រដ្ឋសភា បើកសម័យប្រជុំលើកទី៥ នីតិកាលទី៦ ដោយមានរបៀបវារៈ១១


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ រដ្្ឋសភាបានបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់មួយចំនួន។ កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន១១ ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីតំណាងរាស្រ្ត១១៧រូបផងដែរ។

របៀបវារៈ សម្រាប់កិច្ចប្រជុំពេញអង្គនេះមានដូចជា៖

១៖ ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។

២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៤ និងលើកទី៥ នីតិកាលទី៦។

៣៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យ សម្បត្តិរដ្ឋ។

៥៖ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃម៉ាឡេស៉ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។
* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។

៦៖ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

៧៖ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីបត្យាប័ន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារំាង។

៨៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៉ី។

៩៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការយល់ព្រមលើអនុសញ្ញាមីណាម៉ាតា ស្តីពីបារត។

១០៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្ម ពិធីសារម៉ុងរ៉េអាល់ស្តីពី សារធាតុបំផ្លាញស្រទាប់អូហ្សូន។

១១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន៖ ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមជម្រាបថា ការបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦នេះ បានធ្វើឡើងក្រោយពេលដែលរដ្ឋសភា បានធ្វើវិស្សមកាលពីសម័យប្រជុំរដ្ឋសភា អស់រយៈពេល៣ខែកន្លងមក ដោយសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ បានបិទបញ្ចប់កាលពីថ្ងៃទី២ ខែកកក្កដា ឆ្នាំ២០២០។

នៅក្នុងរយៈពេលវិស្សមកាលកន្លងមក ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា បានចុះបំពេញតួនាទីជាតំណាងពលរដ្ឋ នៅតាមមណ្ឌលខេត្ត-រាជធានីទូទំាងប្រទេស និងបានបំពេញការងារច្រើនទៀត ទាំងការប្រជុំរដ្ឋសភាជាវិសាមញ្ញ និងការងារការទូតសភានៅលើឆាកអន្តរជាតិ។ ជារួមសកម្មភាពរដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៤ និងលើកទី៥ នីតិកាលទី៦នេះ ត្រូវបង្ហាញជូននៅក្នុងថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នាពេលនេះ៕