វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ចាប់ដៃគ្នាដើម្បីជំរុញជំនាញការងាររបស់និស្សិតបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ តាមរយៈកិច្ចសហការផ្នែកឧស្សាហកម្ម


វិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ (IBF) នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២០នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ (MoU) សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន (Paragon.U) ដើម្បីលើកកម្ពស់កិច្ចសហការ ផ្សារភ្ជាប់គម្លាតជំនាញរវាងកម្មវិធីសិក្សារបស់ស្ថាប័នអប់រំ និងតម្រូវការនៃវិស័យឧស្សាហកម្មធនាគារ។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ពិធីនេះក៏ត្រូវបានផ្តល់កិត្តិយសដោយ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា, ឯកឧត្តមបណ្ឌិត អ៉ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និងមានការចូលរួមពីក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់នៃ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។ តាមរយៈអនុស្សរណៈនៃការយោគយល់នេះ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន នឹងសហការគ្នាក្នុងការផ្តួចផ្តើមគំនិតផ្សេងៗ ដើម្បីផ្សាភ្ជាប់គម្លាតរវាងតម្រូវការជំនាញ ដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃវិស័យឧស្សាហកម្មធនាគារ និងអ្នកដែលបណ្តុះបណ្តាលដោយប្រព័ន្ធអប់រំឧត្តមសិក្សា។

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន នឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចសហការជាមួយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការតម្រង់កម្មវិធីសិក្សារបស់ខ្លួនទៅនឹងការរំពឹងទុក នៃវិស័យឧស្សាហកម្មតាមរយៈក្របខណ្ឌ និងសៀវភៅសិក្សារបស់វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាការបណ្តុះបណ្តាលអ្នកបណ្តុះបណ្តាលនិងការពិគ្រោះយោបល់ ដែលទាំងអស់នេះត្រូវបានដឹកនាំ និងអភិវឌ្ឍដោយអ្នកជំនាញឧស្សាហកម្មកម្ពុជា។ ជាការឆ្លើយតប IBF នឹងទទួលបានអត្ថប្រយោជន៍ពីការពិគ្រោះយោបល់ ការវាយតម្លៃ និងការផ្តល់មតិយោបល់ពីសំណាក់សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ដែលជាជំនួយដល់វិស័យឧស្សាហកម្ម ដើម្បីយល់ពីតម្រូវការរបស់នៃកម្លាំងពលកម្មសក្តានុពលរបស់ខ្លួន។

ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន បានថ្លែងថា កម្មវិធីអប់រំឧត្តមសិក្សានៅកម្ពុជាបានពង្រីកយ៉ាងឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើននៅក្នុងវិស័យផ្សេងៗ ប៉ុន្តែកំណើននេះមិនមានភាពស៉ីសង្វាក់គ្នាជាមួយនឹងតម្រូវការ នៃវិស័យឧស្សាហកម្មនោះទេ ដោយសារតែមិនមានកិច្ចសហការវាងអង្គភាពទាំងពីរ។ លោកបន្តថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវកំណែទម្រង់នៃវិស័យអប់រំឧត្តមសិក្សា ដើម្បីផ្តោតលើគុណភាពអប់រំ អភិបាលកិច្ចដែលមានភាពប្រសើរ ការផ្សារភ្ជាប់វិស័យអប់រំឧត្តមសិក្សា និងការអប់រំ STEM។

ឯកឧត្តមថ្លែងទៀតថា «ខ្ញុំសូមអបអរសាទរគំនិតផ្តួចផ្តើមនេះ ដែលដឹកនាំដោយ IBF និងមានការគាំទ្រពីសំណាក់ ABC និង CMA ក៏ដូចជាកិច្ចសហប្រតិបត្តិការជាវិជ្ជមានរបស់ Paragon.U ដើម្បីចូលរួមក្នុងការសហការគ្នាជាផ្លូវការនេះ។ ខ្ញុំទន្ទឹងរង់ចាំមើល ការខិតខំប្រឹងប្រែងរួមគ្នាជាច្រើនទៀត រួមទាំងសាកលវិទ្យាល័យសាធារណៈក្នុងស្រុករបស់យើង»

