អភិបាលខេត្តកំពត ណែនាំដល់ម ន្ត្រីពាក់ព័ន្ធ បង្កើនស្មារតីថែរក្សាអនាម័យបរិស្ថាន ក្នុងមូលដ្ឋាន ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរ


ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុកត្រូវបង្កើនស្មារតីចូលរួមថែរក្សាអនាម័យបរិស្ថាន រៀបចំសោភ័ណភាព នៅតាមបណ្ដាមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាតល្អ ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើនបន្ថែមទៀត ព្រោះវាជាប្រភពចំណូលសម្រាប់ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត។

ការណែនាំបែបនេះ របស់ឯកឧត្តម ជាវ តាយ បានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ ពិសេសពាក់ព័ន្ធលើវិស័យផលិតទឹកស្អាត វិស័យអគ្គីសនី វិស័យដីធ្លី វិស័យអប់រំ វិស័យទេសចរណ៍ និងការងារបម្រើសេវារដ្ឋបាល សេវាសាធារណៈ ជូនប្រជាពលរដ្ឋតាមបណ្ដាមូលដ្ឋាន ប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ តាមរយៈ Video Conference ពីបណ្ដារដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពត។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ ក៏បានណែនាំឱ្យមន្ត្រីជំនាញ សហការគ្នាជាមួយនឹងអាជ្ញាធរមូលដ្ឋានបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវថែរក្សាប្រភពទឹក ដើម្បីផ្គត់ផ្គង់លើបណ្ដាញផលលិតទឹកស្អាត នៅក្នុងខេត្តទាំង១៦ មូលដ្ឋាន ថែទាំបណ្ដាញអគ្គីសនីតាមបណ្ដាមូលដ្ឋាននានាផងដែរ។

ឯកឧត្តមក៏បានក្រើនរំឮកដល់មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធនានា ឱ្យបន្តខិតខំយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរ ក្រុង ស្រុក ដើម្បីអនុវត្តកាងាររ ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏ស្នើឱ្យអាជ្ញាធរ សហការជាមួយអង្គភាពអគ្គិសនី ធ្វើអន្តរាគមន៍សម្របសម្រួលជាមួយប្រជាពលរដ្ឋឱ្យបានល្អជៀសវាង មានការរិះគន់ពីប្រជាពលរដ្ឋ។ ដោយឡែកមន្ទីរអប់រំ ត្រូវយកចិត្តទុកដាក់ណែនាំដល់សាលាគ្រប់កម្រិត អំពីបញ្ហាអនាម័យ ដើម្បីបញ្ចៀសនូវជំងឺឆ្លងផ្សេងៗ។ ចំពោះការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធវិស័យដីធ្លី សូមឱ្យមន្ទីរជំនាញ និងអាជ្ញាធរបន្តយកចិត្តទុកដាក់ដោះស្រាយ ជាពិសេសត្រូវខិតខំជំរុញការបម្រើសេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពប្រសិទ្ធភាព និងឆាប់រហ័ស។

ឯកឧត្តម ជាវ តាយ បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្តកំពត សម្រេចបាន និងកោតសរសើរដល់ជំនាញ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់គ្រប់ផ្នែក ដែលបានរួមសហការគ្នាធ្វើឱ្យលទ្ធផលការងាររបស់រដ្ឋបាលខេត្តក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០នេះ ទទួលបានលទ្ធផលល្អប្រសើរ។ បើទោះបីខេត្តកំពត ទទួលរងឥទ្ធិពលវិបត្តិកូវីដ-១៩ ក្តី ខេត្តក៏អាចសម្រេចលើការងារប្រមូលចំណូលចូលថវិការដ្ឋ ដែលជាប្រភពអភិវឌ្ឍខេត្ត បានកាន់តែល្អប្រសើរថែមទៀតផងដែរ៕