ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ដែលវិនិយោគអស់ទឹកប្រាក់៨៥លានដុល្លារ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» គឺជាគម្រោងសួនកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ចម្ងាយជាង ២០គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជាការវិនិយោគរបស់ក្រុមហ៊ុន «ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបម៉ិន ឯ.ក» ដោយគ្របដណ្តប់លើផ្ទៃដីទំហំ ជាង១៣ហិកតា ជាមួយគម្របរុក្ខជាតិបៃតងចំនួន ៨៨ភាគរយ ជាមួយទុនវិនិយោគប្រមាណ ៨៥លានដុល្លារអាមេរិក។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីសប្បាយរីករាយចំពោះវត្តមានមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មជ្ឈមណ្ឌកម្សាន្តលំដាប់អន្តរជាតិមួយនេះ នឹងរួមចំណែកលើកកម្ពស់ការទាក់ទាញនៅភាគខាងកើតរាជធានីភ្នំពេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ នាពេលនេះ បង្ហាញថា កូវីដ១៩ មិនបានសម្លាប់កម្ពុជានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសូមការយោគយល់ពីប្រទេសជាមិត្តទាំងឡាយ ដែលកម្ពុជាហាមឃាត់មិនឱ្យមានជើងហោះហើរមកកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកទេសចរមិនសម្តៅតែលើអ្នកទេសចរអន្តរជាតិនោះទេ តែពលរដ្ឋកម្ពុជាក៏ជាអ្នកទេសចរដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុនពេលមានកូវីដ១៩ ពលរដ្ឋកម្ពុជា ប្រមាណ ២លាននាក់ បានចេញទៅលេងនៅក្រៅប្រទេស។ តែបច្ចុប្បន្នអ្នកទាំងនោះ បានបង្វែមកដើរលេងកម្សាន្តក្នុងស្រុកជំនួសវិញ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញពីចំណាប់អារម្មណ៍ចំពោះការដើរលេងកម្សាន្តយ៉ាងច្រើនរបស់ប្រជាពលរដ្ឋខ្មែរ ពេលឈប់សងចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ក៏ដូចជាការទៅលេងនៅតំបន់អភិវឌ្ឍន៍របស់ឧកញ៉ា លី យ៉ុងផាត់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួន បានស្គាល់តំបន់ទេសចរណ៍ក្នុងប្រទេស។ ខុសពីពេលមុនពេលសម្រាកតែងទៅលេងនៅក្រៅប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជីវិតមនុស្សនៅលើលោកនេះ គឺត្រូវការហូបចុក និងការកម្សាន្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីទាក់ទាញអ្នកទេសចរមិនអាចពឹងផ្អែកតែលើប្រាសាទអង្គរវត្តបានទេ ត្រូវបង្កើតផលិតផលទេសចរឱ្យបានច្រើនថែមទៀត ដូចជាមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ នេះជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កន្ត្រកជិះនៅមជ្ឈមណ្ឌល ព្រីន ម៉ាណ័រ កម្ពស់ប្រមាណ ៨៨ម៉ែត្រ ជាកម្ពស់ខ្ពស់ចំណាត់ថ្នាក់ទី៣ សម្រាប់កន្ត្រកនៅអាស៊ាន។

* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យបង្កើតផែនៅមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ដើម្បីឱ្យអ្នកទេសចរតាមកាណូតចូលសំចត ឱ្យភ្ញៀវឡើងលេងកម្សាន្តទីនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ១៩ មិនបានធ្វើឱ្យពលរដ្ឋកម្ពុជាស្លាប់នោះទេ ហើយនៅតែមានលទ្ធភាពក្នុងការដើរលេងកម្សាន្តនៅឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់វិស័យឯកជនទាំងអស់ ដែលនៅតែបន្តប្រក្រតីភាពនៃសេដ្ឋកិច្ចកម្ពុជា ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើពេលនេះក្រុមហ៊ុនឯកជនទាំងអស់នាំគ្នាបិទទ្វារ នឹងនាំឱ្យពលរដ្ឋកម្ពុជាជួបវិបត្តិបាត់បង់ការងារធ្វើ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបន្តដំណើរការរបស់ក្រុមហ៊ុនឯកជននានា បានជួយដោះស្រាយវិបត្តិអត់ការងារ និងប្រាក់ឈ្នួលរបស់ពលរដ្ឋកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់ថា ក្នុងវិបត្តិកូវីដ១៩នេះ ទោះមានរោងចក្រកាត់ដេរមួយចំនួនបានបិទ តែក៏មានការវិនិយោគថ្មីលើទិសដៅផ្សេង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីពេលនេះទៅមុខវិស័យឯកជន នឹងបន្តកាន់ដៃជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍កម្ពុជាឱ្យទៅមុខថែមទៀត។ ជាពិសេសក្រោយវិបត្តិនៃជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសោមនស្សចំពោះការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាពីសំណាក់ធនាគារពិភពលោក និងអភិវឌ្ឍន៍អាស៊ី ដែលប្រហាក់ប្រហែលការព្យាករណ៍របស់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ក៏បានបង្វែពលរដ្ឋខ្មែរឱ្យមករកសេវាសុខាភិបាលនៅកម្ពុជាផងដែរ។ សម្តេចតេជោ បានលើកឡើងករណីទីប្រឹក្សារបស់សម្តេចម្នាក់ មានជំងឺបេះដូង ព្រោះតែមិនអាចចេញទៅក្រៅប្រទេសបាន បានងាកមកសេវានៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយក៏ជាសះស្បើយ។
សម្តេចតេជោ បានកត់សម្គាល់ថា ជំងឺកូវីដ១៩ បានធ្វើឱ្យមើលឃើញពីសមត្ថភាពរបស់គ្រូពេទ្យកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ក៏បានធ្វើឱ្យប្រសើរឡើងនូវវិស័យកសិកម្មផងដែរ។ សម្តេចតេជោ បានលើកឡើងថា ពេលបិទព្រំដែនព្រោះតែជំងឺកូវីដ១៩ កសិករខ្មែរអាចដាំដុះ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ខ្លួនឯងបាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលមានវិបត្តិតែងតែទទួលបានបទពិសោធន៍ ហើយពេលមានការលំបាកតែងរកឃើញនូវឱកាស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលជួបការលំបាកយើងមិនត្រូវរត់ដូចពាក្យស្លោកខ្មែរយើងថា «ធូរប្រឹង តឹងប្រាស់» នោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាំបាច់ណាស់សម្រាប់សន្តិភាព។ មានសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរកម្សាន្តបានគ្រប់ទីកន្លែង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈបទចម្រៀង «សំឡេងយុទ្ធជនភូមិគគីធំ» ជារឿងគួរឱ្យខ្មាសអៀនណាស់ ដែលកម្ពុជាមានផ្ទៃដី ១៨១,០៣៥គីឡូម៉ែត្រក្រឡា បែរជាមានកន្លែងប្រយុទ្ធគ្នាត្រឹមឃុំ គគី ខេត្តកណ្តាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយមានសុខសន្តិភាពតាមរយៈបាយឈ្នះឈ្នះ តាំងពីឆ្នាំ១៩៩៨មក បានធ្វើឱ្យកម្ពុជា មានការអភិវឌ្ឍន៍។

* សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់រដ្ឋាភិបាលចិន ដែលបានជួយកសាងផ្លូវ និងស្ពាននៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន សម្តែងការហួសចិត្តចំពោះការលើកឡើងមួយចំនួនដែលថា កម្ពុជាចាប់ចិន រណបចិន បោះបង់មហាអំណាចដទៃ។ សម្តេចតេជោចោទសួរថា បើចិនមិនជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ តើនរណាជួយ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំពង់ផែយោធារាម មិនមែនប្រើជាអន្តរជាតិនោះទេ នាវាទ័ពបរទេសទាំងឡាយដែលចង់ចូលចតត្រូវសុំការអនុញ្ញាតពីកម្ពុជា។ សម្តេចតេជោបន្ថែមថា មិនថាតែចិន ឬប្រទេសណា ឱ្យតែសុំការអនុញ្ញាតគឺអាចចូលចតបាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញនេះសម្តេចបានសម្រេចឱ្យសាងសង់ផ្លូវចំនួន៣គម្រោងទៀត រួមមានផ្លូវលេខ៤១ តភ្ជាប់លេខ៤ ទៅកំពត, ផ្លូវលេខ៣១ និងផ្លូវលេខ៣៣ នៅខេត្តកំពត។ សម្តេចតេជោបានថ្លែងថា គម្រោងទាំងនេះនឹងសុំខ្ចីថវិកាពីរដ្ឋាភិបាលចិន។

* សម្តេចតេជោ ហ៊ុន សែន កំពុងតែបារម្ភរឿងជំងឺកូវីដ១៩ ធ្វើឱ្យបាត់បង់ភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ ដែលធ្លាប់មានមុនពេលកើតមានជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានស្នើរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិចារណាដាក់ចេញវិធានការលើការប្រណាំងទូកនៅតាមភូមិ និងខេត្តនានា ដែលអាចប្រឈមការចម្លង ឬរីករាលដាលជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញសម្តេចបានសាងកំហុសមួយ គឺពាក់វែនតាខ្មៅពេលថ្វាយព្រះរាជដំណើរព្រះមហាក្សត្រខ្មែរទៅកាន់រដ្ឋធានីប៉េកាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានសូមព្រះរាជទានទោសពីព្រះអង្គតាម Whatsapp ផងដែរ។ សម្តេចតេជោ ក៏បានបង្ហាញសូមព្រះរាជទានទោសពីព្រះមហាក្សត្រតាម Facebook ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាទម្លាប់របស់សម្តេចមិនពាក់វែនតាខ្មៅ និងក្រវ៉ាត់កពណ៌ក្រហមនោះឡើយ ពេលចូលគាល់ព្រះមហាក្សត្រ ឬចូលរួមពិធីផ្សេងៗក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ។ សម្តេចតេជោ បានថ្លែងថា ការរៀបចំខ្លួនបែបនេះ គឺជាការគោរពសម្រាប់ព្រះមហាក្សត្រ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពជំងឺកូវីដ១៩ មិនទាន់ច្បាស់លាស់នៅឡើយនោះទេ។ សម្តេចតេជោ បានស្នើឱ្យប្រជាពលរដ្ឋបន្តប្រកាន់ខ្ជាប់នូវវិធានការការពារជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកប្រធានាធិបតីអាមេរិក និងភរិយា នឹងឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់មជ្ឈមណ្ឌល ព្រីនស៍ ម៉ាណ័រ អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងការពារកុំឱ្យមានជំងឺកូវីដ១៩នៅក្នុងមជ្ឈមណ្ឌលនេះ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលនឹងបន្តឧបត្ថម្ភរយៈពេល៣ខែទៀត ដល់ប្រជាពលរដ្ឋក្រីក្រប្រមាណជា ៦០ម៉ឺនគ្រួសារ ស្មើនឹងជាង ៣លាននាក់។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការឧបត្ថម្ភដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍នៅតែបន្ត ហើយសេវាគាំពារផ្សេងៗទៀត ក៏នៅតែបន្តផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាច់ប្រាក់ពលកម្មត្រូវបានបង្កើនពី ៥០លាន ដល់ ១៥០លានដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខែវិច្ឆិកា សម្តេចនឹងអញ្ជើញទៅបើកការដ្ឋានសាងសង់ផ្លូវទាំង៣៨ខ្សែនៅក្នុងក្រុងសៀមរាប។

* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យបន្តរួមគ្នាជំរុញវិស័យកសិកម្ម។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រឹងប្រែងទប់ទឹកទុកសម្រាប់ប្រើប្រាស់ពេលអស់ភ្លៀង។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ស្ថាប័នគ្រប់គ្រងសម្ភារៈវេជ្ជសាស្ត្រ តើហួសសុពលភាពប្រើប្រាស់ឬនៅ បើហួសត្រូវបញ្ចេញមកប្រើប្រាស់ និងទិញចូលថ្មី។

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា ដើម្បីធានាដល់ស្បៀអាហារសម្រាប់ប្រជាពលរដ្ឋ សម្តេចបានរៀបចំស្តុកនូវស្បៀងអាហារផ្សេងៗផងដែរ មានដូចជាអង្ករ មី និងគ្រឿងបរិភោគផ្សេងៗ។ សម្តេចតេជោ បានណែនាំដល់អ្នកគ្រប់គ្រងស្តុក ឱ្យពិនិត្យស្បៀងអាហារទាំងនេះ តើខូច ឬនៅប្រើប្រាស់បានយ៉ាងណា?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំចាត់ចែងស្តុកទាំងស្បៀង និងសម្ភារៈវេជ្ជសាស្ត្រផ្សេងៗនេះ គឺវិធីសាស្ត្រដឹកនាំរបស់សម្តេច ដែលតែងតែគិតគូរល្អិតល្អន់ជានិច្ច។ សម្តេចតេជោ បានថ្លែងថា ព្រោះតែទម្លាប់គិតគូរល្អិតល្អន់នេះហើយ ទើបធ្វើឱ្យសម្តេចអាចកាន់តំណែងរហូតដល់ជាង ៤០ឆ្នាំមកនេះ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹក និងដាស់តឿនប្រជាពលរដ្ឋថា សុខសន្តិភាព គឺជាកត្តាធំបំផុតសម្រាប់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានចូលរួមការពារសុខសន្តិភាពរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងចំអកទៅក្រុមមនុស្សដែលលើកឡើងថា កម្ពុជាអត់មានសន្តិភាពផ្លូវចិត្តថា បើធ្វើខុសច្បាប់ គឺត្រូវតែរស់នៅភ័យខ្លាចហើយ។ សម្តេចតេជោ បានថ្លែងថា ធ្វើខុសច្បាប់ គឺច្បាប់ត្រូវតែមានវិធានការច្បាប់ហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើចង់មានសន្តិភាពផ្លូវចិត្ត កុំធ្វើខុសច្បាប់ទៅបានហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រឹងប្រែងរកសុខសន្តិភាព ក្នុងការបញ្ចប់ជម្លោះប្រដាប់អាវុធពីច្រើនភាគី មកជារាជរដ្ឋាភិបាលតែមួយ ការគ្រប់គ្រងកម្លាំងតែមួយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះក្នុងតម្លៃណាក៏ដោយត្រូវតែរក្សាឱ្យបានសុខសន្តិភាព ចេញមួយវ៉ៃមួយ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ដាច់ខាតសម្តេចត្រូវតែរក្សានូវសេចក្តីសុខរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្ទឹងនឹងការខិតខំរក្សាសុខសន្តិភាពហើយនោះ ក៏ត្រូវតែប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវម៉ាក្រូសេដ្ឋកិច្ច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៦ ខែតុលា សម្តេចនឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់កោះពេជ្រ ទៅកោះនរា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលសម្រេចផ្អាកការដំឡើងប្រាក់បៀវត្សរ៍សម្រាប់ឆ្នាំ២០២១ ព្រោះតែស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសូមការយោគយល់ចំពោះបញ្ហានេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅតែបន្តការដំឡើងប្រាក់ចូលនិវត្តន៍សម្រាប់អតីតយុទ្ធជន និងអ្នកចូលនិវត្តន៍មុនៗ ដើម្បីឱ្យកាំប្រាក់ចូលនិវត្តន៍នេះប្រហាក់ប្រហែលអ្នកទើបចូលនិវត្តន៍។ បើតាមសម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលត្រៀមថវិកាប្រមាណ ១០លានដុល្លារ ដើម្បីដំឡើងកាំប្រាក់ចូលនិវត្តន៍នេះ។