ទោះកណ្តាលរាត្រីអភិបាលរាជធានីភ្នំពេញ ចុះជួយប្រជាពលរដ្ឋជាង៥០០គ្រួសារ ក្នុងសង្កាត់ចំនួន៤ នៅខណ្ឌដង្កោ ទទួលរងប៉ះពាល់ដោយសារទឹកជំនន់ ហូរចេញពីដងស្ទឹងព្រែកត្នោត


ទោះស្ថិតនៅកណ្តាលរាត្រីក៏ដោយ ក៏អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បាននឹងកំពុងដឹកនាំបញ្ជាផ្ទាល់ និងរៀបចំផែនការជម្លៀសប្រជាពលរដ្ឋចេញពីកន្លែងលិច តាមដងស្ទឹងព្រែកត្នោត នាយប់កណ្តាលអាធាត្រថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ។

នៅក្នុងឱកាសចុះពិនិត្យផ្ទាល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ប្រជាពលរដ្ឋជាង៥០០គ្រួសារ ក្នុងសង្កាត់ចំនួន៤ នៅខណ្ឌដង្កោ បានទទួលរងប៉ះពាល់ដោយសារទឹកជំនន់ ហូរចេញពីដងស្ទឹងព្រែកត្នោត តាមបណ្តោយផ្លូវលេខ២០អា ដែលស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ទោះបីយ៉ាងណា អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅពេលនេះរាជធានីភ្នំពេញ រួមនឹងកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានត្រៀមកម្លាំងជាស្រេចដើម្បីជួយសង្រ្គោះ ប្រជាពលរដ្ឋ ក្នុងមានអូប័រ ២០-៣០គ្រឿង ព្រមទាំងរថយន្តធុនធំសម្រាប់ដឹកនាំជញ្ជូនសម្ភារៈ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។