នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន មានរៀបចំវេទិការួមគ្នាមួយរវាងក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ស្តីពី «ភាពរស់រវើករបស់ប្រជាជនយើង បេតិកភណ្ឌវប្បធម៌ជាអត្តសញ្ញាណរបស់យើង បរិស្ថានជាអនាគតរបស់យើង» ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ សង្គមស៊ីវិល និងវិស័យឯកជនប្រមាណ ៤០០នាក់។
គោលបំណងនៃវេទិការួមគ្នានេះ គឺដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍លើការងារអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ក្នុងទិសដៅកៀរគរធនធានហិរញ្ញវត្ថុសម្រាប់ការងារធនធានធម្មជាតិ បំផុស និងលើកស្ទួយតួនាទីសហគមន៍ទេសចរណ៍ធម្មជាតិ ភ្នាក់ងារទេសចរណ៍ និងមគ្គុទេសក៍ទេសចរណ៍ក្នុងការងារការពារ និងអភិរក្សធនធានធម្មជាតិ ជំរុញ និងបង្កើនកិច្ចសហ ការរវាងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងការអភិរក្សធនធានធម្មជាតិ និងចងក្រងនូវធាតុចូលសម្រាប់វេទិកាថ្នាក់ជាតិស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ។