អ្នកតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ ជំរុញលើកទឹកចិត្តដល់ក្រុមអ្នកច្បាប់ទាំងអស់ យកចិត្តទុកដាក់ស្វែងយល់ពីការបោះឆ្នោត


ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើដល់គ្រូបង្គោលក្រុមអ្នកច្បាប់ក្នុងខេត្តត្បូងឃ្មុំ យកចិត្តទុកដាក់ស្វែងយល់ពីការបោះឆ្នោត ខិតខំដុះខាត់ជំនាញ ពីវគ្គផ្សព្វផ្សាយស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយក្រោយបញ្ចប់វគ្គត្រូវយកចំណេះដឹង ដែលទទួលបានពីវគ្គ បណ្តុះបណ្តាល ទៅអនុវត្តក្នុងភារកិច្ចរបស់ខ្លួន ឱ្យបានកាន់តែសើរឡើងថែមទៀត។

ឯកឧត្តម ចាយ បូរិន បានលើកឡើងដូចនេះនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលឯកឧត្តម និង ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ជាអធិបតីក្នុងវគ្គផ្សព្វផ្សាយស្តីពី នីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតដល់ក្រុមអ្នកច្បាប់ នៅតាមក្រុង/ស្រុក ខេត្តត្បូងឃ្មុំ ចំនួន១៨២នាក់។

ឯកឧត្តម ចាយ បូរិន បានបន្ថែមទៀតថា សារសំខាន់នៃវគ្គនេះក្នុងគោលបំណងដើម្បីឱ្យសិក្ខាកាមដែលជាគ្រូបង្គោលនៃក្រុមអ្នកច្បាប់នៅខេត្តត្បូងឃ្មុំទាំងអស់ បានយល់ដឹង អំពីច្បាប់ និងបទបញ្ជានីតិវិធីនានារបស់គណៈកម្មធិការជាតិតបស់ចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ពេលបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ/សង្កាត់/ខេត្ត/ក្រុង តំណាងរាស្ត្រព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ។

ឯកឧត្តម ចាយ បូរិន បានលើកឡើងទៀតថា ក្រមសីលធម៌អ្នកសង្កេតការណ៍ និងភ្នាក់ងារសង្កេតការណ៍របស់គណបក្សនយោបាយសម្រាប់អនុវត្តក្នុងការបំពេញភារកិច្ច របស់ខ្លួន ដោយជំហរអព្យាក្រិតមិនលំអៀង ដើម្បីធានាឱ្យបានកិច្ចការសង្កេតការណ៍បោះឆ្នោត ដែលត្រូវធ្វើឡើងដោយសុចរិតភាព និងមានតម្លាភាព ហើយចំពោះអ្នកសង្កេតការណ៍បោះឆ្នោតបំពេញការងារដោយពុំមានការជ្រៀតជ្រែកនោះឡើយ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ចាយ បូរិន ក៏បានលើកឡើងអំពីច្បាប់វិវាទស្តីពីនីតិវិធីនានា នូវការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការ ប្រកាសលទ្ធផលបណ្តោះអាសន្នជាដើមផងដែរ។ សម្រាប់ឆ្នាំ២០២០នេះ បានពិនិត្យឃើញថាអ្នកដែលគ្រប់អាយុបោះឆ្នោត ហើយមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៩ និងអ្នកមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ចុះឈ្មោះបោះឆ្នោត អ្នកត្រឡប់ពីចំណាកស្រុកវិញ ឆ្នាំ២០២០នេះ មានជាច្រើននាក់ទៀត ដែលត្រូវចូលរួមដោះស្រាយបញ្ហានេះឱ្យទទួលបានជោគជ័យ ក្នុងរយៈពេលចុះឈ្មោះបោះឆ្នោតតាមការកំណត់របស់ គ.ជ.ប៕