ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទឹកភ្លៀងចំនួន ៦៥០ គ្រួសារ ស្ថិតនៅភូមិអូតាគី ឃុំអូតាគី ទទួលបានសង្រ្គោះបន្ទាន់ពីអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម


បាត់ដំបង៖ ប្រជាពលរដ្ឋដែលទទួលរងគ្រោះទឹកជំនន់ទឹកភ្លៀងចំនួន ៦៥០ គ្រួសារ ស្ថិតនៅភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានទទួលជំនួយសង្រ្គោះបន្ទាន់ពី ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងលោកជំទាវ សួរ សុខគីម, ឯកឧត្តមបណ្ឌិតឧកញ៉ា ភួ ពុយ តំណាងរាស្ត្រមណ្ឌលខេត្តបាត់តំបង , លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយសមាជិកសហព័ន្ធ និងសហការី ។
មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀង ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលសម្តែងការសោកសា្តយជាមួយបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះនូវទឹកជំនន់នេះដែលធ្វើអោយប៉ះពាល់ដល់ផលដំណាំរបរផ្សេងៗ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បាន បញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ខេត្តពិសេស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងយុវជនជនស្មគ្រ័ចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត តែងតែយកចិត្តទុកជាមួយ ជួយជំលៀសបងប្អូនប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្តិភាព។
ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍លើកឡើងបន្តថា កត្តាបំរែបំរួលអាកាសធាតុ គឺបាននិងបំពុងធ្វើអោយ អាកាសធាតុមិនទៀង ហើយគ្រោះធម្មជាតិ មិនមែនកើតមានតែក្នុងប្រទេសយើងនោះទេ ពោលគឺកើតមានឡើងនៅប្រទេសជាច្រើននៅលើពិភពលោក ក៏កំពុងជួបប្រទះដែរ ហើយពេលខ្លះមានគ្រោះទឹកជំនន់ផង និងភ្លើងឆេះព្រៃផងដែរ។ ឯកឧត្តម កៅ ថាច ក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋ គឺត្រូវចូលរួមជាមួយនិងអាជ្ញាធរ ដែនដី រួមគ្នា ជំនៈការ លំបាកនេះ ព្រោះថាប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺតែងតែរួមគ្នាដោះស្រាយបញ្ហាចំពោះមុខបងប្អូនប្រជាពលរដ្ឋជានិច្ចនៅគ្រប់ពេល និងគ្រប់កាលៈទេសៈ។ ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាដល់បងប្អូនដែលរងគ្រោះទឹកជំនន់ទឹកភ្លៀងត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតទៅលើសុខភាពការរស់នៅ ហូបចុក ត្រូវមានអនាម័យ ពិសេសគឺកុមារតូចៗ មិនត្រូវបណ្តោយអោយពួកគាត់លេងទឹក នៅតំបន់គ្រោះថ្នាក់ទឹកហូរខ្លាំងឬជ្រៅនោះទេ។
សូមបញ្ជាក់ថា អំណោយមួយចំនួនដែលបានយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះទឹកជំនន់ទឹកភ្លៀងចំនួន ៦៥០ គ្រួសារ ស្ថិតនៅភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង រួមមាន អង្ករ មី ទឹកស៊ីអីវ ត្រីខកំប៉ុង រួមជាមួយថវិកា ។
សម្ភាសន៍ ប្រជាពលរដ្ឋ
សូមជម្រាបថា ខេត្តបាត់ដំបងជាខេត្តមួយ ក្នុងចំណោមរាជធានី-ខេត្ត១៩ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់១៩រាជធានី-ខេត្ត ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ។
ទឹកជំនន់នេះ បានប៉ះពាល់ប្រជាពលរដ្ឋជាង ៦ម៉ឺនគ្រួសារ ហើយពលរដ្ឋជិត៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព៕