ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា នឹងដឹកនាំកិច្ចប្រជុំធំៗចំនួន៣ ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយ តាមប្រព័ន្ធវីដេអូ នៅថ្ងៃស្អែក


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ឲ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងដឹកនាំកិច្ចប្រជុំធំៗចំនួន៣ ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយ តាមប្រព័ន្ធវីដេអូ គឺ

១៖ កិច្ចប្រជុំលើកទី៤២ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន

២៖ កិច្ចប្រជុំលើកទី២០ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន និងប្រទេសបូក៣ (ចិន កូរ៉េ ជប៉ុន)

៣៖ កិច្ចប្រជុំលើកទី៦ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា។

ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើនៃបណ្តាប្រទេសអាស៊ាន ប្រទេសបូក៣ (ចិន កូរ៉េ ជប៉ុន) និងប្រទេសឥណ្ឌា នឹងអនុម័តលើឯកសារមួយចំនួន ដើម្បីអនុវត្តក្នុងគោលដៅលើកកំពស់ប្រព័ន្ធសិវត្ថភាពចំណីអាហារ ជំរុញពាណិជ្ជកម្មលើផលិតផលកសិកម្ម ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវិដ១៩ជាដើម។

ចំពោះលទ្ធផលនៃកិច្ចប្រជុំទាំង៣នេះ ក្រសួងនឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនូវសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំនីមួយៗនៅពេលក្រោយ៕