សម្តេចពិជ័យ ទៀ បាញ់ ជំរុញឲ្យអាជ្ញាធរខេត្តកោះកុង ស្វែងរកមូលនិធិដើម្បីជួយស្ថាបនាផ្លូវ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន


(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ជំរុញឲ្យអាជ្ញាធរខេត្តកោះកុង ស្វែងរកមូលនិធិដើម្បីជួយស្ថាបនាផ្លូវជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជួបការលំបាកក្នុងការធ្វើដំណើរ។

ការជំរុញនេះ ខណៈដែលសម្តេចពិជ័យសេនា បានស្តាប់ការលើកឡើងរបស់អាជ្ញាធរក្រុងស្រុក ពីផលលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកោះកុង នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។

សម្តេចពិជ័យ ទៀ បាញ់ បានថ្លែងថា ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ គឺជាទុក្ខកង្វល់របស់រាជរដ្ឋាភិបាល។ ដូច្នេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង អាជ្ញាធរខេត្តក្រុងស្រុក ត្រូវយកចិត្តទុកដាក់ចំពោះការលើកឡើង និងសំណើររបស់ប្រជាពលរដ្ឋពីផលលំបាក ដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ពួកគាត់ ក្នុងការធ្វើដំណើរនៅតាមដងផ្លូវដែលការខូចខាតនោះ។

សម្តេចបានថ្លែងទៀតថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង អាជ្ញាធរខេត្តក្រុងស្រុកត្រូវជួយស្វែងរកមូលនិធិ ពីសប្បុរសជនដើម្បីជួយស្ថាបនាផ្លូវជូនគាត់ បានធ្វើចរាចរណ៍ ចេញចូលបានងាយស្រួលក្នុងមូលដ្ឋានគាត់ ហើយជួយរកដំណោះស្រាយជូនគាត់នៅពេលពួកគាត់មានបញ្ហាណាមួយ ព្រោះនេះ នេះជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីប្រជាពលរដ្ឋ និងដើម្បីអភិវឌ្ឍន៍ប្រទេស។

សម្តេចពិជ័យបានរម្លឹកថា ក្នុងយុគ្គសម័យសង្គ្រាមប្រទេសកម្ពុជាខ្ទេចខ្ទីគ្មានសល់ តែឥឡូវប្រទេសកម្ពុជាមានសន្តិភាព មានសិទ្ធិសេរីភាពពេញលេញ ហើយបច្ចុប្បន្នភាពកំពុងតែមានការអភិវឌ្ឍន៍ មានភាពរីកចំរើនគ្រប់វិស័យ ដែលធ្វើឲ្យកម្ពុជាមានភាពល្បីល្បាយនៅលើឆាកអន្តរជាតិ។

សម្តេចបានបន្ថែមថា ប្រទេសមានសន្តិភាព មានសេរីភាពមានភាពរីកចំរើននេះ គឺស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងបានកែប្រែជីវភាពរបស់ប្រជាជនមានការល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ៕