ឱសថការីចំនួន ៥២នាក់ បានចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលសមត្ថភាពមួយ នៅមជ្ឈមណ្ឌលជាតិពិសោធន៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៦ ដោយមានការចូលរួមពីរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សុខ ផេង ។
កម្ពុជាកំពុងស្ថិតក្នុងការជម្រុញវិស័យកែទម្រង់ក្រសួងសុខាភិបាល និងការជម្រុញបណ្តុះបណ្តាលសមត្ថភាពមន្ត្រីជំនាញ ស្របពេលដែលកម្ពុជា និងប្រទេសទាំង៩ នៅអាស៊ាន ទើបធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយគ្នា ។ កម្ពុជាបច្ចុប្បន្ន មានមន្ទីរពិសោធន៍ដែលមានការបំពាក់ឧបករណ៍ទំនើបៗផងដែរ ប៉ុន្តែ នៅមិនទាន់មានការទទួលស្គាល់ជាអន្តរជាតិ នូវការប្រើប្រាស់ជាលក្ខណៈអន្តរជាតិនៅឡើយទេ ដែលប្រការនេះគឺ តម្រូវអោយក្រសួងសុខាភិបាល ត្រូវធ្វើការហ្វឹកហ្វឺនជំនាញអនុវត្ត ដល់មន្ត្រីក្រោមបង្គាប់ក្នុងមន្ទីរពិសោធន៍កម្ពុជា ដើម្បីរកការទទួលស្គាល់ពីអន្តរជាតិ ។
ឯកឧត្តមរដ្ឋលេខាធិការ សុខ ផេង បានមានប្រសាសន៍ថា សិក្ខាសាលាក្រោមប្រធានបទ «ការអនុវត្តន៍ល្អក្នុងការត្រួតពិនិត្យគុណភាពឱសថក្នុងមន្ទីរពិសោធ Good Laboratory Practice » គឺមានសារៈសំខាន់ណាស់ដើម្បីអោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល មានការទទួលស្គាល់ជាអន្តរជាតិ និងឈានទៅទទួលបានវិញ្ញាបនប័ត្រ ISO International Standard Organization ។
គ្រូពេទ្យជំនាញអាម៉េរិក័ងម្នាក់ឈ្មោះ យ៉ាំងហ្គា ឌីហ្ចេបា បានជួយបណ្តុះបណ្តាលសិក្ខាកាមកម្ពុជា ក្នុងរយៈពេល ៥ថ្ងៃ ដើម្បីអោយយល់ដឹងពីការអនុវត្តន៍ ក្នុងមន្ទីរពិសោធន៍ដើម្បីការទទួលស្គាល់ពីអន្តរជាតិ ។ កម្ពុជា កន្លងមក មានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ អំពីករណីកើតឡើងទាក់ទងនឹងការពុល… ឬការរកតាមដាននានា នូវវិរុសណាមួយ ក្នុងមន្ទីរពិសោធន៍ ដើម្បីស្វែងរកលទ្ធផល ប៉ុន្តែដោយសារមន្ទីរពិសោធន៍របស់កម្ពុជា មិនទាន់បានទទួលវិញ្ញាបនប័ត្រ ISO International Standard Organization ទើបបណ្តាលអោយជួបប្រទះភាពយឺតយ៉ាវ ក្នុងការបញ្ចេញលទ្ធផល ដោយសារត្រូវយកទៅធ្វើតេស្ត ក្នុងមន្ទីរពិសោធន៍នៅក្រៅប្រទេស ដែលទទួលស្គាល់ដោយអន្តរជាតិជាមុនសិន ។