កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង កិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់អភិវឌ្ឍន៍មជ្ឈមណ្ឌល ភស្តុភារកម្មភ្នំពេញ


ភ្នំពេញ៖ កាលពីថ្ងៃ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធា    រណការ និង​ដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់កម្ពុជា និងសិង្ហបូរី តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ប្រទេស​ទាំងពីរ រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនYCH និងក្រុមហ៊ុន IA។

កិច្ច​ប្រជុំធ្វើឡើង​ក្នុងគោលបំណង ដើម្បីពិភាក្សាលើសេចក្តីព្រាង កិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់អភិវឌ្ឍន៍មជ្ឈ​មណ្ឌល​ភស្តុភារកម្មភ្នំពេញ​ ក៏ដូចជាប្រមូលធាតុចូលបន្ថែមពីគ្រប់ស្ថាប័នពាក់ព័ន្ធ សំដៅឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយ អាចទទួលយកបានពីគ្រប់ភាគី ជាពិសេសបម្រើឱ្យប្រយោជន៍ជាតិជារួម ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពលក្នុងការលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោក ទាំងតម្លៃ និងសេវាកម្ម ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបាន​គូសបញ្ជាក់ថា ដើម្បីជំរុញឱ្យគម្រោងនេះមានដំណើរការកាន់តែរលូន និងឆ្ពោះទៅមុខតាមផែនការ ក្រសួងកំពុងស្វែងរកដៃគូអភិវឌ្ឍន៍ ហើយធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីទទួលបានការណែនាំ និងការចង្អុលបង្ហាញបន្ថែម មុនចាប់ផ្តើមកិច្ចប្រជុំលើកក្រោយ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះអង្គប្រជុំ ដែលបានផ្ដល់ធាតុចូលដ៏មានតម្លៃ ក្នុងបុព្វហេតុរៀបចំកិច្ចព្រមព្រៀងនេះឱ្យមានសង្គតិភាព ស្របតាមបរិបទច្បាប់សង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។ ព្រមទាំងបានណែនាំឱ្យក្រុមការងារចំពោះកិច្ចធ្វើការងារនេះឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ​ និងក្រុមហ៊ុនវិនិយោគ ដើម្បីជំរុញឱ្យគម្រោងនេះដំណើរការរលូនស្របតាមកាលវិភាគដែលបានគ្រោងទុក៕