រាជធានីភ្នំពេញ៖ ពិធីបើកសន្និបាតអប់រំ យុវជន និងកីឡាបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៥-២០១៦ និងលើកទិសដៅការងារឆ្នាំសិក្សា២០១៦-២០១៧ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍន៍ អង្គការដៃគូក្នុងវិស័យអប់រំ ព្រមទាំងបុគ្គលិកអប់រំទាំងអស់ចំនួនប្រមាណ១,៥០០នាក់។
ក្នុងពិធីនេះ លោកជំទាវឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងដៃគូពាក់ព័ន្ធដែលបានចូលរួមទាំងអស់គ្នាយ៉ាងសកម្ម ធ្វើឲ្យវិស័យអប់រំ យុវជន និងកីឡាមានការរីកចម្រើនគួរឲ្យកោតសរសើរគ្រប់កម្រិតសិក្សាទាំងផ្នែកសាធារណៈ និងឯកជន។ លោកជំទាវបានបន្តលើកឡើងថា សន្និបាតអប់រំ យុវជន និងកីឡា ដែលកំពុងប្រព្រឹត្តឡើងនាពេលនេះ នឹងពិភាក្សា ផ្លាស់ប្តូរ ប្រមូលធាតុចូលសំខាន់ក្នុងការអនុវត្តគោលនយោបាយអប់រំ យុវជន និងកីឡាឲ្យទទួលលទ្ធផលកាន់តែល្អប្រសើរ ក្នុងការអភិវឌ្ឍធនធានមនុស្សដែលជាកត្តាសំខាន់ដែលមិនអាចខ្វះបានក្នុងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សេដ្ឋកិច្ចជាតិទាំងមូល។