រដ្ឋមន្ត្រីសុខាភិបាល៖ ការគ្រប់គ្រងការរីករាលដាលឱសថក្លែងក្លាយ និងអន់គុណភាព មិនបានត្រឹមត្រូវ នាំឱ្យបាត់បង់ទំនុកចិត្តលើប្រព័ន្ធសុខាភិបាល


 ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា ការគ្រប់គ្រងការរីករាលដាលឱសថក្លែងក្លាយ និងអន់គុណភាពមិនបានត្រឹមត្រូវ នាំឱ្យបាត់បង់ទំនុកចិត្ត លើប្រព័ន្ធសុខាភិបាល។

ឯកឧត្តមថ្លែងបែបនេះ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសុន្ទរកថា បើកវេទិកាអាស៉ី-អឺរ៉ុប ស្ដីពីការប្រយុទ្ធនឹងឱសថក្លែងក្លាយ និងឱសថអន់គុណភាព។ នេះបើយោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វ៉ាក់សាំង ឱសថ និងសម្ភារវេជ្ជសាស្ត្រ សម្រាប់ជំងឺកូវីដ-១៩ និងជំងឺដទៃទៀតទាមទារនូវអន្តរាគមន៍ ការបង្ការ ការត្រួតពិនិត្យ និងការព្យាបាលដោយផលិតផលវេជ្ជសាស្ត្រ ប្រកបដោយគុណភាព ដែលទាំងនេះគួរតែជាអាទិភាពរបស់តំបន់ និងពិភពលោក។ ការគ្រប់គ្រង ការរីករាលដាលនៃឱសថក្លែងក្លាយ និងអន់គុណភាពមិនបានត្រឹមត្រូវ នឹងនាំឱ្យបាត់បង់ជីវិត និងទំនុកចិត្តលើថ្នាំ អ្នកផ្តល់សេវាថែទាំសុខភាព និងប្រព័ន្ធថែរក្សាសុខភាពរបស់ប្រទេស»

ក្នុងឱកាសបើកវេទិកាអាស៉ី-អឺរ៉ុប ស្ដីពីការប្រយុទ្ធនឹងឱសថក្លែងក្លាយ និងឱសថអន់គុណភាព ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ប្រាប់អង្គវេទិកាថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ដែលត្រូវបានទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក (WHO) ថា ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលអាចគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អប្រសើរ រហូតមកដល់ពេលនេះមិនទាន់មានការចម្លង ចូលសហគមន៍នៅឡើយទេ។

ឯកឧត្តមបន្តថា ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ករណីវិជ្ជមានជំងឺកូវីដ-១៩ មានចំនួន២៧៧ ដែលប្រហែល៨៦% នៃចំនួននេះគឺជាករណីនាំចូល មិនមានអ្នកស្លាប់ ហើយ ៩៩,២៨% នៃករណីឈឺ សរុបត្រូវបានព្យាបាលជាសះស្បើយ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានរំលឹកឡើងវិញអំពីគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងសុន្ទរកថា បើករបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងសន្និសីទថ្នាក់តំបន់ ស្ដីពីការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងឱសថអន់គុណភាព កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចថា ការរីកសាយឱសថក្លែងក្លាយ និងអន់គុណភាព គឺជាហានិភ័យ ដែលមិនអាចប៉ាន់ប្រមាណបាន ចំពោះសុខភាពសាធារណៈ ដែលជះឥទ្ធិពលដល់គ្រប់តំបន់ទាំងអស់នៃពិភពលោក។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យមានការចូលរួមប្រយុទ្ធប្រឆាំង ទាំងថ្នាក់តំបន់ និងពិភពលោកទាំងមូល ជាពិសេសគួរត្រូវបាន លើកយកទៅពិភាក្សា នៅក្នុងកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ ព្រោះបញ្ហាឱសថអន់គុណភាព និងឱសថក្លែងក្លាយ ជះឥទ្ធិពលយ៉ាងខ្លាំងដល់គុណភាពនៃ សេវាពិនិត្យព្យាបាល និងប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ។

ឯកឧត្តម ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា «ទន្ទឹមនឹងការខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស យើងក៏កំពុងធ្វើការលើបញ្ហា ដែលទាក់ទងនឹងសុខភាព ជាអាទិភាពផ្សេងទៀត ដែលក្នុងនោះមានឱសថក្លែងក្លាយ និងអន់គុណភាព ដែលបង្កគ្រោះថ្នាក់ដល់សុខភាព ប្រជាជនដោយសារការព្យាបាលអ្នកជំងឺ ដោយឱសថក្លែងក្លាយ និងអន់គុណភាព និងបញ្ញើសុខភាពសាធារណៈកាន់តែច្រើន ក្នុងខណៈការរីករាលដាលជំងឺកូវីដ-១៩»។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនាមជាប្រទេសម្ចាស់ផ្ទះសម្រាប់វេទិកាអាស៉ី-អឺរ៉ុប ស្ដីពីការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងឱសថអន់គុណភាព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិ អាស៉ី-អឺរ៉ុប ដែលបានសហការជាមួយស្ថានទូតបារាំងប្រចាំកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) ដែលបានគាំទ្រក្នុងការរៀបចំវេទិកាដ៏មានសារសំខាន់នេះ ទោះបីជាពិភពលោកទាំងមូលកំពុងរងនូវផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ព្រមទាំងប្រទេសជាសមាជិកទាំងអស់ដែលបានចូលរួម៕