សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា៣០០លានរៀល ដល់សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សម្រាប់ទិញស្បៀងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្តល់ថវិកាកាកបាទក្រហមកម្ពុជា ជូនដល់សាខាកាកបាទក្រហមប្រចាំខេត្តចំនួន៣គឺ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ក្នុងមួយខេត្តៗចំនួន១០០លានរៀល ដើម្បីទិញស្បៀងជួយដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នេះបើការបញ្ជាក់របស់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។

លោកជំទាវ ម៉ែន នារីសោភ័គ បានបន្ថែមថា ស្បៀងដែលត្រូវទិញជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់មាន អង្ករ មី ត្រីខ និង ទឹកស៊ីអ៊ីវ និងចាត់មន្រ្តីពីទីស្នាក់ការកណ្តាលកាកបាទក្រហមនៅរាជធានីភ្នំពេញ ចុះធ្វើការជាមួយមន្រ្តីកាកបាទក្រហមកម្ពុជាប្រចាំខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដោយឡែកសម្រាប់ខេត្តបាត់ដំបង ប្រគល់ភារកិច្ចជូនឯកឧត្តម ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមប្រចាំខេត្ត ដើម្បីចែកអំណោយជូនប្រជាពលរដ្ឋតែម្តង។

សូមជំរាបថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង៕