គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបូកសរុបលទ្ធផលអនុវត្តប្រចាំឆ្នាំ និងរកឃើញថា រយៈពេល ១ខែ នៃមករា កន្លងមកនេះ ចំនួនមនុស្សរងគ្រោះដោយសារចរាចរណ៍ បានកើនឡើងគួរអោយព្រួយបារម្ភ ។
សេចក្តីរាយការណ៍បញ្ជាក់ថា មានមនុស្សស្លាប់ចំនួន ១៨២នាក់ ក្នុងខែមករាកន្លងមកនេះ ដែលស្មើនឹងស្លាប់ប្រមាណ ៦នាក់ ក្នុងមួយថ្ងៃ… ចំណែកអ្នករងរបួសមាន ៩៥១នាក់ ដែលស្មើនឹងជាង ៣០នាក់ ក្នុងមួយថ្ងៃផងដែរ ។ កិច្ចប្រជុំបូកសរុបរបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើនៅថ្ងៃទី១ ខែកុម្ភៈ ដោយមានការចូលរួមពី សម្តេចក្រឡាហោម ស ខេង ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ។
សម្តេចក្រឡាហោម បានប្រសាសន៍ចាប់អារម្មណ៍ ពីកត្តានានាដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះ គ្រោះថ្នាក់ដោយសារការបំពានល្បឿនគឺមានជាង ៤០ភាគរយ ទៅហើយ ។ សម្តេចបានលើកពីមធ្យោបាយនៃវិធីទប់ទល់ ដោយការទិញឧបករណ៍ថ្មីម្យ៉ាង ដើម្បីចាប់ល្បឿន និងរូបអ្នកបើកបរ ។ សម្តេចក្រឡាហោម បានមានប្រសាសន៍ជម្រុញ ការណែនាំបន្តអប់រំច្បាប់បន្ថែមទៀត ដើម្បីអោយអ្នកបើកបរយានយន្ត មានការចូលរួមការគោរពច្បាប់កាន់តែខ្លាំងឡើង ។
កម្ពុជាកំពុងស្ថិតក្នុងដំណើរការនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលទិសដៅគឺការកាត់បន្ថយជីវិតមនុស្ស ដែលរងគ្រោះថ្នាក់ស្លាប់ និងរបួសដោយសារកត្តាចរាចរណ៍… ប៉ុន្តែការអនុវត្តន៍ក្នុងខែមករាកន្លងមកនេះ លទ្ធផលនៃការអនុវត្តន៍ នៅមិនទាន់បានស្ថិតក្នុងគោលដៅដែលបានដាក់ចេញមកនោះទេ ។ កិច្ចប្រជុំបូកសរុបបានលើកអំពីកត្តាវិជ្ជមានថា មានប្រជាពលរដ្ឋដល់ទៅជាង ៧៨ភាគរយ ដែលបានយល់ដឹង និងចូលរួមការគោរពច្បាប់ និងចំណុចអវិជ្ជមានវិញ បានលើកទទួលស្គាល់ថា គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅតែបន្តកើតមាន ។
ក្នុងកិច្ចប្រជុំនៅថ្ងៃនេះផងដែរ ក្នុងការប្តេជ្ញាចិត្តបន្តការអនុវត្តន៍គម្រោងកាត់បន្ថយគ្រោះថ្នាក់ស្លាប់ និងរងរបួសដោយចរាចរណ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារចំនួន ៧ក្រុមថែមទៀត ។ ក្រុមទាំង៧ គឺរួមមានក្រុមការងារត្រួតពិនិត្យ សាលាបង្រៀនបើកបររថយន្ត…ក្រុមត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត និងយានដ្ឋានកែច្នៃតម្លើងយានយន្ត… ក្រុមផ្សព្វផ្សាយអប់រំអ្នកបើកបររថយន្តដឹកកម្មករ អ្នកដំណើរនិងទំនិញ… ក្រុមការងារត្រូតពិនិត្យល្បឿន និងការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង… ក្រុមល្បាតចល័តត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោក… ក្រុមការងារគ្រប់គ្រងទិន្ន័យយានយន្ត… ប័ណ្ណបើកបរ និងគ្រោះថ្នាក់ចរាចរណ៍… និងក្រុមការងារសង្គ្រោះជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ។