រដ្ឋបាលខេត្តកណ្តាលបានរៀបចំវេទិកាសាធារណៈផ្សព្ធផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣


កណ្តាល៖ នៅថ្ងៃ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្តាលបានរៀបចំវេទិកាសាធារណៈផ្សព្ធផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដែលប្រារព្ធធ្វើនៅរដ្ឋបាលស្រុកកណ្តាលស្ទឹង ។

ដោយអនុវត្តន៍តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ក្រុមប្រឹក្សា គណៈអភិបាលស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា តម្រូវឱ្យក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមក្រុង ស្រុកនានា ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ(មាត្រា៩ នៃអនុក្រឹត្យ២១៦) និងក្រុមប្រឹក្សាក្រុង ស្រុកត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមឃុំ សង្កាត់នានាក្នុងអំឡុងខែមិថុនា នៃឆ្នាំនីមួយៗ(មាត្រា៦៤ នៃអនុក្រឹត្យ២១៦) វេទិកានាពេលនេះ គឺជាលើកទី២ ក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា សារៈសំខាន់សម្រាប់វេទិកានេះគឺ ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបាន តាមរយៈការអនុវត្តនូវសកម្ម ភាពនានា បណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណា ដោះស្រាយ និងបន្តអនុវត្តន៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់ តែល្អប្រសើរឡើង៕