ឯកឧត្តមបានបន្ថែមទៀតថា កិច្ចសហការនេះបង្ហាញពីរបៀបដែលនិយោជិក និងសាកលវិទ្យាល័យអាចធ្វើការរួមគ្នាក្នុងវិធីជាប្រព័ន្ធ ដើម្បីលើកកម្ពស់សមត្ថភាពនិស្សិត និងទស្សនៈវិស័យការងារ ហើយវាជាការជំរុញទឹកចិត្តដល់វិស័យឧស្សាហកម្មដទៃទៀត ក្នុងការធ្វើការជាមួយស្ថាប័នអប់រំ ដែលពាក់ព័ន្ធនានារបស់ពួកគេឱ្យធ្វើការសហការគ្នាដូចនេះផងដែរ។

លោកជំទាវ ជា សិរី បានថ្លែងថា នៅក្នុងការកែលំអការអប់រំ មនុស្សគ្រប់គ្នាគួរតែដើរតួសំខាន់មួយ ជាពិសេសក្នុងវិស័យឧស្សាហកម្ម។ ធនាគារជាតិនៃកម្ពុជា បានធ្វើការជាមួយឧស្សាហកម្មដើម្បីផ្តួចផ្តើម វិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ និងរីករាយដែលបានឃើញឥទ្ធិពលវិជ្ជមានរបស់ IBF ទៅលើប្រព័ន្ធរួមនៃការកសាងសមត្ថភាពខាងធនាគារ នៃនិស្សិតបញ្ចប់ការសិក្សា ទៅជាអ្នកជំនាញធនាគារ រួមគ្នាឆ្ពោះទៅរកសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងបំរើគោលបំណងឆ្ពោះទៅរកការអភិវឧ្ឍសេដ្ឋកិច្ចរបស់ប្រទេស និងការរីកចម្រើនប្រកបដោយចីរភាព។

លោកជំទាវចាត់ទុកថា អនុស្សរណៈយោគយល់នេះផ្តល់ជូននិស្សិត និងសមាជិកមហាវិទ្យាល័យនៃសាកលវិទ្យាល័យ នូវឱកាសដើម្បីអភិវឌ្ឍ បង្កើនជំនាញ ចំណេះដឹង និងបណ្តាញរបស់ពួកគេនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ ក្រៅពីលើកកម្ពស់ការកសាងសមត្ថភាព និងការអប់រំដែលជំរុញដោយឧស្សាហកម្ម កិច្ចសហប្រតិបត្តិការនេះ ក៏នឹងជួយបង្កើនស្ថានភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ តាមរយៈការលើកកម្ពស់វិញ្ញាបនប័ត្រឧស្សាហកម្ម និងនិស្សិតបញ្ចប់ការសិក្សាដែលត្រៀមរួចជាស្រេច ក្នុងវិស័យឧស្សាហកម្ម។ លោកស្រីបន្តថា គោលដៅសំខាន់គឺ និស្សិតបញ្ចប់ការសិក្សានៅកម្ពុជា នឹងប្រកបដោយសមត្ថភាពពាក់ព័ន្ធ ដែលមានគុណភាពសម្រាប់ការងារនាពេលអនាគតរបស់ពួកគេ ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមទាំងមូលរបស់ប្រទេស។

ឯកឧត្តមបណ្ឌិត អ៉ឹន ចាន់នី បានថ្លែងថា ទំនាក់ទំនងស៉ីសង្វាក់គ្នារវាងវិស័យឧស្សាហកម្ម និងស្ថាប័នអត់រំគួរតែមានជាចាំបាច់ ដោយហេតុនេះអង្គភាពទាំងពីរ នឹងទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក និងទទួលបានស្ថានភាពឈ្នះឈ្នះទាំងសងខាង។ តាមរយៈ IBF ទាំង ABC និង CMA អាចអនុវត្តកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាពផ្សេងៗ ដែលផ្តល់អត្ថប្រយោជន៍ដល់ធនាគារិកកម្ពុជារបស់យើង ក្នុងវិស័យឧស្សាហកម្មនេះ។

