រដ្ឋបាលខណ្ឌច្បារអំពៅ ប្រជុំបែងចែកវេនដឹកនាំកម្លាំងសណ្តាប់ធ្នាប់ ចុះប្រមូលសំរាមក្នុងមូលដ្ឋាន


ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបើកកិច្ចប្រជុំបន្ទាន់ ជាមួយចៅសង្កាត់ទាំង៨ និងក្រុមការងារអនាម័យ បរិស្ថាន ដើម្បីដាក់ផែនការឲ្យលោក-លោកស្រី ជាចៅសង្កាត់ទាំងអស់ និងក្រុមការងារអនាម័យ បរិស្ថាន ខណ្ឌ ដឹកនាំកម្លាំងប្រមូលសំរាមប្រចាំថ្ងៃ ដោយចែកចេញជា២វេន។

ជាក់ស្តែង នៅរសៀលថ្ងៃទី០៦ ខែតុលានេះ ឯកឧត្តមអភិបាលខណ្ឌ ដឹកនាំមន្ត្រីកម្លាំងសណ្តាប់ធ្នាប់ ចុះប្រមូលកើបសំរាម ដោយពីគល់ស្ពានច្បារអំពៅ ផ្លូវ៣៦៩ ដល់ស្ពានព្រែកសំរោង អមដោយរថយន្ត២គ្រឿង និងរ៉ឺម៉កម៉ូតូ៣គ្រឿង ។

សូមរំលឹកថា ជាដំណោះស្រាយបន្ទាន់ នៅថ្ងៃទី៦ ខែតុលានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តប្រមូលសំរាមថ្មី ចំនួន៧០គ្រឿង រួមជាមួយរឺម៉ក់ប្រមូលសំរាមរាប់សិបគ្រឿង និងកម្លាំងសន្តិសុខសណ្តាប់ធ្នាប់គ្រប់ខណ្ឌ ចេញប្រតិបត្តការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ ខណៈដែលកម្មករក្រុមហ៊ុន ស៉ិនទ្រី ធ្វើកូដកម្មដោយមិនចេញប្រមូលសំរាម ដោយក្រុមការងារប្រមូលសំរាមបណ្តោះអាសន្ននេះ បានចែកចេញជា៣វេន។

ជាមួយគ្នានេះ ឯកឧត្តម ចេង មុនីរ៉ា ក៏បានណែនាំដល់ចៅសង្កាត់ ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការទុកដាក់ និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ និងតាមពេលវេលាដែលបានកំណត់ ដើម្បីងាយស្រួលដល់ក្រុមការងារប្រមូលសំរាម និងបានលឿន។

ឯកឧត្តម ចេង មុនីរ៉ា បានជួបសំណេះសំណាល ជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌច្បារអំពៅ ព្រមទាំងណែនាំបន្ថែម លើការចុះប្រមូលសំរាម ក្នុងមូលដ្ឋានខណ្ឌ និងបានឧបត្ថម្ភជាអង្ករ និងថវិកាមួយចំនួន៕