លោកជំទាវកិត្តិសង្គហបណ្ឌិត៖ ប្រជាពលរដ្ឋជាង៦០០គ្រួសារ នៅក្នុងខណ្ឌដង្កោ កំពុងរងការគំរាមកំហែងដោយគ្រោះទឹកជំនន់ បានទទួលអំណោយមនុស្សធម៌


(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយរាជធានីភ្នំពេញ បានជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ជាង ៦០០គ្រួសារ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

ឆ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានពាំនាំនូវការផ្តាំផ្ញើរសួរខុសទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចទាំងទ្វេរបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងដោយក្តីនឹករលឹក។

ការចុះជួបសំណេះសំណាលនេះ គឺអនុវត្តតាមអានុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន «ស្គាល់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងទុក្ខលំបាក» និងបានជួបជាមួយប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹក ភ្លៀងដោយផ្ទាល់ ក្រោមកិច្ចសហការពីអាជ្ញាធររដ្ឋបាលសាលារាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៅក្នុងខណ្ឌដង្កោ។

លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើរដល់អង្គពិធីមានដូចតទៅ៖

* ទី១៖ ប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាអនាម័យ និងការរស់នៅឲ្យបានល្អជៀសវាងនូវជម្ងឺដង្កាត់ផ្សេងៗ ជាពិសេស ត្រូវចេះការពារនូវបញ្ហាជំងឺកូវីដ ១៩ ដែលពិភពលោកកំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំង។
* ទី២៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងរដ្ឋបាលខណ្ឌដង្កោ ត្រូវយកចិត្តទុក្ខដាក់ក្នុងការជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព ក្នុងខណៈពេលដែលតំបន់នេះកំពុងរងការគំរាមកំហែងដោយទឹកជំនន់។

ក្នុងមួយគ្រួសារ ទទួលបាន នំប៉័ង១ដើម អង្ករ ១៥គីឡូក្រាម ទឹកដោះគោ ៥កំប៉ុង ត្រីខ ១យួរ ទឹកសុទ្ធ ១កេស មី ១កេស និងថវិកា ១៥ម៉ឺនរៀល៕