រដ្ឋមន្ត្រីការងារស្នើឱ្យជប៉ុនបន្តជួយគាំទ្រថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស និងជំរុញឱ្យអ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជា


ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើ​ឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បន្តជួយគាំទ្រថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស និងជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុនឱ្យបង្កើនការវិនិយោគនៅកម្ពុជាបន្ថែម និងពង្រីកទីផ្សារនៅជប៉ុន។ ការស្នើរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ត្រូវបានធ្វើឡើងក្នុងជំនួប​ពិភាក្សាជាមួយឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នាព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អ រវាងកម្ពុជា-ជប៉ុនលើគ្រប់វិស័យ ដោយឡែកវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរកំពុងបន្តជំរុញយកចិត្តទុកដាក់ និង ពង្រីកនូវកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ដោយសារ បច្ចុប្បន្នពិភពលោកទាំងមូល រួមទាំងកម្ពុជាផងនោះ កំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យការងារ វិស័យទេសចរណ៍ និងវិស័យមួយចំនួនទៀតនៅកម្ពុជាជួបប្រទះ នូវវិបត្តិមួយចំនួន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកញ្ចប់វិធានការ ដែលមក ដល់ពេលនេះ បានទម្លាក់កញ្ចប់វិធានការទី៦ហើយ ដើម្បីដោះស្រាយផលប៉ះពាល់ជូន កម្មករ និយោជិត និយោជក និងប្រជាពលរដ្ឋ។ ទន្ទឹមនេះ សម្រាប់កម្មករ និយោជិតដែល ព្យួរការងារ និងបាត់បង់ការងារ ដើម្បីពួកគាត់អាចដោះស្រាយបាននូវបញ្ហាជីវភាព និង ស្វែងរកបាននូវឱកាសការងារថ្មី។  ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះភាគី ជប៉ុនដែលបានយកចិត្តទុកដាក់ដល់សិក្ខាកាម និងកម្មករជំនាញកម្ពុជា ព្រមទាំងអនុញ្ញាត ឱ្យ​ចេញ-ចូលជប៉ុនតាមរយៈវិធានការធ្វើចត្តាឡីស័កនៅផ្ទះ។

ឯកឧត្ដមបានលើកឡើងថា តាមគ្រោងទុកកម្ពុជានឹងបញ្ជូនសិក្ខាកាម និងកម្មករ​ជំនាញដែលបានបណ្តុះបណ្តាលរួចទៅជប៉ុនបន្ថែមទៀតក្នុងពេលឆាប់ៗ នៅពេល​ដែល​ភាគី​ទាំងពីរឯកភាពនូវមធ្យោបាយនិងនីតិវិធីក្នុងការធានាឱ្យបាននូវការឆ្លងវីរុសកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា នៅក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្ស រាជរដ្ឋាភិបាល​កម្ពុជាកំពុងជំរុញការអនុវត្តគោលនយោបាយអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការធានាបាននូវភាពប្រកួត​ប្រជែង​របស់កម្ពុជា។ គោលនយោបាយនេះ ក៏កំពុងត្រូវការការចូលរួម​ជួយពីសំណាក់​ដៃគូ​ជា​ច្រើនទៀត ហើយអង្គការ JICA របស់ជប៉ុនក៏បានជួយដល់ការបណ្ដុះ​បណ្ដាលលើជំនាញ​អគ្គិសនីផងដែរ។ ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ ក្រសួងការងារបានស្នើទៅកាន់​អង្គការ JICA ដើម្បីសុំឱ្យមានគ្រូបច្ចេកទេសផ្នែកអគ្គិសនីនេះមកជួយបង្រៀនបន្ថែម ហើយ​ឯកឧត្ដមរដ្ឋមន្រ្ដីសង្ឃឹម​ថាជប៉ុននឹងយល់ព្រមចំពោះសំណើនេះ។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុន មីកាមិ ម៉ាសាហ៊ីរ៉ូ បានកោតសរសើរចំពោះ​វិធានការ​ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាកូវីដ-១៩ និងវិធានការដោះស្រាយ​ផលប៉ះពាល់ដោយជំងឺរាតត្បាតនេះ ព្រោះថាបានជួយដោះស្រាយទាំងបញ្ហាសង្គម និង​សេដ្ឋកិច្ច។ ឯកឧត្តម ឯកអគ្គរាជទូតបានបង្ហាញឱ្យឃើញថា ក្រុមអ្នកវិនិយោគទុនជប៉ុន ពិតជាបានរួមវិភាគទានយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានការលូតលាស់​រីក​ម្រើនជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឧស្សាហកម្មដែលវិនិយោគដោយជនជាតិជប៉ុន​មិន​បាន​បិទនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននោះឡើយ មានតែបន្តបង្កើនវិនិយោគបន្ថែម​ទៀត ជាក់ស្តែងដូចជាក្រុមហ៊ុន Minibear ដែលជាក្រុមហ៊ុនឈានមុខមួយរបស់​ជប៉ុនដែល​ផលិតគ្រឿងបង្គុំ ម៉ូទ័រតូចៗជាដើម។

សូមបញ្ជាក់ថា សម្រាប់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវិស័យការងារ កម្ពុជា-ជប៉ុន បានចុះអនុស្សរណៈនៃការយោគយល់គ្នានៅឆ្នាំ២០០៧ ដើម្បីទទួលកម្មសិក្សាការីកម្ពុជា​ទៅធ្វើការ​នៅប្រទេសជប៉ុន និងអនុស្សរណៈនៃការយោគយល់គ្នានៅឆ្នាំ២០១៩ ដើម្បី​ទទួលយកពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន ខណៈបច្ចុប្បន្នមានកម្មសិក្សាការី និងពលករជំនាញកម្ពុជាដែលកំពុងបម្រើការនៅប្រទេសជប៉ុនមានជាង ១០ ០០០នាក់៕