ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម៖ ការរួមគ្នារបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាកត្តាជោគជ័យខ្ពស់ ក្នុងវិស័យការងារគ្រប់គ្រងគ្រោះមហន្ដរាយ


(កណ្តាល)៖ ក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្ដរាយ រយៈពេល៩ខែ ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ការសហការជិតស្និទ្ធកម្រិតពហុវិស័យ និងអន្តរស្ថាប័ន ជាមួយក្រសួង-ស្ថាប័ន កាកបាទក្រហមកម្ពុជា និងដៃគូផ្សេងៗទៀត គឺជាកត្តាធានាជោគជ័យខ្ពស់ ក្នុងវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរដល់មន្ត្រី បុគ្គលិកទាំងអស់ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានបំពេញការងារ បានយ៉ាងល្អរយៈពេល៩ខែមកនេះ ទាំងការងារត្រៀមបម្រុងមុនពេលគ្រោះមហន្តរាយ ការឆ្លើយតបពេលមានគ្រោះមហន្តរាយ និងការងារស្តារឡើងវិញ ជាពិសេសលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតាមបណ្តាខេត្ត-ក្រុង ដែលថ្មីៗនេះបានសហការជិតស្និទ្ធ ជាមួយសាខាកាកបាទក្រហមកម្ពុជា ធ្វើការងារយ៉ាងសកម្មបំផុត ដើម្បីឆ្លើយតបនិងសង្គ្រោះ ប្រជាពលរដ្ឋងាយរងគ្រោះដោយជំនន់ទឹកភ្លៀង បានទាន់ពេលវេលា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ស្តីពី «ការមិនទុកនរណាម្នាក់ចោល»។

ក្នុងនាមជាស្ថាប័នសម្របសម្រួល ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំឲ្យដាក់របាយការណ៍នេះ ត្រូវបូកបញ្ចូលលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយសំខាន់ៗ របស់ក្រសួង-ស្ថាប័ន ក្នុងរបាយការណ៍សរុបនេះផងដែរ តាមរយៈលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួង-ស្ថាប័ន ជាពិសេសការងារឆ្លើយតប នឹងបញ្ហាជំងឺកូវីដ-១៩ ដែលទទួលបានជោគជ័យខ្ពស់ និងមានការទទួលស្គាល់ពីសំណាក់ស្ថាប័នអន្តរជាតិជាច្រើន។

ជាទិសដៅការងារបន្តរហូតដល់ចុងឆ្នាំ និងសម្រាប់ផែនការការងារឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចំណុចជាយុទ្ធសាស្ត្រដូចជា សារៈសំខាន់ នៃការប្រកាសដាក់ឲ្យប្រើប្រាស់ផែនការសកម្មភាពជាតិ សម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការងារគ្រប់គ្រង គ្រោះមហន្តរាយ ការសហការសម្របសម្រួលជាមួយបណ្តាក្រសួង-ស្ថាប័នជំនាញ កាកបាទក្រហមកម្ពុជា និងដៃគូផ្សេងៗ ទៀតជាក់ស្តែង។

ចំពោះការធ្វើផែនការការងារគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់ ត្រីមាសទី៤ ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសជាមួយក្រសួង-ស្ថាប័ន ជំនាញពាក់ព័ន្ធ និងបណ្តាស្ថាប័នដៃគូផ្សេងៗទៀតត្រូវ អនុលោមតាមផែនការសកម្មភាពជាតិ សម្រាប់កាត់បន្ថយហានិភ័យ គ្រោះមហន្តរាយឆ្នាំ២០១៩-២០២៣ ដែលរាជរដ្ឋាភិបាល ទើបអនុម័តដាក់ឲ្យប្រើប្រាស់ ដើម្បីអាចឲ្យស្ថាប័នពាក់ព័ន្ធទាំងនេះ អាចចាប់ផ្តើមបញ្រ្ជាប និងអនុវត្តជាផ្លូវការ ការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុង ផែនការប្រចាំឆ្នាំរៀងៗខ្លួន។

ដោយឡែកការងារចុះជាក់ស្តែងនៅមូលដ្ឋាន ដើម្បីស្វែងយល់ និងដោះស្រាយ បញ្ហាប្រឈមរបស់មូលដ្ឋាន គឺជាកត្តាស្នូលផងដែរ ទេសរដ្ឋមន្ត្រី គន់ គីម បានដាក់ចេញសម្រាប់បន្ត និងគិតគូរក្នុងផែនការឆ្នាំ២០២១។

គួរបញ្ជាក់ថា សេចក្តីសន្និដ្ឋានតាមរយៈរបាយការណ៍៩ខែ ឆ្នាំ២០២០នេះ ផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិទាំងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត គឺបានថយចុះបើធៀបនឹងឆ្នាំ២០១៩ ហើយសមិទ្ធផលការងារវិញ គឺទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្ត ទាំងនៅអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយតាមក្រសួង-ស្ថាប័ន និងថ្នាក់ក្រោមជាតិផងដែរ៕