ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ៖ សម្តេចតេជោ ហ៊ុន សែន ចង់ឃើញកម្ពុជាអស់ការគំរាមកំហែង ដោយសារគ្រាប់បែកចង្កោម


ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអាជ្ញាធរមីន បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាអ្នកកសាង និងជាអ្នកស្រឡាញ់សន្តិភាព ចង់ឃើញកម្ពុជាអស់ការគំរាមកំហែង ដោយសារគ្រាប់បែកចង្កោម។

ឯកឧត្តមលើកឡើងបែបនេះ ក្នុងឱកាសតំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពសកម្មភាពមីនក្នុងខេត្តរតនគិរី រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។ កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរមីន, ឯកឧត្តម យ៉ែម សំអឿន អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្ត ក្រុមការងារម៉ាពូ, កងកម្លាំងប្រដាប់អាវុធ, មន្ទីរពាក់ព័ន្ធ, អភិបាលស្រុកវ៉ើនសៃ, ស្រុកលំផាត់, និងស្រុកកូនមុំ, តំណាងគម្រោង HDR and D, ប្រធានអង្គការ NPA, និងប្រធានអង្គការ MAG ប្រចាំនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ដល់អង្គប្រជុំថា បន្ទាប់ពីបានទទួលការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្រ្តី លោកទេសរដ្ឋមន្រ្តី បានជ្រើសរើសយកទឹកដីខេត្តរតនគិរី ដែលជាខេត្តរងផលប៉ះពាល់ច្រើនជាងគេដោយសារគ្រាប់បែកចង្កោម សម្រាប់ការរៀបចំដំណើរទស្សនកិច្ចរវាង លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំអាជ្ញាធរមីន នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដែលដំណើរទស្សនកិច្ចនេះ ផ្តោតសំខាន់លើការងារបោសសម្អាតគ្រាប់បែកចង្កោមនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ក្នុងនាមជាអ្នកកសាង និងស្រឡាញ់សន្តិភាព សម្តេចតេជោ ចង់ឃើញណាស់ប្រទេសកម្ពុជា អស់ការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោម ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ។ លោកបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានរចនាសម្ព័ន្ធច្បាស់លាស់ សម្រាប់គ្រប់គ្រងវិស័យសកម្មភាពមីន ដោយបានរៀបចំនូវឯកសាចាំបាច់មួយចំនួនដូចជា ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ការអនុវត្តផែនការសកម្មភាពមីន៣ឆ្នាំ (២០១៨-២០២០) និងផែនការគាំទ្រមួយចំនួនទៀតដែលចែងអំពីយុទ្ធសាស្រ្តនានា ឈានទៅសម្រេចបាននូវគោលបំណងបំបាត់ទាំងស្រុង បញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមពីកម្ពុជា។ យុទ្ធសាស្រ្តទាំងនោះរួមមាន ភូមិអស់ការគម្រាម ការគ្រប់គ្រងហានិភ័យរយៈពេលវែង និងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោមជាដើម។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការសកម្មភាពមីនខេត្ត និងក្រុមការងាររៀបចំផែនការសកម្មភាពមីនខេត្តរតនគិរី ដែលបានដឹកនាំ និងសម្របសម្រួលវិស័យសកម្មភាពមីន/គ្រាប់បែកចង្កោមក្នុងខេត្តទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរ។ លោក ថែមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហរដ្ឋអាមេរិកដែលបានផ្តល់នូវជំនួយគាំទ្រដល់ប្រតិបត្តិករបោសសម្អាតគ្រាប់បែកចង្កោមទាំងអស់នៅកម្ពុជា និងជាពិសេសសម្រាប់អង្គការ MAG និងអង្គការ NPA ក្នុងការបោសសម្អាតក្នុងខេត្តរតនគិរីនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តដ៏ឆ្នើមដទៃទៀត រួមមាន៖ អូស្រ្តាលី អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ស្វីស ចិន ន័រវេស្ស កូរ៉េខាងត្បូង កាណាដា នូវែលហ្សឺឡង់ អៀរឡង់ UNDP និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៉ីវិល និងសប្បុរសជនផងដែរ។

សូមបញ្ជាក់ថា ផ្អែកតាមការស្រាវជ្រាវទិន្នន័យមូលដ្ឋាន ចាប់ពីឆ្នាំ២០០៩ រហូតមកដល់ឆ្នាំ២០២០ ខេត្តរតនគិរី មានផ្ទៃដីមានមីន/គ្រាប់សរុបចំនួន ៦២.៥៩៧.៤៤៨ ម៉ែត្រការ៉េ ក្នុងនោះគ្រាប់បែកចង្កោមមានផ្ទៃដីចំនួន ៥៨.៥៣០.១៧៩ ម៉ែត្រការ៉េ ស្មើនឹង ៩៤% ផ្ទៃដីមានមីនចំនួន ២.៦៩០.៤៨៧ ម៉ែត្រការ៉េ ស្មើនឹង ៤% និងផ្ទៃដីមានសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ១.៣៧៦.៧៨២ ម៉ែត្រការ៉េ ស្មើនឹង ២%។ ខេត្តរតនគិរី រងការទម្លាក់គ្រាប់ពីសហរដ្ឋអាមេរិកក្នុងសម័យសង្រ្គាមចំនួន ២៤២.០៨៤ តោន ក្នុងនោះគ្រាប់បែកចង្កោមមានចំនួន ២០.០៤៥ តោន។

ចាប់ពីឆ្នាំ១៩៧៩ រហូតដល់ខែសីហា ឆ្នាំ២០២០ មានជនរងគ្រោះដោយសារមីន/គ្រាប់សរុបចំនួន ២៨៧ នាក់ ក្នុងនោះដោយសារមីនចំនួន ១០៣ នាក់ គ្រាប់បែកចង្កោមចំនួន ០៣ នាក់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ១៨១ នាក់។

គិតត្រឹមខែសីហា ឆ្នាំ២០២០ ផ្ទៃដីមានមីន/គ្រាប់បានបោសសម្អាតរួចនៅខេត្តរតនគិរី មានចំនួន ១៧.៩៧៣.១៣៣ ម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីគ្រាប់បែកចង្កោមចំនួន ១៤.០៦៤.៥៤៦ ម៉ែត្រការ៉េ មានគ្រួសារទទួលផលចំនួន ៤៣.៤២៥ គ្រួសារ ស្មើនឹង ២៣៣.០៦២ នាក់ រកឃើញ និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២៦១គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ៨ គ្រាប់ គ្រាប់បែកចង្កោម ៥.៤៦៧ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ៦.៨០៤ គ្រាប់។

បច្ចុប្បន្ននេះ មានប្រតិបត្តិករចំនួន២ កំពុងប្រតិបត្តិការបោសសម្អាតមីន/គ្រាប់ នៅក្នុងខេត្តរតនគិរី រួមមានអង្គការ NPA និងអង្គការ MAG ៕