សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)


នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោក ADACHI ISTU ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA ) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមុនពេលបញ្ចប់អាណត្តិនៅកម្ពុជា។
លោក ADACHI បានមកបំពេញការងារនៅប្រទេសកម្ពុជាចំនួន២អាណត្តិហើយ ដោយអាណត្តិទី១នៅឆ្នាំ២០០១-២០០៣ និងអណត្តិទី២ឆ្នាំ ២០១៥-២០១៧នេះ។ លោកមានកិត្តិយសណាស់ដែលបានចូលរួមចំណែកក្នុងស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ និងវិស័យដោះមីនជាដើម។ លោកផ្ទាល់បានចងចាំអំពីសមិទ្ធិផលស្ពានគីហ្សូណានៅខេត្តកំពង់ចាម និងស្ពានត្សឹបាសា(អ្នកលឿង) ដែលលោកថា ស្ពានទាំងពីរនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ជាពិសេសក្នុងការជំរុញវិស័យសេដ្ឋកិច្ចកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក ADACHI។ ទន្ទឹមនឹងនោះ សម្ដេចតេជោ បានមានប្រសាសន៍ថា ស្ពានទាំងពីរដែលលោក បានចងចាំមិនភ្លេចនោះ គឺមិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់តភ្ជាប់ទំនាក់ទំនងក្នុងតំបន់ទាំងមូលដែលនឹងជួយដល់ ការអភិវឌ្ឍពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងទេសចរណ៍ជាដើម។ ការវិនិយោគ និងការដាក់ទុនរបស់ជប៉ុនក្នុងការសាងសង់ស្ពាននេះគឺចំចំណុចអាទិភាពដែលកម្ពុជាត្រូវការបំផុត។ ប្រាកដណាស់ ការរីកចម្រើនរបស់កម្ពុជាមកទល់សព្វថ្ងៃគឺមានការចូលរួមចំណែកយ៉ាងច្រើនពីមិត្តជប៉ុន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយដល់កម្ពុជា។ សម្តេចតេជោក៏បានកោតសរសើរចំពោះ JICA ដែលបានធ្វើការសិក្សាក្នុងគម្រោងផ្សេងៗ ក្នុងការជួយដល់ការអភិវឌ្ឍកម្ពុជា។ លើសពីនេះទៅទៀត សម្ដេចបានស្នើសុំអោយ JICA បន្តជួយដល់កម្ពុជា ជាពិសេសលើវិស័យដោះមីនទាំងផ្នែកបច្ចេកទេស និងថវិកា។ សម្ដេចតេជោ ហ៊ុន សែន បានជួនពរ លោក ADACHI អោយទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតក្នុងបេសកកម្មថ្មីបន្ទាប់ពីលោកវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ៕