគមន៍ ក្នុងខេត្តចំនួន៦ គឺខេត្តតាកែវ (៤កិច្ចសន្យា ៤សហគមន៍) កំពង់ស្ពឺ (១កិច្ចសន្យា ១សហគមន៍) កំពត (១កិច្ចសន្យា ១សហគមន៍) កំពង់ឆ្នាំង (៦ កិច្ចសន្យា ៦សហគមន៍) មណ្ឌលគិរី (៦កិច្ចសន្យា ៦សហគមន៍) និងខេត្តព្រះវិហារ (៣២កិច្ចសន្យា ៣២សហគមន៍)។

ដោយឡែក ក្រុមហ៊ុនចំនួន៤ ដែលបានចុះកិច្ចសន្យារួមមាន៖ ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) ក្រុមហ៊ុន អេមរុ រ៉ាយកម្ពុជា (Amru Rice) ក្រុមហ៊ុន Signatures of Asia (SOA) និងក្រមហ៊ុន បាយ័នហេរីធេច។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង សហការគ្នាបានយ៉ាងល្អ ពីគ្រប់ភាគីពាក់ព័ន្ធដោយមានការសម្របសម្រួល ពីនាយកដ្ឋានកសិឧស្សាហកម្ម ឈានមកសម្រេចបាននូវកិច្ចសន្យាមួយ ដែលអាចចាត់ទុកថា ជាបន្ទាត់ជាខ្សែ ឬជានិតិវិធីសម្រាប់ឲ្យភាគីអ្នកផលិត និងអ្នកបញ្ជាទិញដើរព្រមគ្នា ឆ្ពោះទៅទិសដៅមួយយ៉ាងជាក់លាក់ពិតប្រាកដ យុត្តិធម៌ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នា ដោយឈរលើគោលការណ៍សំខាន់៣ គឺ៖ ធានាបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព គុណភាពផលិតផល ធានាបាននូវតម្លៃ និងធានាបាននូវសាមគ្គីភាព កិច្ចសហការ និងជំនឿទុកចិត្ត។

ពិតណាស់លទ្ធផលនាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា ក្រសួងកំពុងតែបន្តជំរុញ និងលើកទឹកចិត្ត ឲ្យគ្រប់អនុវិស័យទាំងអស់ អនុវត្តតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ដើម្បីពង្រីកវិសាលភាព ឲ្យបានកាន់តែទូលំទូលាយ ទៅដល់សហគមន៍ផ្សេងៗទៀត ក្នុងទិសដៅចូលរួមចំណែក អភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងសាកលភាវូបនីយកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តទៀតថា ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់គិតគូដោះស្រាយ បញ្ហារបស់កសិករ សហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យម ធ្វើយ៉ាងណាឲ្យពួកគាត់ រក្សាបាននូវសកម្មភាពផលិត និងបន្តការផលិតឲ្យកាន់តែរីកចម្រើន បន្ថែមទៀត តាមរយៈពង្រឹងបរិយាកាសវិនិយោគឲ្យបានល្អប្រសើរ ដើម្បីបង្កើតការងារ ស្រូបយកកម្លាំងពលកម្មក្នុងស្រុក ផ្តល់ប្រាក់ចំណូល និងប្រើប្រាស់វត្ថុធាតុដើម កសិកម្មឲ្យអស់លទ្ធភាព។

ជាក់ស្តែង ការប្រើប្រាស់វត្ថុធាតុដើមកសិកម្ម បាននឹងកំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ ក្នុងការជួយជំរុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន នូវឥរិយាបទផលិត ពីការផលិត ដើម្បីហូបចុកក្នុងគ្រួសារ មកផលិតដើម្បីទីផ្សារដែលត្រូវធានាឲ្យបាននូវនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ស្តង់ដារផលិត គុណភាព សុវត្ថិភាព និងស្ថិរភាពតម្លៃ ដែលគ្រប់និន្នាការទាំងអស់នេះ ប្រាកដជានឹងចូលរួមធ្វើឲ្យប្រសើរឡើង ទាំងផ្នែកសេដ្ឋកិច្ច សង្គម បរិស្ថាន ការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ ក្នុងបរិបទនៃដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ក្នុងឱកាសនេះផងដែរ លោករដ្ឋមន្ត្រី វេង សាខុន ក៏បានផ្តល់បន្ថែមនូវអនុសាសន៍សំខាន់ៗ ជូនដល់ភាគីដែលជាអ្នកអនុវត្តកិច្ចសន្យានេះ ក្នុងន័យជារួម៖

១៖ ព្យាយាមអនុវត្តកិច្ចសន្យានេះ ឲ្យបានសុក្រឹត្យឈរលើស្មារតីទទួលខុសត្រូវ ទៅតាមភារកិច្ចរៀងៗខ្លួន បញ្ជាប និងពង្រឹងការអនុវត្តបច្ចេកទេសផលិត ឲ្យបានសមស្រប ពង្រឹងការងារគ្រប់គ្រង និងដឹកនាំសហគមន៍ ឲ្យបានត្រឹមត្រូវល្អទាំងការងាររដ្ឋបាល បច្ចេកទេស ហិរញ្ញវត្ថុ និងប្រជាធិបតេយ្យ។

២៖ នាយកដ្ឋានកសិ-ឧស្សាហកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំងអស់ ត្រូវបន្តតាមដាន ជួយជំរុញបន្ថែមលើការអនុវត្តកិច្ចសន្យា ឲ្យកាន់តែមានប្រសិទ្ធភាព។ ត្រូវជំរុញរៀបចំ និងអនុវត្តស្តង់ដារផលិតផលិតផលកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការបង្កើត ឲ្យមានស្ថាប័ន បញ្ជាក់គុណភាព ធ្វើការកែលម្អអភិវឌ្ឍន៍មន្ទីរពិសោធន៍ ពង្រឹងសមត្ថភាពដល់អង្គភាពពាក់ព័ន្ធ និងមន្រ្តី។

៣៖ សូមស្នើដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជួយពិនិត្យលទ្ធភាពបន្ថែម ក្នុងការផ្តល់កម្ចីដល់ក្រុមហ៊ុន ដែលកំពុងអនុវត្តកិច្ចសន្យា។

៤៖ ស្នើដៃគូអភិវឌ្ឍន៍ បន្តជួយដល់ការអភិវឌ្ឍសហគមន៍កសិកម្មបន្ថែមទៀត។

៥៖ ទាំងអ្នកផលិត និងអ្នកបញ្ជាទិញ គួររួមគ្នាសិក្សាពីតម្រូវការ ឬនិន្នាការទីផ្សារទាំងក្នុង និងក្រៅស្រុក មុនឈានទៅចុះកិច្ចសន្យាផលិត។ ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជន សហគមន៍ គួរតែបង្កើនកិច្ចសហការលើការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្ម ឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា គិតមកទល់ចុងខែកញ្ញា ឆ្នាំ២០២០ ការចុះកិច្ចសន្យាផលិតកសិកម្ម បានកើនឡើងដល់៧០១ កិច្ចសន្យា ទៅលើប្រភេទផលិតផលកសិកម្ម ជាច្រើនមុខ ដូចជា៖ ស្រូវពូជ ស្រូវសរីរាង្គ ស្រូវក្រអូប ស្រូវចំណី ដំឡូងមីសរីរាង្គ ម្រេច ស្ករត្នោត បន្លែ ស្វាយចន្ទី ពោត សណ្តែកខៀវ សណ្តែកបាយ មាន់ស្រែ ជ្រូក -ល-៕