ប្រធានរដ្ឋសភាកូរ៉េខាងត្បូង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើមខែក្រោយនេះ


ឯកឧត្តម ផាក ប្យ៉ុង សក (Park Byeong-seug) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅដើមខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ាក់ ហឿងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ។

ការបញ្ជាក់របស់ ឯកឧត្តមអគ្គរដ្ឋទូត បានធ្វើឡើងនៅពេលដែលឯកឧត្តមចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ាក់ ហឿងឃ្យុង បានជម្រាបជូនសម្តេចពីសំណើដំណើរទស្សនកិច្ចរបស់ លោកប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា នាដើមខែវិច្ឆិកា ខាងមុខនេះ ក្នុងការពង្រឹងពង្រីក និងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់រឹងមាំឡើង។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជា ហើយរដ្ឋសភាកម្ពុជាត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឱ្យបានល្អ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរនាពេលកន្លងមក ដែលបាននាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជនទាំងសងខាង និងបានស្វាគមន៍ចំពោះបេសកកម្មរបស់ លោក ប៉ាក់ ហឿងឃ្យុង នៅកម្ពុជា។

សម្តេចបានលើកឡើងថា សាធារណរដ្ឋកូរ៉េ បាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ដូចជាហេដ្ឋារចនា សម្ព័ន្ធ សុខាភិបាល និងអភិវឌ្ឍន៍ជនបទជាដើម។ សម្តេចបានស្នើសុំសាធារណរដ្ឋកូរ៉េបន្ថែមចំនួនកូតាពលរដ្ឋខែ្មរ ទៅធ្វើការងារនៅកូរ៉េទៀត។

ឯកឧត្តម ប៉ាក់ ហឿងឃ្យុង បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានជម្រាបសម្តេច អំពីការរីកចម្រើនខាងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ នៅក្នុងរយៈពេលចុងក្រោយនេះ មានការរីកចម្រើនខ្លំាងគួរឲ្យកកត់សម្គាល់។ ទំហំពាណិជ្ចកម្មកម្ពុជា-កូរ៉េនៅឆ្នាំ២០១៩ បានកើនដល់ ១ពាន់លានដុល្លារ ហើយទុនវិនិយោគកូរ៉េ នៅកម្ពុជា មានជាង៥ពាន់លានដុល្លារ ដែលនាំកូរ៉េ ក្លាយជាប្រទេសទី២ក្នុងការវិនិយោគនៅកម្ពុជា។ ចំណែកពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ មានប្រមាណ៤ម៉ឺននាក់។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចប្រធានរដ្ឋសភាថា នៅឆ្នាំខាងមុខសាធារណរដ្ឋកូរ៉េ នឹងផ្តល់ជំនួយដល់កម្ពុជាបន្ថែម ខាងផ្នែកដោះមីន ហើយនិមិត្តរូបនៃទំនាក់ទំនងប្រទេសទំាងពីរមួយ អាចលេចជារូបរាងដែរ គឺជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េ ឆ្លងកាត់ទន្លេមេគង្គនោះ៕