រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាប្រធានមុខព្រួញ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តពាយ័ព្យ


នៅថ្ងៃចន្ទ ៣កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាប្រធានមុខព្រួញ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តពាយ័ព្យ ដែលតំបន់ទំនាបខ្លះបានលិចលង់ និងតំបន់ខ្លះកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារបានទទួលបរិមាណទឹកភ្លៀងធ្លាក់យ៉ាងច្រើនលើសលប់ ជាមួយនិងលំហូរទឹកពីផ្នែកខាងលើពីភាគីថៃបន្ថែម ហើយពេលនេះកំពុងស្ថិតនៅជ្រលងវិសម្ពាធទាបនឹងមានភ្លៀងធ្លាក់បន្តទៀតរហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។
នៅក្នុងដំណើរបេសកកម្ម ពិនិត្យ និងអន្តរាគមន៍ដោះស្រាយជំនន់ទឹកភ្លៀងនៅបណ្តាខេត្តតំបន់ខាងលើ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា ក្រសួងបានចាត់បញ្ជាតាមដានជាប់ជាប្រចាំ ដោយបើករាល់បណ្តាទ្វារទឹកផ្នែកខាងលើ សម្រាប់សម្រួលចរន្តទឹកហូរចុះទៅក្នុងបឹងទន្លេសាប ដើម្បីបញ្ជៀស និងបន្ថយការលិចលង់ តាំងពី០៣ថ្ងៃមុនរួចស្រេច ជាក់ស្តែងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាផ្ទាល់ឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ប្រើគ្រឿងចក្រកាត់តួរទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ដោយផ្តាច់ទំនប់ប្រវែង ២០ម៉ែត្រ ដើម្បីកាត់បន្ថយបិរមាណទឹកហូរខ្លាំង កុំឲ្យបានប៉ះពាល់ និងលិចលង់ដល់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្បែរទំនប់នោះ ។
ជាពិសេសចំពោះការចុះតាមដានស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារក្រសួង រួមជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី សេរី កុសល បានចុះពិនិត្យផ្ទាល់នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ដែលមានបរិមាណទឹកយ៉ាងច្រើនក្នុងអាងប្រហែល ១៦០លានម៉ែត្រគូប (កម្រិតរក្សារទឹកអតិបរមា ១៨០លានម៉ែត្រគូប) ដោយទទួលប្រភពទឹកមួយភាគធំពីច្រកគោករមៀត (អូរកំបុត) និងមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់នាពេលកន្លងមក ពេលនេះក្រុមការងារក្រសួងកំពុងបន្តបើកទ្វារទឹកទាំងអស់ រំដោះទឹកឲ្យហូរចុះទៅបឹងទន្លេសាប តាមប្រឡាយមេធំៗចំនួន ០៣ ខ្សែ ។
ចំពោះស្ថានភាពប្រឈមជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួងជាប្រធានមុខព្រួញ និងប្រធានមន្ទីរធទឧតាមបណ្តាខេត្តពាយ័ព្យ បានបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត និងកំពុងអន្តរាគមន៍យ៉ាងសស្រាក់សស្រាំថែមទាំងបានចល័តគ្រឿងចក្រធុនធ្ងន់ សម្ភារ: មកដល់គោលដៅជាច្រើនថ្ងៃហើយ ដើម្បីការពារ និងបន្ថយផលប៉ះពាល់ឲ្យបានជាអតិបរិមាដល់លំនៅដ្ឋាន
ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទៃដីដាំដុះរបស់បងប្អូនប្រជាពលរដ្ឋ ជាមួយគ្នានេះដែរ ក៏បានត្រៀមលក្ខណ:ជាមុន ចំពោះការទប់រក្សាទឹកទុកក្នុងអាងពេលទឹកជំនន់ចាប់ផ្តើមស្រកទៅវិញ សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងការងារបង្កបង្កើនផលនាពេលខាងមុខ ៕