សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក្នុងការផ្អាកដំឡើងប្រាក់បៀវត្ស ឆ្នាំ២០២១ ដោយសារសេដ្ឋកិច្ចមិនច្បាស់លាស់


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ បានថ្លែងសុំការយោគយល់ជាមុន ពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១ខាងមុខនេះ រាជរដ្ឋាភិបាលនឹងមិនដំឡើងប្រាក់បៀវត្សជូននោះទេ រក្សាទុកនូវអត្រាដដែលដូចឆ្នាំ២០២០ ដោយសារតែភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចកម្ពុជា ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។

ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលវិនិយោគអស់ទឹកប្រាក់ជាង៨៥លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានប្រាប់ទៅ អូន ព័ន្ធមុនីរ័ត្ន [រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ] ថាប្រាក់ខែសម្រាប់ឆ្នាំ២០២១ ដោយសារសេដ្ឋកិច្ចមិនច្បាស់លាស់ សុំផ្អាកការដំឡើងឆ្នាំ២០២១ អីចឹងសុំទោសទុកឲ្យហើយ។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រក្សាទុកនៅប្រាក់បៀវត្សដដែល តែប្រាក់ឧបត្ថម្ភសម្រាប់ចូលឆ្នាំ និងភ្ជុំបិណ្ឌ នៅឲ្យដដែល»

ជាមួយគ្នានេះ សម្រាប់ឆ្នាំ២០២១ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ការរក្សាការដំឡើងប្រាក់ចូលនិវត្តន៍ សម្រាប់អតីតយុទ្ធជន និងអ្នកចូលនិវត្តន៍មុនៗ ដើម្បីឱ្យកាំប្រាក់ចូលនិវត្តន៍នេះ ប្រហាក់ប្រហែលអ្នកទើបចូលនិវត្តន៍។ បើតាមសម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលត្រៀមថវិកាប្រមាណ១០លានដុល្លារក្នុង១ឆ្នាំៗ ដើម្បីដំឡើងកាំប្រាក់ចូលនិវត្តន៍នេះ។

សម្តេចនាយករដ្ឋមន្ត្រីថា «អ្វីដែលជាការយកចិត្តដាក់ ដែលជម្រាបជូនដល់អតីតយុទ្ធជន និងនិវត្តន៍ជននោះយើងនឹងបង្កើនប្រាក់បៀវត្សចំពោះនិវត្តន៍ជន និងអតីតយុទ្ធជនដែលចូលនិវត្តមុនដែលមានប្រាប់បៀវត្សទាប។ យើងប្រាក់ទឹកប្រាក់១០លានដុល្លារក្នុង១ឆ្នាំ ដើម្បីរុញអ្នកចូលនិវត្តមុនកុំឲ្យខុសគ្នាឆ្ងាយពេកជាមួយអ្នកចូលនិវន្តក្រោយ […] អីចឹងបានសេចក្តីថា យើងមិនដែលភ្លេចអតីតយុទ្ធជន និងនិវត្តន៍ជន ដែលបានចូលនិវត្តមុននោះទេ»

សូមជម្រាបថា ដើម្បីចូលរួមលើកកម្ពស់កម្រិត ជីវភាពរបស់មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (យោធា នគរបាល និងអាវុធហត្ថ) ឲ្យកាន់តែមានជីវភាពធូរធានោះ រាជរដ្ឋាភិបាលបានកំណត់ឲ្យមានការដំឡើង ប្រាក់បៀវត្ស២ដងក្នុង១ឆ្នាំ ដោយលើកទី១ ដំឡើងនៅខែមករា និងលើកទី២ នៅខែមេសា មុនបុណ្យចូលឆ្នាំខ្មែរ។

ការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា គឺជាការដំឡើងឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់បំណាច់មុខងារ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២១ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ ព្រោះតែឥទ្ធិពលនៃជំងឺកូវីដ១៩ ទើបរាជរដ្ឋាភិបាលផ្អាកការដំឡើងប្រាក់បៀវត្សនេះសិន។

កម្រិតប្រាក់បៀវត្សទាបបំផុតរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធសម្រាប់ឆ្នាំ២០២០រួមមាន៖ មន្ត្រីរាជការស៊ីវិល ១,១៧២,៥០០រៀល, គ្រូបង្រៀន និងគ្រូពេទ្យ ១,២៧២,៥០០រៀល, នគរបាលជាតិ (ពលបាលត្រី) ១,២៥៦,៩៧៧រៀល (គិតបញ្ចូលរបបអង្ករ) និងយោធិន (ពលទោ) ១,១២៣,៥០០រៀល (មិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលរបបអង្ករត្រូវជាប្រមាណ ១,១៨១,៩៧៧រៀល៕