ក្រសួងបរិស្ថានបើកសិក្ខាសាលាស្ដីពី ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តរដ្ឋបាលទំនើប


ភ្នំពេញ ៖ ឯកឧត្ដម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ នៅថ្ងៃ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពីការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តរដ្ឋបាលទំនើប នៅទីស្ដីការក្រសួង បរិស្ថាន។

 

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា សិក្ខាសាលាស្ដីពីការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តរដ្ឋបាលទំនើប ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០២០ មានគោលបំណងលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការចូលរួមអនុវត្តន៍ ដើម្បីសម្រេចគោលដៅអាទិភាពរបស់ក្រសួងបរិស្ថានប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយបន្ស៊ីទៅនឹងមុខងារ ភារកិច្ចរបស់ខ្លួន ដែលជាសេនាធិការផ្ទាល់ ក្នុងការពង្រឹងកិច្ចដំណើរការរដ្ឋបាលទំនើបរបស់ក្រសួងបរិស្ថាន រួមនឹងការចូលរួមអនុវត្តន៍កម្មវិធីកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល។ ពិសេសកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដែលជាមូលដ្ឋានរឹងមាំ សម្រាប់ពង្រឹងប្រសិទ្ធភាពអនុវត្តន៍ចំពោះកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធន ធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។

សិក្ខាសាលាមានគោលបំណង៖ ១)ត្រួតពិនិត្យ សមិទ្ធផលការងារដែលបានអនុវត្តន៍រយៈពេល១ឆ្នាំ(២០២០)នេះ និងពិភាក្សាកែលម្អ ដើម្បីកំណត់ឱ្យបាននូវដំណោះស្រាយពាក់ព័ន្ធបញ្ហាប្រឈម ចំណុចខ្វះខាត ក្នុងការអនុវត្តកិច្ចការស្នូល របស់អង្គភាពសាមី ដែលបាននិងកំពុងជួបប្រទះ ព្រមទាំងកំណត់គោលដៅការងារអនុវត្តន៍បន្ត ដោយភាពបត់បែនក្នុងការឆ្លើយតបទៅនឹងការអនុវត្តកម្មវិធីកំណែទម្រង់របស់ក្រសួងបរិស្ថាន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់ក្រសួង ក្នុងការកសាងនូវ «រដ្ឋបាលទំនើប» ដែលអាចធានាកិច្ចគាំ ពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាព។ ២) ប្រមូលធាតុចូលសម្រាប់ដាក់ជូនអង្គសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ពិនិត្យសម្រេច និងតម្រង់ទិស ។ តាមរយៈពីរថ្ងៃនេះ អង្គសិក្ខាសាលានឹងជ្រាបនូវលទ្ធផលការងារ អនុវត្តន៍បានក្នុងឆ្នាំ២០២០ បញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២១ របស់សាមីអង្គភាពស្ថិតក្រោមអង្គភាព ថវិកាទី៦ តាមរយៈសេចក្តីរាយការណ៍ មានជាអាទិ៍៖ (១)ការគ្រប់គ្រងកិច្ចការរដ្ឋបាល (២)ការពង្រឹងការគ្រប់គ្រងធនធានមនុស្ស (៣)ការពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងហិរញ្ញវត្ថុ (៤)ការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ (៥)ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកិច្ចលទ្ធកម្មសាធារណៈ (៦)ការពង្រឹងប្រសិទ្ធភាពការកសាងផែនការយុទ្ធសាស្រ្តថវិកា និងថវិកាប្រចាំឆ្នាំ និង (៧)ការពង្រឹង ការអនុវត្តការងារសវនកម្មផ្ទៃក្នុង និងអធិការកិច្ច៕