អភិបាលខេត្តតាកែវ អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្តិភាពចរាចរណ៍ផ្លូវគោកប្រចាំខែកញ្ញា និងប្រចាំនព្វមាសឆ្នាំ២០២០ នៅខេត្តតាកែវ


តាកែវ៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្តិភាពចរាចរណ៍ផ្លូវគោកប្រចាំខែកញ្ញា និងប្រចាំនព្វមាសឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្ត នៅខេត្តតាកែវ ដែលកិច្ចប្រជុំនេះដែរក៏មានការចូលរួម ពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត និងមន្រ្តីពាក់ព័ន្ធក្នុងអនុគណៈកុម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវគោកខេត្ត ជាច្រើនរូបផងដែរ។
មានមតិបើកកិច្ចប្រជុំនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរចំពោះ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើការសកម្មភាពផ្សព្វផ្សាយ ច្បាប់ចរាចរណ៍នៅតាមមូលដ្ឋាន ពីសំណាក់អាជ្ញាធររបស់យើងនៅគ្រប់បណ្តាក្រុងស្រុក ក្នុងការចូលរួមទប់ស្តាត់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវឲ្យនៅទាបបំផុត នៅពេលដែលបងប្អូនយើងបានយល់ដឹងច្បាស់ពីការប្រើប្រាស់ផ្លូវ និងច្បាប់ចរាចរណ៍ ដើម្បីកាត់អបន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍ចរាចរណ៍ នៃស្នងការនគរបាលខេត្តបានអោយដឹងថា ករណីគ្រោះ ថ្នាក់ចរាចរណ៍រយះពេល ៩ខែឆ្នាំ២០២០ កើតឡើង ៥៣លើ ៨១លើក មានការថយចុះ ២៨ លើកស្មើនិង ៣៤,៥៦% បណ្តាលអោយមនុស្សរងគ្រោះ ១០១ នាក់ ស្រី៣៤នាក់ លើ១៥៧នាក់ ថយចុះ៥៦ នាក់ ស្មើ ៣៥,៦៦% ស្លាប់៣៦នាក់ លើ៥០នាក់ ថយចុះ១៤ ស្មើ២៨% និងខូចខាតមធ្យោបាយសរុប១០៣ គ្រឿង លើ១៦៣ ដែលក្នុងនោះ រយន្តធំ០៩ គ្រឿងរយន្តតូច៤៣គ្រឿង ម៉ូតូ៥៣គ្រឿង និងផ្សេងៗ៣គ្រឿង៕