សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាកិត្តិយស ក្នុងពិធីក្រុងពាលី សូត្រមន្ត និងសម្ដែងធម៌ទេសនាក្នុងអង្គកឋិនទានសាមគ្គី នៅវត្តទួលសុវណ្ណារាម ហៅ វត្តទួលសង្កែ ដែលអមដំណើរដោយ ឯកឧត្តម ហោ ណាំហុង និងលោកជំទាវ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ អានី សុខអាន រួមជាមួយសហការីព្រមទាំងក្រុមគ្រួសារ លោក លោកស្រីជាថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀល ថ្ងៃសៅរ៍ ១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ។
១. អ្នកទទួលៈ ត្រូវតែជាភិក្ខុសង្ឃ ដែលបានគង់ចាំវស្សាដោយចប់សព្វគ្រប់រយៈពេលបី ខែ ហើយក៏ត្រូវតែជាការចូលបឋមវស្សាហើយត្រូវតែគ្មានជម្លោះធំដុំកើតឡើងក្នុងចំណោមភិក្ខុ សង្ឃក្នុងអារាមនោះ ។ ក្នុងព្រះវិន័យបានកំណត់ច្បាស់ថា សាមណេរគ្មានសិទ្ធិទទួលកឋិន បានទេ គឺបានតែភិក្ខុ ហើយបើភិក្ខុនោះមិនបានចូលវស្សា ឬ បានចូលវស្សាដែរប៉ុន្តែបានធ្វើ ដាច់វស្សា ក៏មិនអាចទទួលកឋិនបានដែរ ។ ហើយបើទោះជាមិនដាច់វស្សាប៉ុន្តែភិក្ខុទាំងនោះ មានជម្លោះឈ្លោះទាស់ទែងគ្នា ក៏មិនអាចទទួលកឋិនបានដែរ ។
២. វត្ថុៈ កឋិនជាប្រភេទចីវរទាន ហេតុនេះ វត្ថុដែលប្រើប្រាស់ដែលជាតួអង្គកឋិន មានតែ ស្បង់ ចីពរ ឬ សង្ឃាដី (ទីទៃពីនេះទៅហៅថាបរិវាកឋិន ឬ អានិសង្សលាភហើយគេអាចនាំសម្ភារ នានាទៅរួមក្នុងកឋិននេះបានតាមប្រាថ្នា ) ។ ប៉ុន្តែសំពត់ដែលអាចប្រើប្រាស់ជាសំពត់កឋិន បានលុះណាតែធ្វើត្រឹមត្រូវតាមខ្នាតដែលបានកំណត់ដោយវិន័យ ។
៣. ពេលវេលាៈ ក្នុងមួយឆ្នាំ រយៈពេលដែលអាចធ្វើ កឋិន បានមានតែ ២៩ ថ្ងៃប៉ុណ្ណោះ គឺចាប់ពី ០១ រោច ខែ អស្សុជ ដល់ថ្ងៃ ១៥ កើត ខែ កត្តិក ដែលឆ្នាំ ២០២០ នេះ ត្រូវនឹងថ្ងៃទី ០៣ ដល់ថ្ងៃទី ៣១ ខែ តុលា ហៅថាកឋិនកាល ។ ទីទៃពីរយៈពេលនេះទៅ មិនហៅថាកឋិនឡើយ ។ មួយ សោត ក្នុងវត្តមួយ អាចធ្វើកឋិនបានតែម្តងប៉ុណ្ណោះ ។ ទោះយ៉ាងណា នៅក្នុងថ្ងៃមួយនោះ ទោះមានអ្នក កឋិន ចូលប៉ុន្មានអ្នក ប៉ុន្មានត្រៃ ក៏ធ្វើបានតាមប្រាថ្នា ៕