ឯកឧត្តម ចាន់ ស៊ីណាត បានដឹកនាំក្រុមការងាររបស់ក្រសួងជាច្រើនរូប ចុះធ្វើការត្រួតពិនិត្យលើស្ថានការទឹកក្នុងប្រព័ន្ធពាក់ព័ន្ធនឹងប្រភពទឹករបស់អាងត្រពាំងថ្ម


នៅថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញទិសខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងាររបស់ក្រសួងជាច្រើនរូប ប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ និងក្រុមទីប្រឹក្សា ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើការត្រួតពិនិត្យលើស្ថានការទឹកក្នុងប្រព័ន្ធពាក់ព័ន្ធនឹងប្រភពទឹករបស់អាងត្រពាំងថ្ម ក្នុងបណ្តាភូមិសាស្រ្តទាំងឡាយ របស់ខេត្តឧត្តរមានជ័យ មាន ដូចតទៅ ៖
១- តំបន់ ០៥
២- តំបន់អាងទំនប់លោក ក្នុងក្រុងសំរោង
៣- តំបន់ទំនប់អាងថ្មី និងទំនប់អាងតាម៉ុក ក្នុងស្រុកអន្លង់វែង
៤- តំបន់ទំនប់អាងស្រែង១ និងតំបន់ប្រឡាយមេសុីហ្វុនទី១ ក្នុងស្រុកចុងកាល
៥- តំបន់ទំនប់អាងអូរស្លូត ក្នុងស្រុកចុងកាល់
៦- តំបន់ស្ទឹងក្រសាំង និងស្ទឹងស្រែង
៧- តំបន់អន្សងនាវបែកវាលដល់តំបន់ណាំតាវ
ការចុះពិនិត្យនេះ គឺមានបំណងរៀបចំរបាយការណ៍ជំនួយស្មារតី និងប្រមូលព័ត៌មានបន្ថែមដើម្បីគាំទ្រដល់របាយការណ៍ដែលបានរៀបចំរួចហើយដោយធនារគារអភិវត្តអាសុី ADB សម្រាប់គម្រោង MFF និងEIB Co-financing។ ការចុះពិនិត្យនេះមានសារៈសំខាន់ណាស់ក្នុងការប្រមូលព័ត៌មានបន្ថែមក្នុងពេលដែលប្រទេសព្រះរាជាណាចក្រកម្ពុជា យើងស្ថិតក្រោមប្រព័ន្ធសម្ពាធទាបជាប់ៗគ្នាពីមួយទៅមួយទៀត ធ្វើឲ្យផ្នែកខាងលើទទួលបានទឹកភ្លៀងលើសពី ២៥០ មម ដែលស្មើរហូតដល់ច្រើនជាង ២៧០០ មម លើសពីកម្រិតធម្មតា។ តែទឹកដ៏ច្រើននេះបានហូរចូលមកក្នុង អាងត្រពាំងថ្មក្នុងបរិមាណដ៏តិច និងយឺតទៅវិញ។
សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសហការណ៍យ៉ាងជិតស្និតជាមួយនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF និងADB បានបង្កើតនូវផែនការមេខាងលើនេះសម្រាប់ធ្វើការផ្គត់ផ្គង់ទឹកឲ្យអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ពីទិសឧត្តរមានជ័យ ដោយធ្វើការកែសម្រួលលើប្រព័ន្ធដែលមានស្រាប់ តែគ្មានប្រសិទ្ធភាព និងធ្វើថ្មី ក្នុងកម្រិតធ្វើទំនើបកម្ម ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។
ថ្ងៃនេះ ធនាគារវិនិយោគរបស់សហគមន៍អុឺរ៉ុប EIB បានធ្វើការគោរពជូនព័ត៌មានដល់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួចហើយ លើការបានសម្រេចរួចហើយរបស់ក្រុមប្រឹក្សាភិបាលរបស់ធនាគារខាងលើនេះ។ ក្រសួង MEF កំពុងអនុវត្តនិតិវិធីបន្តដោយប្រើពេលមិនយូរ ៕