ឯកឧត្តមបណ្ឌិត លើកឡើងបន្តថា អនុស្សរណៈយោគយល់ថ្ងៃនេះ គឺជានិមិត្តិសញ្ញានៃព្រឹត្តិការណ៍សំខាន់មួយ ដែលយើងអាចទន្ទឹងរងចាំនូវការខិតខំប្រឹងប្រែងបន្ថែម និងបន្តទៅមុខទៀតឥតឈប់ឈរ សម្រាប់គ្រឹះស្ថានឧត្តមសិក្សា ដើម្បីរៀបចំ និងកែលម្អរកម្មវិធីសិក្សាឡើងវិញ ជាពិសេសទាក់ទងនឹងតម្រូវការវិស័យធនាគារ និងធម្មជាតិដែលមានភាពប្រែប្រួលនៃពិភពធុរកិច្ចជំនួញ។

ដោយកត់សម្គាល់ពីភាពជោគជ័យ របស់អតីតនិស្សិតរបស់សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ជាពិសេសពីដេប៉ាតឺម៉ង់ធនាគារ និងហិរញ្ញវត្ថុ លោក អ៊ាង សុផល្លែត ប្រធានកិត្តិយសនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានថ្លែងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាថ្ងៃនេះ រវាងសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន និងវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ គឺជាសក្ខីភាពដ៏ល្អមួយនៃការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ក្នុងការកសាងភាពជាដៃគូរវាងសាកលវិទ្យាល័យ និងវិស័យឧស្សាហកម្ម។

ឯកឧត្តមបានបន្ថែមទៀតថា៖ «ខ្ញុំមានទំនុកចិត្តថា តាមរយៈអនុស្សរណៈនៃការយោគយល់លើការផ្តល់វគ្គសិក្សាអំពីការផ្តល់ប្រាក់កម្ចីជំនួញ និងប្រាក់កម្ចីពាណិជ្ជកម្ម នៅសាកល-វិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន យើងនឹងអាចចូលរួមក្នុងការបណ្តុះបណ្តាលនិស្សិត និងអ្នកជំនាញផ្នែកធនាគារ និងហិរញ្ញវត្ថុ ជំនាន់ក្រោយ ដែលមិនត្រឹមតែអាចបម្រើការងារនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែក៏អាចបម្រើការងារនៅក្នុងស្ថាប័នហិរញ្ញវត្ថុណាមួយនៅក្នុងពិភពលោកផងដែរ»

សូមបញ្ជាក់ថា IBF ត្រូវបានបង្កើតឡើងដោយសមាគមធនាគារនៅកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា។ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ជូននូវការបណ្តុះបណ្តាលស្ដង់ដារអន្តរជាតិ ប៉ុន្តែក៏មានការបណ្តុះបណ្តាលក្នុងស្រុក ដែលមានតម្លែសមរម្យសម្រាប់សមាជិក ABC និង CMA រួមមាន ធនាគារពាណិជ្ជកម្ម ធនាគារឯកទេស និងស្ថាប័នមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា។

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន គឺស្ថិតក្នុងចំណោមសាកលវិទ្យាល័យកំពូលនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូនកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តមសិក្សា ជាមួយនឹងកម្មវិធីសិក្សាដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ដោយមានការប្តេជ្ញាចិត្តខ្ពស់ដើម្បីឧត្តមភាព សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ព្យាយាមកសាងខ្លួនឲ្យក្លាយជាសាកលវិទ្យាល័យឈានមុខគេនៅកម្ពុជា ទាក់ទិននឹងគុណភាពនៃការបង្រៀន ការស្រាវជ្រាវ និងការងារសហគមន៍ ក៏ដូចជាផ្តល់ជូននូវកម្មវិធី ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងបង្កើតធនធានមនុស្សដ៏ល្អប្រសើរ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍន៍ និងភាពចម្រុងចម្រើនដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល៕