ឯកឧត្តម ឯម ច័ន្ទមករា ៖ ចាត់ទុកការបង្កើនការផ្សព្វផ្សាយព័ត៌មាន ឬប្រព័ន្ធស្វែងរកការងារឱ្យបានទូលំទូលាយដល់ជនមានពិការភាពគឺជាកិច្ចសំខាន់


ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាត់ទុកការបង្កើនការផ្សព្វផ្សាយព័ត៌មាន ឬប្រព័ន្ធស្វែងរកការងារឱ្យបានទូលំទូលាយដល់ជនមានពិការភាពគឺជាកិច្ចសំខាន់ ហើយការបង្កើនការយល់ដឹងអំពីបទដ្ឋានគតិយុត្តពាក់ព័ន្ធការកំណត់អត្រានិងបែបបទជ្រើសរើសជនមានពិការភាពចូលបម្រើការងារជាមួយអ្នកជាប់កាតព្វកិច្ចត្រូវតែបន្តសកម្មភាពឱ្យកាន់តែមានភាពសកម្ម។ ការលើកឡើងរបស់រដ្ឋលេខាធិការ បែបនេះក្នុងគឺនៅក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ”ឱកាសសេដ្ឋកិច្ចសម្រាប់ជនមានពិការភាព” នៅសណ្ឋាគារកាំបូឌីយ៉ាណា។
ក្នុងការថ្លែងបិទសិក្ខាសាលា នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានរំលឹកពីកាតព្វកិច្ចអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីពិការភាព ២០១៩-២០២៣ របស់កន្លងមករាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូយ៉ាងល្អិតល្អន់អំពីការដោះស្រាយជូនជនមានពិការភាពដើម្បី បង្កើនការងារនិងសន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្រប និងការពង្រីងពង្រីកអាជីពនិងមុខរបរដើម្បីបង្កើនជីវភាពរស់នៅបានសមរម្យ ជូនជនមាន ពិការភាព។
ឯកឧត្តម ឯម ច័ន្ទមករា បានបន្តថា ដៃគូពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងយន្តការសម្របសម្រួលដោះស្រាយពាក្យបណ្តឹង ទប់ស្កាត់ដល់ការរើសអើងជនមានពិការភាព ចូលបម្រើការងារ បន្តការងារ ដើម្បីធានាឱកាស ប្រាក់កម្រៃ លក្ខខណ្ឌការងារ សុវត្ថិភាព និងផាសុកភាពស្មើគ្នា រួមទាំងកិច្ចការពារពីការយាយីនិងការសងជំងឺចិត្តដល់មន្ត្រី ឬនិយោជិតដែលមានពិការភាព។
នាយកដ្ឋានសុខមាលភាពជនពិការនៃក្រសួងសង្គមកិច្ច គួរលើកទឹកចិត្តតាមគ្រប់មធ្យោបាយដល់និយោជកគំរូដែលជ្រើសរើសជនមានពិការភាពបានគ្រប់ឬលើសអត្រាកំណត់របស់រដ្ឋ។ “នេះគឺជាការស្នើរបស់ រដ្ឋលេខាធិការ ឯម ច័ន្ទមករា”
“ខ្ញុំសូមឱ្យមានការគិតវិភាគប្រភេទអាជីវកម្មនិងមុខរបរដែលសមស្របសម្រាប់ជនមានពិការភាព និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារដើម្បីធានានិរន្តភាពមុខរបរនិងអាជីវកម្ម” ហើយ ”បង្កើនការយល់ ដឹងអំពីឱកាសក្លាយជាសហគ្រិនភាព ក្នុងការបង្កើតសារជីវកម្មនិងការចាប់ផ្តើម ធ្វើធុរកិច្ចដោយខ្លួនឯង”។ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ឯម ច័ន្ទមករា ស្នើដល់ដៃគូពាក់ព័ន្ធ!
ឯកឧត្តម ឯម ច័ន្ទមករា បានបង្ហាញការចាប់អារម្មណ៍ថា សមាគមន៍ឬអង្គការជនមានពិការភាព ហាក់បាត់បង់ឱកាសដើម្បីរៀបចំគម្រោងស្នើសុំជំនួយពីដៃគូអភិវឌ្ឍប្រការនេះ អាចមកពីការសមត្ថភាពរបស់ពួកគាត់នៅមានកម្រិត ទាមទារ លើកកម្ពស់សមត្ថភាពជំនាញគ្រប់គ្រង និងហិរញ្ញវត្ថុដល់ជនមានពិការភាពដើម្បីធានានិរន្តរភាព ការប្រកបមុខរបរ។ ក្នុងន័យនេះ ការផ្តល់ជំនាញសហគ្រិនភាពដល់ជនមានពិការភាពនិងក្រុមគ្រួសារក្រីក្រ ដែលមានជនពិការភាព ក្នុងបន្ទុកដើម្បីបង្កើត ពង្រឹង និងពង្រីកមុខរបរសមស្របគឺជាករណីសំខាន់។
រដ្ឋលេខាធិការ ឯម ច័ន្ទមករា បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាថាជនមានពិការភាពជាកម្មវត្ថុអាទិភាពក្នុងការធ្វើអន្តរាគម និងសូមជួយកំណត់អត្តសញ្ញាណ ផែនទីស្នាក់នៅរបស់ជនមានពិការភាព ដើម្បីធានាថារាល់ព័ត៌មាន អំពីគ្រោះហានិភ័យត្រូវបានដឹងមុននិងត្រូវបានសង្រ្គោះប្រកបដោយសុវត្ថិភាព។
ឯកឧត្តម ឯម ច័ន្ទមករា ក៏បានស្នើដល់មូលនិធិជនពិការ និងនាយកដ្ឋានសុខមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច ពិនិត្យលទ្ធភាពផ្តល់ជំនួយមនុស្សធម៌ សង្គ្រោះបឋម និង សេវាបន្ទាន់ដល់ក្រុមកំពុងរងគ្រោះដោយគ្រោះមហន្តរាយប្រកបដោយបរិយាបន្ន៕