ឯកឧត្តមរដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ដឹកនាំប្រតិភូក្រសួងអប់រំ កាយរឹទ្ធិជាតិកម្ពុជា ជិះកង់អបអរសាទរទិវាសន្តិភាព ពិភពលោកឆ្នាំ២០២០ ក្នុងខេត្តសៀមរាប


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូក្រសួងអប់រំ កាយរឹទ្ធិជាតិកម្ពុជា ជិះកង់អបអរសាទរទិវាសន្តិភាព ពិភពលោកឆ្នាំ២០២០ នៅក្នុងខេត្តសៀមរាប។

ការដឹកនាំប្រតិភូក្រសួងអប់រំ កាយរឹទ្ធិជាតិកម្ពុជា ជិះកង់អបអរសាទរទិវាសន្តិភាព ពិភពលោកឆ្នាំ២០២០ ខាងលើនេះ ក្នុងកម្មវិធីផ្សព្វផ្សាយ អ្នកនាំសារសន្តិភាព ក្រោមមូលបទ «ការកសាងសន្តិភាពជាមួយគ្នា» ដោយមានថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជា ចូលរួមចំនួន១៥០នាក់។

ពិធីនេះ ធ្វើឡើងក្នុងគោលបំណងបំផុសទឹកចិត្ត និងស្មារតីពលរដ្ឋ ក្នុងសហគមន៍ ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីតម្លៃ និងសារសំខាន់ នៃសន្តិភាព ដែលថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាគរុគណនៃកាយរឹទ្ធិជាតិកម្ពុជា ដែលបានយកជីវិតធ្វើជាដើមទុន ទៅប្តូរយកសន្តិភាព មកជូនប្រជាជនកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានថ្លែងថា មានសន្តិភាពទើបធានា ដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យនៃដំណើរការអភិវឌ្ឈន៍ និងភាពរឹងមាំនៃប្រជាធិបតេយ្យ និងជះឥទ្ធិពលត្រឡប់មកវិញ ធានានូវចីរភាពនៃសន្តិភាព។

ឯកឧត្តមរដ្ឋមន្ដ្រីបន្ដថា បើយើងបាត់បង់សន្តិភាព នោះយើងនិងត្រូវបាត់បង់អ្វីៗទាំងអស់។ ផ្លូវទៅមុខនឹងជួបប្រទះឧបសគ្គជាច្រើនទៀត ប៉ុន្តែគ្មានឧបសគ្គណា ដែលអាចមករាំងដំណើររបស់ជាតិយើងបានឡើយ ឲ្យតែយើងរក្សាបាននូវការឯកភាព និងសាមគ្គីភាពជាតិ ប្តេជ្ញាដាច់ខាតការពារសន្តិភាព ដែលយើងសម្រេចបានមកដោយលំបាក ឲ្យនៅស្ថិតស្ថេរ រឹងមាំ គង់វង្សជានិច្ច។

គូសបញ្ជាក់ថា ចលនាកាយរឹទ្ធិជាតិកម្ពុជា បានបង្កើតឡើងវិញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៦ និងបានទទួលស្គាល់ ជាសមាជិកពេញសិទ្ធិអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៨។ បច្ចុប្បន្ន ចលនាកាយរឹទ្ធិជាតិកម្ពុជា ត្រូវបានទទួលស្គាល់កាន់តែ ទូលំទូលាយ ទាំងនៅលើឆាកជាតិ និងឆាកអន្តរជាតិ។ ចលនាកាយរឹទ្ធិជាតិកម្ពុជា មានរចនាសម្ព័ន្ធពីថ្នាក់ជាតិ រហូតដល់មូលដ្ឋាន ហើយមានកំណើនសមាជិកនៅក្នុងស្រទាប់កុមារ-យុវជនគ្រប់មជ្ឈដ្ឋាន ចំនួនជាង ១៥ម៉ឺននាក់នៅទូទាំងប្រទេស។

កំណើនសមាជិកដ៏ច្រើននេះ ស្តែងឡើងតាមរយៈកម្មវិធីផ្សព្វផ្សាយ និងការពង្រីកសមាជិកកាយរឹទ្ធិ ក្នុងស្រទាប់យុវជន ការធ្វើអំពើល្អនៅតាមទីសាធារណៈ និងសកម្មភាព ជួយសហគមន៍ ការពង្រឹងនូវភាពជាអ្នកដឹកនាំ និងការបណ្តុះបណ្តាលជំនាញកាយរឹទ្ធិកម្ម ដល់មេដឹកនាំកាយរឹទ្ធិនៅគ្រប់លំដាប់ថ្នាក់ ពិសេសមេកង ឯកភាព ដែលជាសកលវិទ្យាធិការ នាយក-នាយិកាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេស។

ជាងនេះទៅទៀត សមិទ្ធផលដ៏ធំធេងនេះ គឺកើតចេញពីសក្តានុពល នៃធនធានមនុស្ស និងកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើឲ្យចលនា កាយរឹទ្ធិជាតិកម្ពុជា កាន់តែមានសកម្មភាពល្អប្រសើរ នៅពាសពេញផ្ទៃប្រទេស ព្រមទាំងឆ្លើយតបនឹង «គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជន កម្ពុជា» សំដៅជំរុញចលនាកាយរឹទ្ធិ ឲ្យក្លាយជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាព សម្រាបការងារអប់រំ និងហាត់ពត់លត់ដំ ទាំងគំនិតប្រាជ្ញាស្មារតី ព្រមទាំងកាយសម្បទា របស់យុវជនកម្ពុជា ឲ្យសកម្មខ្លាំងក្លាថែមទៀត៕