កិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង


នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ ១).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២០ ៣).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ ទិសដៅការងារសម្រាប់អនុវត្តបន្តរបស់រដ្ឋបាលខេត្ត។ ៤).ការពិនិត្យ និងអនុម័តលើសេច ក្តីព្រាងប្រតិទិនការងារសម្រាប់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣)ខេត្តស្ទឹងត្រែង ៥).ស្តាប់សេចក្តីរាយការណ៍ និងពិភាក្សាអំពីការអនុវត្តការងារ៖ គណៈកម្មាធិការលទ្ធកម្ម, សត្តឃាតដ្ឋាន និងអំពីការធ្វើប័ណ្ណតូបផ្សារជូនអាជីវករ ផ្សារសាមគ្គីស្ទឹងត្រែង៕