ទូតសិង្ហបុរី សរសើរក្រុមហ៊ុនខ្លួនពីការតាំងចិត្តខ្ពស់ ចំពោះការវិនិយោគនៅកម្ពុជា ក្នុងពេលមានវិបត្តិកូវីដ១៩


លោក ម៉ៃឃើល តាន់ ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ហុង ឡៃ ហួត ជាក្រុមហ៊ុនវិនិយោគដោយជនជាតិសិង្ហបុរី ដែលបាន បន្តសកម្មភាពវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្នុងបរិបទនៃការរីករាតត្បាតនៃជំងឺកូវីដ១៩។

លោកឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានគូសបញ្ជាក់បែបនេះក្នុងពេលអញ្ជើញចូលរួមដាក់បង្ហាញគំនូរសិល្បៈ ដើម្បីអបអរសាទរចំណងសហប្រតិបត្តិការការទូតកម្ពុជា-សិង្ហបុរី ខួបលើកទី៥៥ឆ្នាំ រៀបចំឡើងដោយក្រុមហ៊ុន ហុង ឡៃ ហួត នៅក្នុងអគារខុនដូ D’Seaview នៅក្រុងព្រះសីហនុ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោក ម៉ៃឃើល តាន់ បានថ្លែងកត់សម្គាល់ថា ក្នុងរយៈពេលជាង ៤ឆ្នាំនៃការធ្វើជាឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅកម្ពុជា លោកបានឃើញការរីកលូតលាស់ជាលំដាប់របស់ក្រុមហ៊ុន ហុង ឡៃ ហួត ស្របពេលកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំគួរឱ្យចាប់អារម្មណ៍ មុនពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩។

ឯកអគ្គរដ្ឋទូតសិង្ហបុរី បានលើកឡើងថា សិង្ហបុរីក៏ជាវិនិយោគិនលំដាប់ទី៤ នៅកម្ពុជាក្នុងឆ្នាំ២០១៩ ដោយបានវិនិយោគទឹកប្រាក់ប្រមាណ ២១៦លានដុល្លាអាមេរិក។ លោកបន្តថា ទោះបីជាជំងឺកូវីដ១៩ កំពុងរាតត្បាត និងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងណាក្តី តែលោកនៅតែជំរុញអ្នកវិនិយោគសិង្ហបុរីបន្តវិនិយោគនៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់ពីការវិនិយោគរបស់ក្រុមហ៊ុន ហុង ឡៃ ហួត ផងដែរ។ លោកទូត បានឱ្យដឹងថា មកដល់ពេលនេះក្រុមហ៊ុន ហុង ឡៃ ហួត បានវិនិយោគជាង ១៧០លានដុល្លារអាមេរិកក្នុងការអភិវឌ្ឍអចលនទ្រព្យ និងក្នុងវិស័យកសិកម្មនៅកម្ពុជា។

លោក ម៉ៃឃើល តាន់ បានថ្លែងបញ្ជាក់ដូច្នេះ «ខ្ញុំក៏មានសេចក្តីរីករាយផងដែរ ដែលបានដឹងថា ហុង ឡៃ ហួត នឹងវិនិយោគយ៉ាងហោចណាស់ ១០០លានដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ។ ខ្ញុំរីករាយដែលក្រុមហ៊ុន ហុង ឡៃ ហួត បានឆ្លើយតបនឹងការអំពាវនាវរបស់ខ្ញុំ»

សូមបញ្ជាក់ថា ក្រុមហ៊ុន ហុង ឡៃហ៊ួត ជាក្រុមហ៊ុវិនិយោគធំមួយរបស់សិង្ហបុរីនៅកម្ពុជា ដោយវិនិយោគផ្តោសំខាន់ទៅលើវិស័យអចលនទ្រព្យ និងកសិកម្ម។ បច្ចុប្បន្នគម្រោងក៏បានសាងសង់ខុនដូរ D’Seaview នៅក្នុងទឹកដីខេត្តព្រះសីហនុ។

ខុនដូ D’Seaview បានបញ្ចប់ការសាងសង់របស់ខ្លួនដោយជោគជ័យ និងបានធ្វើការប្រគល់ជូនទៅម្ចាស់រៀងៗខ្លួន ជាបន្តបន្ទាប់ជាមួយនឹងប្លង់សហកម្មសិទ្ធផងដែរ។ បន្ទាប់ពីការសាងសង់បានបញ្ចប់ ១០០ភាគរយ អ្នកទិញកាន់តែយល់ច្បាស់ នៃទំហំបន្ទប់ជាក់ស្តែង ដែលគាត់បានទិញ និង ការប្រគល់ ជូនដល់អតិថិជនទាំងអស់ ជាហេតុធ្វើឱ្យអ្នកទិញមានភាពជឿជាក់អំពីអ្វីដែលពួកគេទទួលបាន។

ជាមួយការរស់នៅក្នុងអគារខុនដូ D’Seaview នេះ អតិថិជនអាចធ្វើការ និងលំហែរកាយជាមួយអគារពាណិជ្ជកម្មចម្រុះ និងការរួមបញ្ចូលគ្នានៃក្លឹបហាត់ប្រាណឯកជន D’Seaview ដែលបានផ្តល់ជូន នូវកន្លែងកម្សាន្តដូចជា អាងហែលទឹកដ៏ធំ អាងទឹកក្ដៅ និងទឹកត្រជាក់ ក្លឹបហាត់ប្រាណ បន្ទប់យូហ្គា បន្ទប់ហាត់រាំ ស្ទីម សូណា ស្ប៉ា និង ភោជនីយដ្ឋានជប៉ុនជាដើម។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានហៅការវិនិយោគរបស់ក្រុមហ៊ុន ហុង ឡៃហួត លើទឹកដីព្រះសីហនុ ជាសក្ខីភាពបង្ហាញឱ្យពីការជឿទុកចិត្ត និងជឿជាក់របស់អ្នកវិនិយោគលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ក៏បានចាត់ទុកការវិនិយោគនេះ ជាការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ជាពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុតែម្តង៕